កម្លាំងយោធា​រុស្ស៊ី​កំពុង​ត្រៀម​សេនា​រី​យ៉ូ​ដ៏​អាក្រក់ ខណៈដែល​លោក​ដូ ណា​ល ត្រាំ​ពិចារណា​ដកខ្លួន​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
501
​កងកម្លាំង​យោធា​រុស្ស៊ី​នឹង​ចាត់វិធានការ ដោយ​នឹងធ្វើ​ការឆ្លើយតប​ទៅនឹង​ការដែល​សហរដ្ឋអាមេរិក អាច​នឹងដាក់​ពង្រាយ​គ្រាប់​មី​ស៊ី​ល​នៅ​តំបន់​អ៊ឺរ៉ុប ខណៈដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានគ​ម្រាម​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ ដែល​បាន​ចុះហត្ថលេខា​កាលសម័យ​សង្គ្រាមត្រជាក់​មក​។​ ​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Ryabkov បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​របស់លោក នៅតែមាន​មន្ទិល​អំពី​សេចក្តីថ្លែងការណ៍​ពី​ប្រទេស​អ៊ឺរ៉ុប ដែល​បាន​និយាយថា អាវុធ​នុយក្លេអ៊ែរ​នឹងមិន​ត្រូវ​បានដាក់​តម្លើង​ក៏ដោយ​។ លោក​បាន​និយាយថា ជា​លទ្ធផល​កងកម្លាំង​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​។​ ​លោក Ryabkov បាន​និយាយថា «​យើង​បានឮ​អំពី​ការបដិសេធ ប៉ុន្តែ​មិនបាន​ឭ​អី​ផ្សេងទៀត​ទេ​»​។ «​គម្រោង​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​អស់​រយៈពេល​ជាច្រើនលើក​ច្រើនសារ​មក​ហើយ យើង​មិន​ចង់​ឲ្យ​មានការ​ខកចិត្ត​ម្តងទៀត​នោះទេ ជាមួយ​សម​ភាគី​របស់​យើង ហេតុដូច្នេះ​ហើយ​ទើប​យើង​កំពុងតែ​ត្រៀម​សេនា​រី​យូ​ចំពោះ​ករណី​ដ៏​អាក្រក់​នេះ នៅក្នុង​ផែនការ​យោធា​»​។​ ​កាលពី​ខែតុលា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ត្រាំ​បានប្រកាស​អំពី​ការដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ ដែល​អាមេរិក​បាន​ចុះហត្ថលេខា​ជាមួយ​សហភាពសូវៀត នៅ​ឆ្នាំ ១៩៨៧​។​ ​សម្ព័ន្ធមិត្ត​អ៊ឺរ៉ុប មាន​អាល្លឺម៉ង់ និង​បារាំង​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​អំពី​គម្រោង​នេះ ដោយ​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រូ​ន​បាន​និយាយថា ទង្វើ​នេះ​អាចធ្វើ​ឲ្យ​ខូច​ដល់​សន្តិសុខ​អ៊ឺរ៉ុប​។ លោក​ម៉ាក្រូ​ន​បាន​និយាយថា អ៊ឺរ៉ុប​គួរតែបង្កើត​នូវ​កងកម្លាំង​អ៊ឺរ៉ុប ដើម្បី​ប្រឆាំងនឹង​ការ​គម្រាមកំហែង​ពី​សំណាក់​រុស្ស៊ី ចិន សហរដ្ឋអាមេរិក​។​ ​លោក Ryabkov បាន​និយាយថា «​យើង​មិនអាច​ព្រងើយកន្តើយ​ទៅនឹង​ការដាក់​ពង្រាយ​គ្រាប់​មី​ស៊ី​អាមេរិក នៅទីណា​ដែល​គម្រាមកំហែង​ដល់​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នោះទេ​»​។ កាលពី​ខែ​មុន នៅពេលដែល​អាមេរិក​បានប្រកាស​ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ភ្លាម ប្រធានាធិបតី​រុស្ស៊ី​បាន​គម្រាមថា រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​ទាំងឡាយណា ដែល​ហ៊ាន​ដាក់​តម្លើង​គ្រាប់​មី​ស៊ី​ល​អាមេរិក នៅក្នុង​ទឹកដី​របស់ខ្លួន​៕