អស់ទាស់ ព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ត ដាក់ទុន​រកស៊ី​រួមគ្នា រាប់លាន​ដុល្លារ​

សិល្បៈកម្សាន្ត
0
421
កាលពីពេល​ថ្មីៗ​នេះ​លេច​ញ​ចេញ​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​គេ​មិន​នឹកស្មានថា តារាចម្រៀង​ល្បីល្បាញ​ពីររូប​លោក ព្រាប សុវត្ថិ និង​លោក​ខេមរៈ សិរីមន្ត​ដែល​ធ្លាប់តែ​លេច​ឮថា មានការ​ប្រកួតប្រជែង​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្លា​លើ​វិថី​សិល្បៈ​និង​ជីវិត​ឯកជន​នាពេល​កន្លងមក បែរជា​មិន​ត្រូវរ៉ូវ​ចាប់ដៃគ្នា​រកស៊ី​នៅលើ​របរ​តែមួយ​។​ ទោះយ៉ាងណា​រឿង​ទាំងនេះ​វា​គ្រាន់តែ​ជា​រឿង​អតីត​របស់​តារាចម្រៀង​ទាំងពីរ​រូប​តែប៉ុណ្ណោះ យ៉ាងណា​ម៉ិ​ញ​អ្នក​ទាំង​ពីរបាន​ចំណាយ​ទុន​ច្រើន​លាន​ដុល្លារ​បើក​ជំនួញ​រួមគ្នា ដែល​នេះ​គឺជា​ដំណឹង​បិទ​បញ្ចប់​ចំពោះ​ការ​យល់ថា​នៅ​ខាងក្រៅ​ឆាក​អ្នក​ទាំងពីរ​មិនសូវ​ចុះសម្រុង​នឹង​គ្នា​។ យោងតាម​ការ​បង្ហោះ​លើ​ផេ​ក​បុរី​ឡេង​ណា​វ៉ា​ត់​ត្រា បាន​អះអាងថា លោក​ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុង​គម្រោង​ដីធ្លី​ពុះ​លក់​រៀងខ្លួន អ្នក​ទាំងពីរ​បានសម្រេច​ចិត្ត​បោះទុន​រួមគ្នា​តែមួយ​ជាមួយ​ក្រុមហ៊ុន​ឡេង​ណា​វ៉ា​ត់​ត្រា​តែម្ដង ដោយ​គម្រោង​ថ្មី​នេះ គឺ​ធំ​ជាង​គម្រោង​មុនៗ​ទ្វេ​រដង ហើយ​សម្រាប់​ដើមទុន​ក៏​មិនតិចជាង​២០​លាន​ដុល្លារ​។ ​តាមរយៈ​សារ​នោះបាន​បញ្ជាក់ថា តារាចម្រៀង​ទាំងពី​មិន​ត្រឹមតែ​បើក​គម្រោង​ថ្មី​ពុះ​លក់​ដី​ឡូ​តិ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចាយ​ទុនសង់​វីឡា​ដាក់លក់ ដែល​នេះ​គឺជា​គម្រោង​មហាសេដ្ឋី ដែល​មិន​ធ្លាប់មាន​សម្រាប់​តារាចម្រៀង​នៅក្នុង​ពិភព​សិល្បៈ​។ ជាក់ស្ដែង​លោក ឡេង ណា​វ៉ា​ត់​ត្រា បានទទួល​ស្គាល់ និង​លាតត្រដាង​ថា លោក ព្រាប សុវត្ថិ និង លោក​ខេមរៈ សិរីមន្ត ពិតជា​ចំណាយ​ទុន​បើក​គម្រោង​រកស៊ី​ចូលគ្នា​ពិតមែន ដោយ​គម្រោង​ថ្មី​នេះ គឺ​មិនមាន​រវាង​លោក និង លោក​ព្រាប សុវត្ថិ ឬ​រវាង​លោក និង​លោក ខេមរៈ សិរីមន្ត ដាច់​គ្នា​ដូច​មុន​នោះទេ ប៉ុន្តែ​គឺជា​គម្រោង​បោះទុន​រួមគ្នា​ទាំំ​ង​៣​បញ្ចូល​គ្នា​តែម្ដង ដើម្បីអោយ​បាន​ដើមទុន​ច្រើន ហើយ​ឈានទៅ​សង់​វីឡា​ដាក់លក់​នោះ​ផង​។ ​លោ​កថា​គម្រោង​លោក ព្រាប សុវត្ថិ និង​លោក​ខេមរៈ សិរីមន្ត រួមគ្នា​នោះ ស្ថិតនៅ​ម្ដុំ​ព្រៃទទឹង​លើផ្លូវ​ជាតិ​លេខ​៣​ក្បែរៗ​គម្រោង​ចាស់ ប៉ុន្តែ​ជា​គម្រោង​សង់​វីឡា និង​ពុះ​ឡូ​តិ៍​រួមគ្នា ដោយ​គ្រាន់តែ​ដើមទុន​គឺ​យ៉ាងហោច​ក៏​២០​លាន​ដុល្លារ ដោយ​មិនទាន់​បញ្ចូល​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ និង​ចំណាយ​បន្ទាប់បន្សំ​ដែល​មើលមិនឃើញ​នោះ​ផង​។ អ្វីដែល​សំខាន់​គឺ​គម្រោង​ធំ​នេះ មាន​ដី​រហូតដល់​ជាង​៥០​ហិកតា ហើយ​ប្រើ​ទុន​ខ្ពស់ ដែល​លោក​បាន​ហៅ​ការចូល​ហ៊ុន​របស់លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ជាមួយនឹង​លោក​រួមគ្នា​ជា​បី​ហ៊ុន​នាពេលនេះ​ថា ជាការ​ជួយ​ដំណើរ​ការបើក​ជំនួញ​ដីធ្លី​របស់លោក​ដើរ​លឿន​។ នៅ​មិនទាន់​ដឹងថា​លោក ព្រាប សុវត្ថិ និង​លោក​ខេមរៈ សិរីមន្ត បោះទុន​ក្នុង​ម្នាក់​ប៉ុន្មាន​លាន​ដុល្លារ​នោះទេ ប៉ុន្តែ​អ្វីដែល​លោក​ឡេង ណា​វ៉ា​ត់​ត្រា បាន​ទម្លាយ គឺ​បញ្ជាក់​យ៉ាងច្បាស់​ថា កំពូល​តារាចម្រៀង​ទាំងពីរ​មិនបាន​កាច់​កុង​គ្នា​ដូច​អ្វី​ដែលមាន​ការយល់ច្រលំ​នោះទេ​។ ផ្ទុយទៅវិញ បើទោះជា​មើល​មួយ​ភ្លែត​គឺ​អ្នក​ទាំំ​ង​ពីរ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ប្រជាប្រិយភាព និង​ទីផ្សារ​សិល្បៈ តែ​សម្រាប់​ទំនាក់ទំនង​ខាងក្រៅ​សិល្បៈ គឺ​អ្នក​ទាំងពីរ​ជា​ដៃគូ​ជំនួញ​យល់ចិត្ត​គ្នា ទើប​ឈានដល់​ការ​បោះទុន​ម្នាក់ៗ​មិនតិចជាង​លាន​ដុល្លារ ជាមួយនឹង​លោក ឡេង ណា​វ៉ា​ត់​ត្រា បើក​គម្រោង​ពុះ​ឡូ​តិ៍​រួមគ្នា និង​មាន​សង់​វីឡា​លក់​ផង ដែល​នេះ​គឺជា​ជំនួញ​មិនធម្មតា​៕​