អស់ទាស់​! ព្រាប សុវត្ថិ មិន​ត្រឹមតែ​បោះទុន​វិនិយោគ​ទេ ថែមទាំង​យក​កិ​ត្ដិ​យស​មក​ធានា​ទៀត​

សិល្បៈកម្សាន្ត
0
311
​ស្ថិតនៅក្នុង​គម្រោង​វិនិយោគ​ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​២០​លាន​ដុល្លារ ទៅលើ​ការ​ពុះ​ដី​ឡូ​តិ៍​និង​ការ​សង់ផ្ទះ​វីឡា ដែលមាន​ជាការ​រួម​ហ៊ុន​គ្នា​រវាង​តារាចម្រៀង​ល្បី​ពីររូប​នៅ​ហង្ស​មាស និង​ឧកញ៉ា​ឡេង ណា​វា​ត្រា​។ តារាចម្រៀង​ចាស់វស្សា លោក​ព្រាប សុវត្ថិ បាន​អះអាងថា គម្រោង​នេះ​ពិតជា​ល្អ​និង​គួរ​ឲ្យ​ជឿ​ទុក​ចិ​ត្ដ​បាន​។​ ​មូលហេតុ​លោក​ព្រាប សុវត្ថិ លើកឡើង​បែបនេះ​គ្រា​ដែល​មានការ​ចោទ​ពី​អ្នកសារព័ត៌មាន​ក្នុងស្រុក ក្នុងឱកាស​នៃ​ការធ្វើ​ស​ន្និសិត​កាសែត​នា​ថ្ងៃ​៨ ធ្នូ ថា​តើ​គម្រោង​វិនិយោគ​នោះ​គួរ​ឲ្យ​ជឿ​ទុក​ចិ​ត្ដ​បាន​កម្រិតណា​? លោក​ព្រាប សុវត្ថិ បាន​អះអាងថា អតិថិជន​អាច​ជឿ​ទុក​ចិ​ត្ដ​បាន​ទាំងស្រុង​ដោយ​ការវិនិយោគ​នេះ​ធ្វើ​ទៅតាម​លក្ខណៈ​ផ្លូវច្បាប់ មាន​ឯកសារ​ស្របច្បាប់​។ ម្យ៉ាង​យោងតាម​កេរ្ដិ៍ឈ្មោះ​លោក​ផ្ទាល់ លោក​ខេមរៈ សិរីមន្ដ និង​ឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​អតិថិជន​ទុក​ចិ​ត្ដ​បាន ព្រោះ​អ្នក​ទាំងបី​រូប​សុទ្ធតែ​ប្រជាជន​ខ្មែរ​បាន​ស្គា​ស់​យ៉ាងច្បាស់​ទៅហើយ​ដូច្នេះ​ពួកលោក​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ដិ​យស កេរ្តិ៍ឈ្មោះ​ដែល​ធ្លាប់​សាង​មក​នោះទេ​។​ ​គួរ​បញ្ជាក់ថា តារា​ទាំងបី​បានប្រកាស​យ៉ាង​មុខមាំ​ថា នឹងធ្វើ​អោយ​ជំនួញ​ដីធ្លី និង​បើក​សាងសង់​បុរី​របស់ខ្លួន​ក្លាយជា​គម្រោង​កាន់តែ​ធំ​ក្នុងពេល​បន្តបន្ទាប់ ខណៈដែល​ក្រោយពី​បើក​គម្រោង​យក្ស​នៅ​ម្ដុំ​ផ្សារ​ព្រៃទទឹង​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​នេះ ក៏​នឹងមាន​គម្រោង​បន្តបន្ទាប់​ទៀត ដោយ​មិន​បែក​ហ៊ុន​គ្នា​ឡើយ ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។​ ជាមួយគ្នានេះដែរ​លោក ព្រាប សុវត្ថិ បាន​ថ្លែងបន្ដថា គម្រោង​ចាប់ដៃ​ជាមួយ លោក ខេមរៈ សិរីមន្ត និង​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា លើក​នេះ គឺជា​គម្រោង​ធំ​មួយ​សម្រាប់​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់ និង​សាងសង់​បុរី ដោយ​គម្រោង​ទាំងមូល ក្រៅពី​ស្ថិតនៅលើ​ទីតាំង​ដែលជា​ទីប្រជុំជន​ល្អ ងាយស្រួល​រស់នៅ មានតម្លៃ​សមរម្យ ក៏​ជា​គម្រោង​ដែល​បង្ហាញ​ពី​ការ​សាមគ្គី និង​យល់​ចិត្តថ្លើម​គ្នា​រវាង​ពួកលោក​ទាំង​៣ ជាពិសេស​គឺ​លោក​ខេមរៈ សិរីមន្ត កាន់តែ​ល្អ​ផងដែរ​។ ​លោក​ព្រាប សុវត្ថិ ប្រាប់ទៀតថា រវាង​លោក និង​លោក​ខេមរៈ សិរីមន្ត គឺជា​បងប្អូន​គ្នា​ដ៏​ល្អ តាំងពី​មុនពេល​លោក​សិរីមន្ដ ចូល​ហង្ស​មាស​មកម្ល៉េះ ប៉ុន្តែ​មកពី​ពេលកន្លងមក​មិនមាន​គម្រោង​ឯកជន​រួមគ្នា ក្រៅពី​ប៉ះគ្នា​លើ​ឆាក ទើប​ធ្វើអោយ​ម្នាក់ៗ​មាន​ការយល់ច្រលំ​ថា​លោក និង​លោក​ខេមរៈ សិរីមន្ត កុង​គ្នា​។ លោ​កថា​សប្បាយចិត្ត ដែល​លោក និង​លោក ខេមរៈ សិរីមន្ត បាន​ចាប់ដៃគ្នា​ក្នុង​គម្រោង​ធំដុំ ខណៈដែល​មុខ​ជំនួញ​នេះ គឺ​បាន​កិច្ចសហការ និង​មានការ​ដុតដៃដុតជើង​ពី​អ្នកជំនាញ​ដីធ្លី​គឺ​លោក ឡេង ណា​វ៉ា​ត់​ត្រា យ៉ាង​យកចិត្តទុកដាក់​។ លោក​ប្រកាសថា​គ្មាន​ថ្ងៃ​បែក​ហ៊ុន​គ្នា​ពីគ្នា​នោះទេ បើទោះជា​កាលៈ ទេសៈ​ក្នុង​ពេលខាងមុខ មុខ​ជំនួញ​មួយ​នេះ​អាចអោយ​លោក​មាន​ទុន​អាច​ឈរ​ម្នាក់ឯង​ក៏ដោយ​។​ លោក ខេមរៈ សិរីមន្ត ថ្លែង​បញ្ជាក់​ក្នុង​វេទិកា​នោះ​ថា បន្ទាប់ពី​រំលេច​គម្រោង​យក្ស​មួយ​នេះ លោក និង​លោក ព្រាប សុវត្ថិ នឹងមាន​គម្រោង​យក្ស​ធំៗ​បែបនេះ​បន្តបន្ទាប់​ទៀត ដោយ​ពុំមាន​ការបែកបាក់​សាមគ្គី​ឡើយ ជាពិសេស​នៅក្នុង​កាលៈទេសៈ ដែល​លោក​ក៏ត្រូវ​ការ​ដៃគូ​សហការ និង​ត្រូវ​ការបង្កើន​ដើមទុន​ជាមួយ​ដៃគូ​អោយបាន​កាន់តែច្រើន ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។ ​ដោយឡែក​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ប្រកាសថា​វត្តមាន​កំពូល​តារាចម្រៀង​ទាំំ​ង​ពីរ​ជា​ដៃគូ​ភាគហ៊ុន មិន​ត្រឹមតែ​ទទួលបាន​ដើមទុន​កើនឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​អោយ​មុខ​ជំនួញ​ទាំងមូល​ទទួលបាន​ការ​ចាប់អារម្មណ៍​ក្នុងការ​ប្រកួតប្រជែង​និង​បង្កើន​ជំនឿ​ចិត្ត​សម្រាប់​អតិថិជន​ខ្ពស់​ផងដែរ ដោយសារតែ​តារាចម្រៀង​ទាំងពីរ​គឺជា​តារា​ល្បី ដែល​អតិថិជន​ចង់​ទិញ​ដី​ឡូ​តិ៍ ឬ​ទិញ​ជា​ផ្ទះ មិន​ភ័យ​រឿង​គម្រោង​ដី​នេះ​ជា​គម្រោង​ដី​មិន​ស្របច្បាប់ ឬ​សំណង់ផ្ទះ​ខ្យល់​៕​