រុស្ស៊ី​នឹងធ្វើ​ការសាកល្បង​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន ខណៈដែល​លោកពូ​ទីន​បាន​ព្រមាន​ពី​ការប្រណាំង​ប្រជែង​គ្រឿង​សព្វាវុធ​ជាមួយ​សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
275


​ប្រទេស​រុស្ស៊ី​បានប្រកាសថា យោធា​របស់ខ្លួន​នឹងធ្វើ​សមយុទ្ធ​កងកំលាំង​នុយក្លេអ៊ែរ​របស់ខ្លួន​នៅ​ឆ្នាំក្រោយ ដែលជា​សមយុទ្ធ​មួយ​ក្នុងចំណោម​សមយុទ្ធ​រាប់ពាន់ ដែល​ត្រូវបាន​គ្រោងទុក បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​គំរាម​ដកចេញ​នូវ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​មក​។​
​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ប្រចាំឆ្នាំ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​និយាយថា លំ​ហាត់​សមយុទ្ធ​និង​ការហ្វឹកហ្វឺន​ជាង ១​ម៉ឺន ៨​ពាន់​មុខ ត្រូវបានធ្វើ​កាលពី​ឆ្នាំមុន និង​សមយុទ្ធ​ថ្មី​ត្រូវបាន​គ្រោងទុក​សម្រាប់​ឆ្នាំ ២០១៩​។ សមយុទ្ធ​ទាំងនេះ​នឹង​រួមមាន​បញ្ជាការ​យុទ្ធសាស្ត្រ និង​សមយុទ្ធ​កងកម្លាំង ដែល​ហៅថា Center-2019 និង​កងកម្លាំង​យុទ្ធសាស្ត្រ Thunder ដែល​សមយុទ្ធ​ទាំងពីរ​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ធ្វើការ​សាកល្បង​លទ្ធភាព​របស់​ប្រទេស​នេះ ដើម្បី​បង្ហាញ​ពី​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ ប្រសិនបើ​ចាំបាច់​។​
​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ត្រូវបាន​រក្សា​កម្រិត​មួយ​ដែល​អាចធ្វើ​ឱ្យមាន​ការធានា​នូវ​ការទប់ស្កាត់​នុយក្លេអ៊ែរ​»​។ «​កិច្ច​ការដែល​បានកំណត់​នៅ​ឆ្នាំ ២០១៧ ដើម្បី​នាំយក​យុទ្ធសាស្ត្រ​អាវុធ​នុយក្លេអ៊ែរ ទៅជា​កម្រិត​នៃ​ការធ្វើ​ទំនើបកម្ម ៨២​ភាគរយ ត្រូវបាន​បញ្ចប់​»​។​
​យោងតាម​ក្រសួង​លោក Shoigu បាន​កត់សម្គាល់ថា «​ផ្ទុយទៅនឹង​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក កងកម្លាំងប្រដាប់អាវុធ​កំពុង​បង្កើន​សក្តានុពល​នៃ​ការវាយប្រហារ​របស់​ពួកគេ​»​។
​លោក​បាន​សរសើរ​ថា ការបន្ថែម​នូវ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​កងទ័ពអាកាស ទ័ព​ថ្មើ​ជើង និង​ទ័ពជើងទឹក រួមទាំង​ការដាក់​ពង្រាយ​អាវុធ​ដែលមាន​សមត្ថភាព​ខាង​នុយក្លេអ៊ែរ​ថ្មី ដូចជា​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​អន្តរទ្វីប​សា​ម៉ា​ត RS-28 យាន​បាញ់​គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង Avangard និង​មី​ស៊ី​លបាញ់​នៅលើ​អាកាស​ដែលមាន​ល្បឿន​លឿន​ជាង​សម្លេង Kinzhal ដែល​ទាំងអស់នេះ​ត្រូវបាន​ធានាថា​នឹង​អាច​យកឈ្នះ​លើ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ទំនើប​បាន​។​
​ការប្រកាស​ធ្វើ​សមយុទ្ធ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​គម្រាមថា នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ ដែល​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បានប្រកាសថា អាមេរិក​ទុកពេល​ឲ្យ​រុស្ស៊ី​៦០ ថ្ងៃ​ទៀត មុននឹង​ប្រកាស​ជា​ផ្លូវការ​នូវ​ការដកខ្លួន​ចេញពី​សន្ធិសញ្ញា​នេះ​៕​