អ៊ុយ​ក្រែ​ន​កំពុង​រៀប​ជើង​ព្រួល​បញ្ជូន​នាវាចម្បាំង​ទៅកាន់​សមុទ្រ​អា​ហ្សូ​វ​

ព្រឹត្តិការណ៍ថ្មីៗ
0
267


(​ទីក្រុង​គាវ​)៖ សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ ធ្នូ​នេះ​ថា មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​មួយរូប​បាន​និយាយថា អ៊ុយ​ក្រែ​ន​នឹង​បញ្ជូន​ក្រុម​នាវាចម្បាំង​ទៅ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នៅក្នុង​សមុទ្រ​អា​ហ្សូ​វ ដែល​ការសម្រេចចិត្ត​បែបនេះ​ត្រូវបាន​រុស្ស៊ី​ហៅថា ជាការ​បង្កហេតុ​។​
​លេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​ការពារជាតិ​លោក Oleksandr Turchynov បាន​ប្រាប់​សារព័ត៌មាន BBC នៅក្នុង​បទសម្ភាសន៍​មួយ ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា​បេសកកម្ម​របស់​កងទ័ព​ជើង​ទឹក​មួយទៀត គឺ​ចាំបាច់ ដើម្បី​រារាំង​ប្រទេស​រុស្ស៊ី ពី​ការគ្រប់គ្រង​តំបន់​ដែនទឹក​រួមទាំង​ស្រុង​។ ទន្ទឹមនេះ ទីក្រុង​មូ​ស្គូ​បានធ្វើ​ការឆ្លើយតប​វិញ​ភ្លាមៗ ដោយបាន​ធ្វើការ​រិះគន់​គម្រោង​នៃ​កា​រប​ញ​ញ្ជូ​ន​ក្រុម​នាវាច​ម្ពាំ​ង​ទាំងនេះ​។​
​យ៉ាងណាក៏ដោយ លោក Turchynov បាន​ទទូចថា អ៊ុយ​ក្រែ​ន​មិនមាន​ជម្រើស​ទេ​។ ទោះបីជា​លោក​មិនបាន​និយាយថា នៅពេលណា​ដែល​ទីក្រុង​គាវ គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នេះ​ក៏ដោយ ក៏​លោក​បាន​ពន្យល់ថា កង​នាវាចម្បាំង​អ៊ុយ​ក្រែ​ន​នឹង​អញ្ជើញ​ក្រុម​អ្នកតំណាង​មកពី​អង្គការ​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​ទ្វីបអឺរ៉ុប និង​ក្រុម​អន្ដរជាតិ​ដទៃទៀត ដើម្បី​ចូលរួម​នៅលើ​នាវា​របស់ខ្លួន ក្នុងអំឡុងពេល​បេសកកម្ម​។
​មន្ត្រី​អ៊ុយ​ក្រែ​ន​ក៏បាន​និយាយ​ផងដែរ​ថា កងកម្លាំង​យោធា​អ៊ុយ​ក្រែ​ន​នឹងដាក់​ពង្រាយ​គ្រាប់​មី​ស៊ី​ល​ថ្មី​នៅលើ​ឆ្នេរ ដែល​អាច​បាញ់​បាន​ឆ្ងាយ ជាពិសេស​ទៅដល់​ស្ពាន​ដែល​រុស្ស៊ី​បាន​បិទ​ច្រក​សមុទ្រ​ខឺ​ច​តែម្តង​។​
​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អុ​យ​ក្រែ​ន​បាន​កើតឡើង​បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ទៅលើ​នាវា​វិក​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា បន្ទាប់ពី​នាវា​អ៊ុយ​ក្រែ​ន​កំពុងធ្វើដំណើរ​កាត់​តាម​ច្រក​សមុទ្រ​ខឺ​ច ដែលជា​ដែនទឹក​រួម​រវាង​ប្រទេស​ទាំងពីរ ខណៈដែល​រុស្ស៊ី​អះអាងថា​ជា​ដែនទឹក​របស់ខ្លួន​៕​