បុរស​ចម្លែក​ម្នាក់​ចូល​រន្ធ​ខ្យល់​ខ្លាញ់​ភោជនីយដ្ឋាន​ជាប់​ខ្លួន ២​ថ្ងៃ​ដោយ​គ្មាន​មូលហេតុ

ព្រឹត្តិការណ៍ថ្មីៗ
0
294
​គ្មាន​នរណាម្នាក់​អាច​និយាយ​ឲ្យ​បានច្បាស់លាស់​នោះទេ​ថា​តើ​ហេតុអ្វី​បានជា​បុរស​វ័យ​២៩​ឆ្នាំ​ម្នាក់ បាន​ឡើង​តាម​ដំបូល​ភោជនីយដ្ឋាន​ចិន ដោះ​អាវធំ​របស់គាត់ និង​ចុះ​តាម​រន្ធ​ខ្យល់​ខ្លាញ់​ដោយ​គ្រាន់តែ​ពាក់អាវ​ខ្លី​ស្តើង​មួយ​ប៉ុណ្ណោះ​នោះ​។​ ​លោក​ពល​បាល រ៉េ ខេ​លី គឺជា​មន្ត្រី​ព័ត៌មាន​រដ្ឋ​មួយរូប​របស់​ការិយាល័យ​តម្រួត​ស្រុក​អា​ឡា​មេ​ដា របស់​សហរដ្ឋអាមេរិក បាន​និយាយប្រាប់​កាសែត NPR​ថា មានតែ​បុរស​ខ្លួនឯង​ទេ​ទើប​ដឹង​ពី​បំណង​ពិតប្រាកដ​របស់គាត់​។ ​លោក​ខេ​លី បាន​និយាយថា ប្រហែលជា​គាត់​ជា​បុរស​រាងស្តើង ហើយដោយ​ជញ្ជាំង​សុទ្ធតែ​ខ្លាញ់​រួមផ្សំ​នឹង​គាត់​ដោះអាវ​ទៀត​នោះ ប្រហែលជា​គាត់​គិតថា គាត់​នឹង​អាច​រអិល​ចុះក្រោម​ដល់​ជាន់ដី​ហើយ​មើលទៅ​។ វា​ប្រហែលជា​ផែន​ការដែល​រៀបចំ​យ៉ាងច្បាស់​លាស់ រហូតដល់​គាត់​ជាប់​ខ្លួន​នៅ​ទីនោះ មានអី​ជាប់​ខ្លួន​នៅ​ទីនោះ​២​ថ្ងៃ ប៊ិះ​នឹង​ក្ស័យ​ជីវ៉ា​ទៅហើយ​។ ​ពេល​ជាប់​ខ្លួន ហើយ​មិនអាច​រើ​បំរាស់​ទៅណា​រួច គាត់​ក៏​ចាប់ផ្តើម​ហៅ​ឲ្យ​គេ​ជួយ​។ ប៉ុន្តែ​ការស្រែក​សុំ​ជំនួយ​របស់គាត់ ត្រូវបាន​ផ្ទប់​ដោយសារតែ​ស្រទាប់​របស់​ប្រេង​ស្អុយ​ដែល​រុំ​គាត់​រហូតដល់​ព្រឹក​ថ្ងៃ​ពុធ ពេលដែល​គាត់​ត្រូវបាន​គេ​រកឃើញ​ដោយ​ម្ចាស់​ហាង​ជិតខាង​នោះ​។​ ​លោក​អ៊ី​ហ្គ័​រ កាម​ប៉ូ​ស គឺជា​ម្ចាស់​ហាង Campos Tax Services ស្ថិតនៅក្នុង​ទីក្រុង​សាន់ ឡូ​រ៉េ​ន​ហ្សូ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បាន​និយាយប្រាប់​ទូរទស្សន៍ KGO TV ថា “​ខ្ញុំ​ឮ​សំឡេង​ដូចជា​អា​ម៉េច​មិនដឹង​ទេ ហើយក៏​សួរថា​តើន​រណា​គេ​ហ្នឹង​?” ។​ ​លោក​កាម​ប៉ូ​ស បាន​ពន្យល់ថា សំឡេង​នោះបាន​ធ្វើ​ឲ្យ​គាត់​សង្ស័យ ហើយក៏​សម្រេចចិត្ត​ឡើងទៅ​មើល​។​ ​ពេលដែល​លោក​កាម​ប៉ូ​ស ទូរស័ព្ទ​ទៅ​លេខ​៩១១ លោក​បាន​ព្យាយាម​កំណត់​អត្តសញ្ញាណ​បុរស​ម្នាក់​នោះ​។ លោក​កាម​ប៉ូ​ស បាន​និយាយថា “​លោក​បាន​ព្យាយាម​សួរ​ទៅ​គាត់​ថា​តើ​អ្នក​ឈ្មោះ​អ្វី​? ហើយ​គាត់​ឆ្លើយ​វិញ​ថា សូមមេត្តា​ជួយ​ខ្ញុំ​សិន​មក សូមកុំ​ធ្វើបាប​ខ្ញុំ​” ហើយ​លោក​ក៏បាន​ឆ្លើយតប​វិញ​ថា “​ខ្ញុំ​មិន​ធ្វើបាប​អ្នក​ទេ ខ្ញុំ​កំពុងតែ​ជួយ​អ្នក​”​។​ ​សម្រាប់​ការចោទប្រកាន់​ណាមួយ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម មិនទាន់មាន​នោះទេ​នៅពេល​បច្ចុប្បន្ននេះ សម្រាប់​បុរស​សង្ស័យ​ម្នាក់នេះ​។​ ​ក្រោយ​កើតហេតុ បុរស​ម្នាក់នេះ​ត្រូវបាន​នាំទៅ​លាង​សម្អាត​ខ្លួនប្រាណ និង​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​ ​លោក​ខែ​លី បាន​និយាយថា ពេលខ្លះ​យើង​ដឹងថា​ជនសង្ស័យ​ព្យាយាម​ចូលទៅក្នុង​ហាង ដើម្បី​លួច​ខ្សែលួស គ្រឿង​បរិក្ខា​ផ្សេងៗ ដើម្បី​លក់បាន​លុយ ហើយ​ករណី​លើក​នេះ អាចទៅរួច​ផងដែរ ប៉ុន្តែ​មិនមែន​រាល់​ការកាត់ទោស តម្រូវ​ឲ្យ​ជាប់ពន្ធនាគារ​នោះទេ​៕