សុខ ដែន ប្រាប់​ពី​មូលហេតុ​ដែល​អ​វត្ដ​មាន​យូរ​ក្នុងការ​សម្ដែង​ភាពយន្ដ

សិល្បៈកម្សាន្ត
0
367
​អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​លោក​សុខ ដែន ខាន​បញ្ចេញ​ទេពកោសល្យ​ក្បាច់គុន​វាយតប់​នៅក្នុង​ខ្សែភាពយន្ដ​បន្ទាប់ពី​ទទួល​ភាពល្បីល្បាញ​ក្នុង​រឿង​«​លួង​ព្រះស្ដេច​កន​»​។​ជួប​តារា​សម្ដែង​ផ្នែក​ក្បាច់គុន​រូបនេះ​ក្នុងឱកាស​ក្រុង​ពាលី​រឿង​«​ពិស​ស្នហ៍​» លោក​ប្រាប់ថា​អ​វត្ដ​មាន​ក្នុង​សិល្បៈ​រយៈពេល​យ៉ាងយូរ​ដោយ សារ​មាន​កត្ដា​មួយចំនួន​។​ ​ស្ទើរ​តែមួយ​ប្រទេស​ទៅហើយ​ដែល​គេ​បាន​ស្គាល់​លោក​សុខ ដែន ជា​តារា​សម្ដែង​មាន​ទេពកោសល្យ​ក្បាច់គុន​យ៉ាង​ពិសេស រហូត​មាន​អ្នកខ្លះ​ប្រសិទ្ធ​នាម​លោក​ថា កែង​ឆេះ​ស្រុក​ខ្មែរ​ទៀតផង ដោយ​គេ​មើលឃើញថា រឿង​ដែលមាន​ឈុត​ឆាក​វាយតប់​ច្រើន​មាន​វត្ដ​មាន​លោក ជាក់ស្ដែង​ដូចជា​រឿង​«​ពិស​ស្នេហ៍​» របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​អ៊ីចឹង គឺ​លោក​ជា​តួ​ធំ​មួយ​ក្នុងការ​បង្ហាញ​ក្បាច់គុន​របស់​ខ្មែរ​។​ ​លោក​សុខ ដែន បាន​ប្រាប់ថា ថ្វីត្បិតតែ​ទីផ្សារ​ភាពយន្ដ​នាពេល​បច្ចុប្បន្ន​មានការ​រី​ចម្រើន បើ​ប្រៀបធៀប​ទៅ​ជាង​១០​ឆ្នាំមុន​ក៏ដោយ ប៉ុន្ដែ​ទីផ្សារ​ក្បាច់គុន​ក្នុង​វិស័យ​ភាពយន្ដ​ហាក់​មិនទាន់​ទូលំទូលាយ​នៅឡើយ​។ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​តារា​សម្ដែង​ដែលមាន​ទេពកោសល្យ​ក្បាច់គុន​ដូចជា​រូបលោក​ពុំ​សូវ​មានការ​ងារ​ធ្វើ មមាញឹក​។​ ​តារា​សម្ដែង​រូបនេះ​បន្ថែមថា បញ្ហា​ទីផ្សារ​ជា​កត្ដា​ចម្បង ប៉ុន្ដែ​ពេលខ្លះ​នៅមាន​ផលិតកម្ម​ទាក់ទង​រក​លោក​អោយ​សម្ដែង លោក​ក៏មាន​កិច្ចការផ្ទាល់ខ្លួន​ត្រូវបំពេញ​ជា​ចាំបាច់​មិនអាច​ដកឃ្លា​បាន​កត្ដា​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​លោក​ហាក់​ចាក​ឆ្ងាយ​ពី​ការសម្ដែង​វិស័យ​ក្បាច់គុណ​។ ទោះយ៉ាងណា​ប្រាប់ថា កន្លងមក​ទោះបីជា​លោក​ពុំមាន​ពេល​គ្រប់គ្រាន់​បាន​សម្ដែង​ក្បាច់គុន​ដោយផ្ទាល់​ក្នុង​ភាពយន្ដ ឬ​ខារ៉ាអូខេ​ក៏ដោយ​ក៏​ភាគច្រើន​លោក​មាន​តួនាទី​ជា​អ្នករៀបចំ​ក្បាច់គុន​ឲ្យ​តារា​សម្ដែង​ដទៃ​វាយតប់​គ្នា​ក្នុង​ឈុត​ឆាក​សម្ដែង​ផងដែរ​។​ ​ទោះយ៉ាងណា​តារា​សម្ដែង​សាច់ដុំ​ធំៗ​រូបនេះ​បាន​បញ្ជាក់ថា​«​យូរ​មានឱកាស​សម្ដែង​ខ្លួនឯង​ម្ដង ទើប​ខ្ញុំ​ប្ដេជ្ញា​ចិ​ត្ដ​ហើយ​ថា នៅក្នុង​រឿង​«​ពិស​ស្នេហ៍​» ខ្ញុំ​ដើរតួ​ជា​ទាហាន​ជំនិត​របស់​ព្រះ​ជ័យ​ដែល​តួឯក​នោះ ខ្ញុំ​នឹង​ប្រឹងប្រែង​រិះរក​ក្បាច់​ថ្មីៗ​ដែលជា​ចំណី​ចក្ខុ​របស់​ពុក​ម៉ែ​បងប្អូន​មក​បង្ហាញ​តាមរយៈ​ខ្សែភាពយន្ដ​នេះ​ឲ្យ​កាន់តែ​ជក់​ចិ​ត្ដ​»​។​ ​ទោះយ៉ាងណា​តារា​សម្ដែង​ក្បាច់គុន​ដែល​ធ្លាប់​គ្រង​តំណែង​តួឯក​មិន​ក្រោម​៤​រឿង​រូបនេះ​បាន​ពោលថា ថ្វី​ត្បិ​តែ​ការសម្ដែង​មាន​តិច ក៏​លោក​ពុំ​តូច​ចិ​ត្ដ​ដែរ ព្រោះ​ស្ថាន​ភាពយន្ដ​របស់​ខ្មែរ​ហាក់​ពុំទាន់​ផ្ដោតទៅលើ​ការ​វាយតប់​ខ្លាំង​។ ម្យ៉ាង​ទោះ​មានការ​សម្ដែង​តិច ប៉ុន្ដែ​រឿង​នីមួយៗ​ដែលមាន​លោក​សម្ដែង​ក្បាច់គុន​គឺ​ទទួលបាន​ការគាំទ្រ​ខ្លាំង ហើយ​ទស្សនិកជន​ពុំដែល​ភ្លេច​រូបលោក​ឡើយ​។ ចំណុច​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក នៅតែមាន​សង្ឃឹម​ឈរលើ​វិថី​សិល្បៈ​រងចាំ​មើល​ឱកាស​ទៅ​អនាគត​៕ ​