សន្ទុះ​សេដ្ឋកិច្ច​ចិន ចាប់ផ្តើម​ប្រែប្រួល​ដើរ​យឺត​បន្ទាប់ពី​ការប្រឈមមុខ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

Uncategorized
0
307
​ក្នុង​ឆ្នាំ​២០១៨ នៅ​ចំពោះមុខ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក សេដ្ឋកិច្ច​ចិន​មាន​កំណើន​៦.៦​ភាគរយ ដែលជា​សន្ទុះ​យឺត​បំផុត បើ​គិត​ក្នុងអំឡុងពេល​ជិត​បី​ទសវត្សរ៍​កន្លងទៅ​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ។​ ​បើតាម​តួលេខ​ផ្លូវ​ការដែល​រដ្ឋាភិបាល​ចិន​បានប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ចន្ទ​នេះ ចិន​បាន​កត់ត្រា​កំណើនសេដ្ឋកិច្ច​ត្រឹមតែ ៦,៦%​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​២០១៨​។ ជា​កំណើន​ដ៏​ទាប​ខ្លាំង ដែល​ចិន​មិន​ធ្លាប់​ជួបប្រទះ​ទេ គិត​ចាប់តាំងពី​២៨​ឆ្នាំ​មក​។ ភាពទន់ខ្សោយ​នេះ បាន​បំផុស​ឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ចិន​ជា​ក្បាលម៉ាស៊ីន​អូសទាញ​សេដ្ឋកិច្ច និង​ជា​តំណាងឱ្យ​១​ភាគ​៣​នៃ​កំណើន​ពិភពលោក​។ ​កំណើនសេដ្ឋកិច្ច​ចិន បាន​បន្ថយល្បឿន​យ៉ាងខ្លាំង នៅ​ឆ្នាំ​២០១៨​។ នេះ បើតាម​តួលេខ​ផ្លូវ​ការដែល​រដ្ឋាភិបាល​ចិន​ទើបបាន​ប្រកាស​ជា​សាធារណៈ នៅ​ព្រឹក​មិញ ដោយ​កត់ត្រា​ឃើញ​មាន​កំណើនសេដ្ឋកិច្ច​ត្រឹមតែ ៦,៦%​ប៉ុណ្ណោះ​។ ​ជា​កំណើនសេដ្ឋកិច្ច ដែលមាន​កំរិត​ប្រសើរ​ជាង​ការ​ព្យាករ​ទុក (៦,៥%)​បន្តិច​ផង​។ ប៉ុន្តែ ៦,៦% ជា​អត្រា​ដ៏​ទាប​បំផុត ជា​លើកទីមួយ ត្រឹមតែ​គិត​តាំងពី​ឆ្នាំ​១៩៩០ ដែល​កាលណោះ​ចិន​មាន​កំណើនសេដ្ឋកិច្ច ធ្លាក់​ទាប​ខ្លាំង​ដល់​៣,៩% (​មុននឹង​ស្ទុះ​ឡើង​យ៉ាងខ្លាំង​និង​បន្ត​រហូតមក ក្នុង​កំរិត​ស្ទើរ​ដល់​ទៅ​១០%​ផង​នោះ​)​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​អង្គភាព​ស្ថិតិ​ចិន Mao Shengyong បាន​លើកឡើងថា ចិន​បាន​ប្រឈមមុខ​នឹង​បរិយាកាស​សេដ្ឋកិច្ច​ដ៏​ស្មុគស្មាញ​នៅក្រៅ​ប្រទេស ក៏ដូចជា​បញ្ហា​កំណែទម្រង់ និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ដែរ​។ ​ពេលនេះ​ក្រុង​ប៉េកាំង​កំពុង​ផុងខ្លួន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ដោយ​ភាគី​ទាំងពីរ​បាន​បន្ត​ដំឡើង​ពន្ធ​ប្រឆាំង​គ្នា​ទៅវិញទៅមក ដែល​គិត​ជា​ទឹកប្រាក់​រាប់សិប​ពាន់​លាន​ដុល្លារ​ទៅហើយ​។ បញ្ហា​ទាំងនេះ​បាន​បង្កក្តី​បារម្ភ​អំពី​ឥទ្ធិពល​នៃ​សង្គ្រាម​នេះ​លើ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កំណើនសេដ្ឋកិច្ច​ដ៏​យឺត​យ៉ាងនេះ​ក៏បាន​កើតឡើង​ចំពេល ក្រុង​ប៉េកាំង​កំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ការកើនឡើង​នៃ​បំណុល​រដ្ឋ​ដ៏​ច្រើន​លើសលុប ដែល​វា​កើតឡើង​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការវិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែរ​។ ​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​ល្អក់កករ​ខ្លាំង​ក្នុងឆ្នាំនេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដំឡើង​ពន្ធ​នាំចូល​ជា​បន្តបន្ទាប់​លើ​ទំនិញ នាំចូល​ពី​ចិន​។ ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ​មានដូចជា រថយន្ត​, គ្រឿងចក្រ​, និង​គ្រឿង​អេឡិចត្រូនិក​ជាដើម​។ ប៉ុន្តែ​យ៉ាងណាមិញ លោក Ning Jizhe ប្រធានការិយាល័យ​ជាតិ​ស្ថិតិ​ចិន បាន​លើកឡើងថា បញ្ហា​ជម្លោះ​ចិន​-​អាមេរិក​ពិតជា​កំពុង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ចិន​មែន ប៉ុន្តែ​ទំហំ​នៃ​ការប៉ះពាល់​គឺអាច​គ្រប់គ្រង​បាន​៕ ​