អាជ្ញាធរ​កម្ពុជា ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​ជាង ៩០% ដែល​ក្នុងនោះ​ជនជាតិ​វៀតណាម គឺមាន​ចំនួន​ច្រើនជាងគេ​

ព្រឹត្តិការណ៍ថ្មីៗ
0
275
នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ (​ដើមឆ្នាំ​២០១៩) រាជរដ្ឋាភិបាល​ដកហូត​ឯកសារ​កម្ពុជា មិន​ប្រក្រតី​ដែល​កាន់កាប់​ដោយ​ជនបរទេស ប្រមាណ​៩០​ភាគរយ ស្មើនឹង​ជាង​៣​ម៉ឺន​ក្បាល មាន​១០​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​ច្រើនជាងគេ រហូត​៩០​ភាគរយ​។​ ​ការលើកឡើង​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​នេះ ក្រោយ​កិច្ចប្រជុំ​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ការទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្ដោ​ប្រវេ​សន្ដ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព នាយ​ឧត្ដមសេនីយ៍ សន្ដិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​ ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ថ្លែងថា សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​ដែល​កាន់កាប់​ប្រមាណ​ជាង ៩០ ភាគរយ ដោយ​ដកហូត​ឯកសារ​ប្រមាណ​ជាង​៣​ម៉ឺន​ក្បាល​រួមមាន សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ អត្ដ​សញ្ញាណ​ប័ណ្ណ សំបុត្រកំណើត លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ជាដើម ហើយ​ក្នុងនោះ​មាន ១០ ជនជាតិ ប៉ុន្ដែ​ជនជាតិ​វៀតណាម​មាន​ប្រមាណ​ជិត ៩០ ភាគរយ​ដែលជា​ចំនួន​ច្រើនជាងគេ​។​ ​លោក​បន្តថា យុទ្ធនា​ការដកហូត​ឯកសារ​កម្ពុជា​មិន​ប្រក្រតី​ដែល​កាន់កាប់​ដោយ​ជនបរទេស​នេះ នៅសល់​ពេលវេលា​ត្រឹមតែ ៦ ខែ​ខាងមុខ​ទៀត​ប៉ុណ្ណោះ ដែល​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ ព្រោះ​វា​ជាការ​កំណត់​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​។ ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្ថែមថា ចាប់ពី​ឆ្នាំ​២០១៤​មក កម្ពុជា​ក៏បាន​បណ្តេញ​ជនបរទេស​ចេញ​អស់​ប្រមាណ​ជា​១​ម៉ឺន​៥​ពាន់​នាក់ ដែលមាន​ប្រមាណ​ជាជាង​៤០​សញ្ជាតិ ភាគច្រើន​ជា​ជនជាតិ​ចិន និង​វៀតណាម​។​ «​ភាគច្រើន​ក្នុងឆ្នាំនេះ ទី​១ ចិន ទី​២ វៀតណាម ទី​៣ នី​ហ្សេ​រី​យ៉ា អាហ្នឹង​បើតាម​ខ្ញុំ​ចាំ​។ ក្នុងឆ្នាំនេះ​បទល្មើស​ទាក់ទង​នឹង​ការបណ្តេញចេញ​ហ្នឹង ទី​១ គឺ​ការប្រព្រឹត្តិ​ឆបោក​តាម​ទូរគមនាគមន៍ ហើយ​និង​ល្បែង​ហ្គេម​អន​ឡាញ ហើយ​ក្រៅពី​ហ្នឹង​គឺ​ការ​ស្នាក់នៅ​ហួស​ច្បាប់​តែម្តង ហួស​ច្បាប់​កំណត់ គាត់​លួច​ស្នាក់នៅ​បន្ត​»​។​ ​បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​បញ្ជាក់​ដោយយោង​តាម​ស្ថិតិ នៃ​ការធ្វើជំរឿន​ឆ្នាំ​២០១៦​ថា តួលេខ​ជនបរទេស​អន្តោរ​ប្រវេសន៍ សរុប​មាន​ចំនួន​៤៦,៧៧៦​គ្រួសារ មនុស្ស​ចំនួន ១៧៦.៨១២​នាក់ (​ស្រី​៧៩.៧២៨) អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន ១២.៤០៥​នាក់ (​ស្រី​៥២.៧៥៤​នាក់​)៕ ​