យន្តហោះ​ទម្លាក់​គ្រាប់បែក​ល្បឿន​លឿន​ជាង​សម្លេង​រុស្ស៊ី ធ្លាក់​នៅ​ភាគ​ពាយ័ព្យ​

ព្រឹត្តិការណ៍ថ្មីៗ
0
292
(​ទីក្រុង​មូ​ស្គូ​)៖ សារព័ត៌មាន CNN នៅ​ថ្ងៃទី​២៤ មករា​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក​ល្បឿន​លឿន​ជាង​សម្លេង Tupulev Tu22M3 បាន​ធ្លាក់​នៅក្នុង​តំបន់ Murmansk ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​រុស្ស៊ី​។​ ​ហេតុការណ៍​ដែល​បាន​ធ្លាក់​យន្តហោះ​នេះ​បានកើត​ឡើយ​នៅវេលា​ម៉ោង ១:៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២២ មករា ខណៈដែល​យន្តហោះ​ទម្លាក់​គ្រាប់បែក​មួយ​នេះ​ព្យាយាម​ចុះចត​។ នេះ​បើតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​តាស់ ដែល​បាន​ស្រង់​សម្តី​មន្ត្រី​ពង្រឹង​ច្បាប់​។ យន្តហោះ​នេះ​មាន​អាកាសយានិក​ចំនួន ៤​នាក់​មេបញ្ជាការ អ្នកបើក ប្រតិបត្តិ​ករ និង​អ្នក​បង្ហាញផ្លូវ​។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ពីរ​នាក់ រស់​ពីរ​នាក់​។ គេ​នៅ​មិនទាន់​បានដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ​នៅឡើយ​ទេ​។​ ​យន្តហោះ​ទម្លាក់​គ្រាប់បែក Tupolev Tu-22M3 គឺជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ល្បឿន​លឿន​ជាង​សម្លេង ដែល​បានដាក់​បញ្ចូល​ទៅក្នុង​សេវាកម្ម​រុស្ស៊ី​នៅ​ទសវត្ស​ឆ្នាំ ១៩៨០​។ វា​អាច​ប្រើ​ប្រឆាំង​នាវាចម្បាំង ដោយ​ប្រើ​អាវុធ​ធម្មតា និង​អាវុធ​នុយក្លេអ៊ែរ​។​ ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​អះអាង​កាលពី​ឆ្នាំមុន​ថា រុស្ស៊ី​នឹង​បង្ហាញ​អាវុធ​ថ្មី​ដែល​អាចធ្វើ​ឲ្យ​អង្គការ​ណា​តូ​ចុះចាញ់​ខ្លួន​បាន​។​ ​អាវុធ​ដែល​រុស្ស៊ី​បានលើកឡើង​នោះ គឺ​គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង Avangard​។ កាលពីពេល​ថ្មីៗ​នេះ រុស្ស៊ី​បាន​អះអាងថា ខ្លួន​បាន​សាកល្បង​មី​ស៊ី​ល Avangard ប្រកបដោយ​ជោគជ័យ​។ បន្ទាប់ពី​ការសាកល្បង​នេះ លោក​ត្រាំ​បានប្រកាស​ឲ្យ​មាន​បង្កើន​សមត្ថភាព​គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែលមាន​មូលដ្ឋាន​នៅ​ទី​អវកាស ដើម្បី​តាមដាន​សកម្មភាព​គ្រាប់​មី​ស៊ី​ល​រុស្ស៊ី​៕ ​