កាណាដា​ទទួលយក​សំណើរ​ធ្វើ​ប័​ត្យា​ប័ណ​ជា​ផ្លូវការ​ពី​អាមេរិក ឲ្យ​និ​រ​ទ្ទស​ខ្លួន​លោកស្រី​ម៉េង​

ព្រឹត្តិការណ៍ថ្មីៗ
0
250
(​ទីក្រុង​អូ​តា​វ៉ា​)៖ ប្រធាន​ព្រះរាជអាជ្ញា​អាមេរិក​លោក Matthew Whitaker បាន​និយាយ​កាលពី​ថ្ងៃទី ៣១ មករា ថា​ក្រសួងយុត្តិធម៌​បានបង្ហាញ​ពី​ការចោទប្រកាន់​ចំនួន​ពីរ​ករណី ក្នុងចំណោម​ការចោទប្រកាន់​សរុប​ចំនួន ២៣​ករណី​ប្រឆាំងនឹង​ក្រុមហ៊ុន Huawei អនុសាខា​របស់ខ្លួន និង​អ្នកស្រី​ម៉េង វ៉ាន់​ចូ​វ​ពី​ការរំលោភ​លើ​ទណ្ឌកម្ម ចំពោះ​ការរួម​គំនិត​លួច​រឿង​សម្ងាត់​ពាណិជ្ជកម្ម និង​ការរំលោភ​លើ​ទណ្ឌកម្ម​។​ ​ក្រសួងយុត្តិធម៌​របស់​កាណាដា​បានទទួល​យក​សំណើរ​បត្យាប័ន​ជា​ផ្លូវការ​ពី​សហរដ្ឋអាមេរិក ឲ្យ​ធ្វើ​ប័​ត្យា​ប័ណ​ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់​ចូ​វ ។​ ​មុននេះ CNN បាន​រាយការណ៍​ថា ថ្ងៃ​ផុតកំណត់​សម្រាប់​ការផ្ញើ​សំណើ​នេះ គឺ​នៅ​ថ្ងៃទី ៣០ ខែមករា​។ ឥឡូវនេះ​ចៅក្រម​នៅក្នុង​ខេត្ត British Columbia ត្រូវ​សំរេច​ថា តើ​ភ័ស្តុតាង​ដែល​ចាំបាច់​ទាំងអស់​សម្រាប់​ការធ្វើ​បត្យាប័ន មាន​វត្តមាន​ដែរ​ឬ​យ៉ាងណា​។ បន្ទាប់មក​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក Jody Wilson-Raybould នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​។​ ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​ថ្លែងថា ទីក្រុង​ប៉េកាំង​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ដកចេញ​នូវ​ដីកាចាប់ខ្លួន​ភ្លាមៗ ចំពោះ​មន្ត្រី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ហួ​វ៉េ (Huawei) លោកស្រី ម៉េង វ៉ាន់​ចូ​វ និង​ជៀសវាង​ការស្នើសុំ​ការធ្វើ​បត្យាប័ន​ចេញពី​ប្រទេស​កាណាដា​។​ ​សំណើរ​ធ្វើ​ប័​ត្យា​ប័ណ​នេះ ធ្វើឡើង​ចំពេល​ដែល​អាមេរិក និង​កាណាដា កំពុងមាន​ភាព​តានតឹង​ជាមួយ​ចិន​។ ក្រោយ​ការចាប់ខ្លួន​ប្រធាន​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ហួ​វ៉េ ចិន​បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា ២​នាក់​វិញ​ភ្លាមៗ និង​ម្នាក់ទៀត​កាត់ទោស​ប្រហារជីវិត​។ យ៉ាងណាមិញ អាមេរិក​នៅតែ​បន្តធ្វើ​ប័​ត្យា​ប័ណ​ដោយ​គ្មាន​ការប្រែប្រួល​៕ ​