ម៉ា​ឌូ​រ៉ូ​ខ្លាច​ស្រមោល​ប្រជាជន​ខ្លួនឯង​ដល់​ថ្នាក់​យក​អង្គរក្ស​គុយបា​មក​ការពារ​

ព្រឹត្តិការណ៍ថ្មីៗ
0
565
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សារព័ត៌មាន Fox News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៨ កុម្ភៈ ២០១៩​នេះ​ថា លោក​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយសារតែ​ខ្លាច​ប្រជាជន​ខ្លួនឯង បាន​ស្នើសុំ​អង្គរក្ស​គុយបា​មក​ការពារ​សន្តិសុខ​ខ្លួន​។ នេះ​បើតាម​មន្ត្រី​យោធា​អាមេរិក​មួយរូប​។​ ​ឧ​ត្ត​ម​សេនីយ៍​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក Craig S. Faller ដែលជា​មេបញ្ជាការ​ភាគខាងត្បូង​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដោយសារតែ​ការភ័យខ្លាច​ប្រជាជន​ខ្លួនឯង លោក​ម៉ា​ឌូ​រ៉ូ​បានស្នើ​សុំ​កង​អង្គរក្ស​គុយបា​មក​ការពារ​រូបលោក​។​ ​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Tom Cutton បាន​និយាយថា លោក​មានការ​ភ្ញាក់ផ្អើល​ជុំវិញ​ការស្នើសុំ​កងកម្លាំង​អង្គរក្ស​ពី​ប្រទេស​គុយបា​។ លោក​ថា លោក​មិនដឹង​ពិតប្រាកដ​អំពី​ចំនួន​អង្គរក្ស​នៅក្នុង​ប្រទេស​នេះនោះ​ទេ ប៉ុន្តែ​លោក​គិតថា​មាន​ច្រើន​។​ ​ដោយឡែក លោក Faller បាន​បន្ថែមថា រុស្ស៊ី និង​ចិន​បាន​ចូលរួម​នៅក្នុង​អ្វី ដែល​មន្ត្រី​ស៊ើបអង្កេត​និយាយថា ជា​វិធានការ​ដើម្បី​គាំទ្រ​ដល់​របប​ម៉ា​ឌូ​រ៉ូ​។ លោក​បាន​និយាយថា «​យើង​បានឃើញ​ការរាយការណ៍​ពី​កងកម្លាំង​សន្តិសុខ​រុស្ស៊ី ដែល​ត្រូវបាន​ហោះហើរ​ចូល​»​។ «​ប្រទេស​ចិន​មិនមាន​ប្រយោជន៍​ក្នុង​មធ្យោបាយ​ការទូត​នោះទេ ខ្ញុំ​នឹង​ទុក​វា​ឱ្យទៅ​មន្ត្រីការទូត​ប៉ុន្តែ​ប្រទេស​ចិន ជាប់​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដែល​មិនបាន​ជួយ​ដល់​ប្រជាធិបតេយ្យ​នោះទេ​»​។​ ​លោក​បាន​និយាយ​អំពី​វិបត្តិ​មនុស្សធម៌ ដែល​ប្រជាជន​កំពុងតែ​ប្រឈម​យ៉ាងខ្លាំង​។ លោក​ថា ទោះបីជា​កងកម្លាំង​រប​ប​មួយ​នេះ​អាច​ស​អត់ធន់​បាន​ក៏ដោយ ក៏​កូនទាហាន​ជាច្រើន​អត់ឃ្លាន​ដូច​ប្រជាជន​ដទៃទៀត​ដែរ​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស្ថានភាព​នៃ​ការរស់នៅ​ប្រជាជន​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​កាន់តែ​លំបាក​មួយកម្រិត​ទៀត ខណៈដែល​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​មាន​ការបិទ​ខ្ទប់​នូវ​ការ​នាំចូល​ជំនួយ​មនុស្សធម៌​នៅ​ព្រំដែន​ម៉ិចស៊ិក​ដោយ​ថា វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មិនមែនជា​អ្នកសុំទាន​ទេ​៕ ​