ចិន​បញ្ជូន​ក្រុម​នាវាចម្បាំង​ជិត ១០០​គ្រឿង ដើម្បី​បំភ័យ​គម្រោង​ហ្វីលីពីន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​

ព្រឹត្តិការណ៍ថ្មីៗ
0
250
​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ កុម្ភៈ​នេះ​ថា ចិន​ត្រូវបាន​គេ​រាយការណ៍​ថា បានដាក់​ពង្រាយ​នាវាចម្បាំង ៩៥​គ្រឿង​បញ្ជូន​ទៅកាន់​កោះ Pag Asa ដែល​ស្ថិត​ក្នុងចំណោម​ប្រជុំ​កោះ​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បញ្ឈប់​ការដ្ឋាន​សំណង់​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​។​ ​យោងតាម​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ដែល​បានចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល Asia Maritime Transparency Initiative ដែល​ដំណើរការ​ដោយ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ទីក្រុង​ប៉េកាំង​ថ្មីៗ​នេះ​បាន​បញ្ជូន​ក្រុម​នាវាចម្បាំង​ពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក Subi Reef ដែល​ស្ថិតក្នុង​ចម្ងាយ​ប្រមាណ ១៩​គីឡូម៉ែត្រ​ពី​កោះ Pag Asa ឬ​កោះ​ធី​ទូ​។​ ​របាយការណ៍​នេះ​បាន​កត់សម្គាល់ថា នៅ​ថ្ងៃទី ៣ ខែធ្នូ មុន​ការចាប់ផ្តើម​ការដ្ឋាន​សំណង់​នៅលើ​កោះ Pag Asa ជាច្រើន​ថ្ងៃ ចិន​បានដាក់​ពង្រាយ​នាវាចម្បាំង​យ៉ាងហោចណាស់ ២៤​គ្រឿង​ទៅកាន់​កោះមាន​ជម្លោះ​នោះ​។ មុននេះ ការដ្ឋាន​សំណង់​នោះ​ត្រូវបាន​ផ្អាក​ដោយ​អាកាសធាតុ​មិន​អំណោយផល​។​ ​យោងតាម​កាសែត Philippine Star ក្រុម​នាវាចម្បាំង​ឆ្មាំ​ឆ្នេរ​ចិន និង​ទូក​នេសាទ​ត្រូវបាន​ប្រទះឃើញ​នៅ​ជិត​តំបន់​ទឹក​រាក់ Sandy Cay ដែល​ស្ថិត​នៅត្រឹម ៤​គីឡូម៉ែត្រ​ពី​កោះ​ធី​ទូ ឬ​ហៅថា​កោះ Pag Asa ដែលមាន​ការទាមទារ​ពី​ចិន ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម ដែល​វា​ជា​កោះធំ​ទី​ពីរ​នៅ​ប្រជុំ​កោះ​ស្ព្រេ​ត​លី​។​ ​សំណង់​ការដ្ឋាន​នេះ រដ្ឋាភិបាល​ហ្វីលីពីន​ចង់​សាងសង់​ផ្លូវ​ឡើងលើ​កោះ​ធី​ទូ​ដ៏​ចំណោទ ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​ពង្រីក​ផ្លូវ​យន្តហោះ ដែល​អាច​ឲ្យ​យន្តហោះ​ធំៗ​ចូល​ចុះចត​បាន​។ នេះ​បើតាម​ការប្រកាស​កាលពី​ខែមេសា ឆ្នាំ ២០១៧​។​ ​ទន្ទឹមនេះ Radio Free Asia (​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ជា​ភាសា​អង់គ្លេស​) បាន​និយាយថា ហ្វីលីពីន​នៅតែ​បន្ត​ការសាងសង់​នៅលើ​កោះ​ធី​ទូ​ដដែល បើទោះបីជា​នាវាចម្បាំង​ចិន​ត្រូវបាន​បញ្ជូនទៅ​ក្បែរ​នោះ​ក៏ដោយ​។​ ​លោក Delfin Lorenzana រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​បាន​និយាយថា ការជួសជុល​និង​គម្រោង​កែលម្អ​ប្រព័ន្ធ​សុវត្ថិភាព​នៅលើ​កោះ Pag-asa គឺជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​។​ ​លោក Lorenzana បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការដ្ឋាន​នោះ​ត្រូវបាន​ធ្វើឡើង​ដោយ​ការពិចារណា និង​ធ្វើ​ទៅតាម​គម្រោង​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ ហើយក៏​ស្ថិតក្រោម​សិទ្ធ​ក៏ដូចជា​អធិបតេយ្យភាព​ជាតិ​ដែរ​។​ ​បច្ចុប្បន្ននេះ ទីក្រុង​ប៉េកាំង​បាននិងកំពុង​តែ​អះអាង អាងយ៉ាង វ៉ាងទី​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​បង្កើន​សមត្ថភាព​យោធា ដើម្បី​បំភ័យ​ដល់​បណ្តា​ប្រទេស​ទាំងឡាយណា​ដែល​កំពុងតែ​ទាមទារ​ជាមួយ​ខ្លួន​។ កាលពី​ឆ្នាំ ២០១៦ តុលាការ​អាជ្ញាកណ្តាល​អ​ន្ត​រ​ជាតិ នាទី​ក្រុងឡាអេ​បានចេញ​សេចក្តីសម្រេច​គាំទ្រ​ទីក្រុង​ម៉ានីល​ម្តង​ហើយ ដោយ​ទាត់​ចោលការ​វ៉ាង​របស់​ចិន នៅក្នុង​តំបន់​៕