គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ទៅលើ​កូរ៉េខាងជើង ខណៈដែល​ប្រទេស​នេះ​កំពុង​សាងសង់​មូលដ្ឋាន​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើងវិញ​

ព្រឹត្តិការណ៍ថ្មីៗ
0
294
​សារព័ត៌មាន Daily Mail បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៨ មីនា​នេះ​ថា មាន​ករណី​គ្រោះ​រញ្ជួយ​ដី​មួយកន្លែង​បាន​កើតឡើង​នៅក្នុង​ទីក្រុង​រ៉ែ​មួយ នា​ប្រទេស​កូរ៉េខាងជើង​។​ ​គ្រោះ​រញ្ជួយ​ដី​កម្រិត ២, ១​រ៉ិ​ច​ទ័​រ​ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង​តូច​មួយ​របស់​កូរ៉េខាងជើង នៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង កាលពី​ពាក់កណ្តាល​ថ្ងៃត្រង់​នា​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​អ្នកជំនាញ​ខាង​ឧ​ត្តុ​និយម​កូរ៉េខាងត្បូង​បាន​និយាយថា គ្រោះ​រញ្ជួយ​ដី​នេះ​ទំនងជា​បណ្តាលមកពី​ការផ្ទុះ​។ កាសែត Korean Times បាន​រាយការណ៍​ថា គ្រោះ​រញ្ជួយ​ដី​ដែលមាន​លក្ខណៈ​សិប្បនិម្មិត​នេះ គឺ​ស្ថិតនៅ​ផ្ទៃដី​ខាងលើ​។​ ​គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​របាយការណ៍​ថា កូរ៉េខាងជើង​កំពុងតែ​សាងសង់​ទីតាំង​បាញ់​បង្ហោះ​ផ្កាយរណប​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើងវិញ ដែល​ប្រទេស​នេះ​បាន​រុះរើ​កាលពី​ឆ្នាំមុន​។​ ​របាយការណ៍​ចុងក្រោយ​ស្តីពី​ផលិត​នុយក្លេអ៊ែរ​ឡើងវិញ​ពី​សំណាក់​កូរ៉េខាងជើង បាន​លេចឡើង​បន្ទាប់ពី​ជំនួប​កំពូល​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​បានទទួល​បរាជ័យ នៅក្នុង​ការចរចា ដែល​ធ្វើឡើង​នាទី​ក្រុង​ហាណូយ​ថ្មីៗ​នេះ​។​ ​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ឡើងវិញ បើទោះបីជា​សមយុទ្ធ​នេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ក៏ដោយ ក៏​សមយុទ្ធ​នេះ​ត្រូវបាន​គេ​មើលឃើញថា គឺជា​ការផ្ញើ​សារ​មួយ​ថា កងកម្លាំង​សហរដ្ឋអាមេរិក​នៅតែ​ឃ្លាំមើល​កូរ៉េខាងជើង​គ្រប់ពេល​។​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​ច​ន បុល​ថុ​ន​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹងដាក់​ទណ្ឌកម្ម​បន្ថែមទៀត​ទៅលើ​កូរ៉េខាងជើង បើ​ប្រទេស​នេះ​នៅតែ​មិន​ព្រម​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕ ​