កាំភ្លើង​រ៉ាឌីកាល​ថ្មី​របស់​អាមេរិក អាច​បាញ់​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​រហូតដល់​ទៅ​៧​ដង​អាច​ទម្លុះ​ជញ្ជាំង​បេតុង​នៅ​ចម្ងាយ​១៦០​គ​.​ម​

ព្រឹត្តិការណ៍ថ្មីៗ
0
284
​កាំភ្លើង​រ៉ាឌីកាល​ថ្មី​របស់​អាមេរិក ដែល​គេ​ចាត់ទុកថា​ជា​អាវុធ​ក្នុង​“​សង្គ្រាម​ពិភព​ផ្កាយ​”​និង​អាច​បាញ់​ក្នុង​ល្បឿន​លឿន​៧​ដង​ជាង​សំឡេង​របស់​វា​នោះ ត្រូវ​បានដាក់​បង្ហាញជូន​សាធារណជន​ជា​លើកដំបូង​។​ ​កាំភ្លើង​ដែល​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​ចាត់ទុកថា​ជា “​បច្ចេកវិទ្យា​សង្គ្រាម​ពិភព​ផ្កាយ​”​នេះ អាច​បាញ់​គ្រាប់​ក្នុង​ល្បឿន​លឿន​៧​ដង​នៃ​សំឡេង​របស់​វា ហើយ​ថែមទាំង​អាច​ទម្លុះ​ជញ្ជាំង​បេតុង​នៅ​ចម្ងាយ​១៦០​គ​.​ម​បា​នប​ថែម​ទៀតផង​។​ ​កាំភ្លើង​មហា​ប្រល័យ​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវ​បានដាក់​បង្ហាញជូន​សាធារណជន​ទស្សនា​ជា​លើកដំបូង​នៅឯ​ពិព័រណ៍​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្លាំង​អនាគត​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក នៅឯ​មជ្ឈមណ្ឌល Walter E. Washington Convention Center ស្ថិតក្នុង​ទីក្រុង​វ៉ា​ស៊ី​ង​តោន​។​ ​ជាមួយនឹង​ការប្រើប្រាស់​ថាមពល​អេ​ឡិច​ត្រូ​ម៉ាញ៉េទិក កាំភ្លើង​មួយ​នេះ អាច​បាញ់​គ្រាប់​ទម្ងន់​១០​គ​.​ក​ក្នុង​ល្បឿន​៨.៧០០​គ​.​ម​ក្នុង​១​ម៉ោង​ក្នុង​រយៈ​ចម្ងាយ​១៦០​គ​.​ម ដោយ​កម្លាំង​ខ្លាំង​បែបនេះ វា​អាច​ទម្លុះ​ជញ្ជាំង​បេតុង​៣​ជាន់ ឬ​ដែកថែប​កម្រាស់​១៦​សង់ទីម៉ែត្រ​កន្លះ​។   ​គំរូ​ដើម​នៃ​អាវុធ​នេះ ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​សម្រាប់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដែល​គំរូ​ដើមទី​១ ផលិតឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស BAE និង​គំរូ​ដើមទី​២ ដោយ​ក្រុមហ៊ុន​អាមេរិក​។​ ​លោក​អនុ​ឧ​ត្ត​ម​នារី​ឯក Matthew Klunder គឺជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​និយាយថា កាំភ្លើង​អេ​ឡិច​ត្រួ​ម៉ាញ៉េទិក​ដ៏​ទំនើប​នេះ បាន​សាកល្បង​បាញ់​លើដី​រួចទៅហើយ ហើយ​វា​នឹងត្រូវ​បំពាក់​លើ​នាវា​ល្បឿន​លឿន USNS Millinocket សម្រាប់​ការសាកល្បង​ក្នុង​សមុទ្រ​។​ ​លោក​បន្តថា ឥឡូវ​វា​ក្លាយជា​ការពិត វា​មិនមែនជា​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​ទៀត​ទេ​។​ ​លោក​បាន​បន្តថា កាំភ្លើង​មួយ​នេះ ប្រើប្រាស់​តែ​ថាមពល​អគ្គិសនី​ប៉ុណ្ណោះ គ្មាន​ជាតិ​រំសេវ​នោះទេ ហើយ​វា​គឺជា​អាវុធ​មហា​ប្រល័យ​មួយ​ដែល​នឹងត្រូវ​ប្រើប្រាស់​ពេល​មាន​សង្គ្រាម​ជើង​ទឹក​។ ​លោក Klunder បញ្ជាក់ថា វា​នឹង​ជួយ​ពួកយើង​ការពារ​ដែនអាកាស វា​នឹង​ជួយ​ពួកយើង​ក្នុងការ​ការពារ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ហើយ​វា​នឹង​ជួយ​ពួកយើង​ក្នុងការ​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​ឆ្ងាយ ពីព្រោះថា កាំភ្លើង​សង្គ្រាម​ពិភព​ផ្កាយ​នេះ ពិតជា​មាន​អានុភាព​ខ្លាំងណាស់​។​ ​សូមបញ្ជាក់ថា នាវា​ច្បាំង​អាច​ផ្ទុក​មី​ស៊ី​ល​រាប់សិប​ដើម​ប៉ុណ្ណោះ ដែល​មី​ស៊ី​ល​ក្នុង​១​ដើម​តម្លៃ​ប្រហែល​៦​សែន​ផោន ប៉ុន្តែ​វា​នឹង​អាច​ផ្ទុក​គ្រាប់កាំភ្លើង​អេ​ឡិច​ត្រូ​ម៉ាញ៉េទិក​រាប់រយ​គ្រាប់ ដែល​ក្នុង​១​គ្រាប់​មានតម្លៃ​១៥.០០០​ផោន​៕ ​