អា​ភិ​ស៊ីត លាលែង​ពី​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ក្រោយ​ការ​ចាញ់ឆ្នោត​ងើបមុខ​លែងរួច

ព្រឹត្តិការណ៍ថ្មីៗ
0
268
(​ទីក្រុង​បាងកក​)៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក អា​ភិ​ស៊ីត វាចា​ជីវ៉ា បាន​លាលែង​ពីមុខ​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់ពី​ការបង្ហាញ​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤ មីនា​ម្សិលមិញ​។​ ​គណបក្សនយោបាយ​ដែលមាន​អាយុ​ចាស់​ជាងគេ​នៅ​ប្រទេស​ថៃ​មួយ​នេះ ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​បួន ក្នុងការ​បោះឆ្នោត​។​ ​លោក​អ​ភី​ស៊ីត ដែលជា​នាយករដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១១ បាន​និយាយថា «​ខ្ញុំ​ត្រូវតែមាន​ទំនួល​ខុសត្រូវ​លើ​រឿងនេះ​។ ខ្ញុំ​លាលែង​ពី​ភាពជា​អ្នកដឹកនាំ​របស់ខ្ញុំ​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ​»​។​ ​ការប្រកាស​លាលែង​ពី​តំណែង​របស់លោក​អភិ​ស៊ីត​នាពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ការរាប់​សន្លឹកឆ្នោត​។ អ្វីដែល​បានធ្វើ​ឲ្យ​លោក​អភិ​ស៊ីត​អស់សង្ឃឹម គឺ​គណបក្ស​អាណា​ខុ​ត​ម៉ៃ ដែលជា​គណបក្ស​ទើប​បង្កើត​ថ្មី​ឈរ​នៅ​លេខ​រៀង​ទី​៣ គឺ​នាំមុខ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​អា​ភី​ស៊ីត ដោយ​គណបក្ស​នោះ​ទទួលបាន​សម្លេង ៥​លាន​សន្លឹក ខណៈដែល​គណ​ប​ក្រ​របស់លោក​អា​ភិ​ស៊ីត ដែលជា​គណបក្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ទទួល​បានតែ ៣​លាន​សន្លឹក​តែប៉ុណ្ណោះ​។​ ​ការរាប់​សន្លឹកឆ្នោត បានចាប់ផ្ដើម​ធ្វើឡើង​ភ្លាមៗ ក្រោយពី​ការបោះឆ្នោត​បានបញ្ចប់​នៅ​ម៉ោង​៥​ល្ងាច ម៉ោង​ក្នុងស្រុក​។​ ​ការស្ទង់មតិ​ក្រោយ​ការបោះឆ្នោត​ដំបូង​បាន​បង្ហាញថា គណបក្ស​ភឿ​ថៃ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Thaksin Shinawatra បាន​នាំមុខ ប៉ុន្តែ​លទ្ធផល​ផ្លូវការ​បឋមៗ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ បាន​បង្ហាញថា​គណបក្ស Phalang Pracharat ដែលមាន​ក្រុម​យោធា​នៅ​ពីក្រោយ​នោះ បាន​នាំមុខ​ទៅវិញ​។​   ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ត្រូវបាន​ញាំញី​ដោយ​ការចោទប្រកាន់​អំពី​ការទិញ​សន្លឹកឆ្នោត ប៉ុន្តែ មានការ​តវ៉ា​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ថ្ងៃ​បោះឆ្នោត ដោយមាន​ការចូលរួម​ពី​ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​មកពី​ប្រទេស​អូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក និង​ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន​ផងដែរ​។​ ​សន្លឹកឆ្នោត ៩៤​ភាគរយ​ត្រូវបាន​រាប់​នៅ​យប់​ថ្ងៃអាទិត្យ គណបក្ស​ដែល​គាំទ្រ​យោធា ផា​ឡាង ប្រា​ឆា​រ៉ា​ត ទទួលបាន​សន្លឹកឆ្នោត ៧​លាន ៦៩​ម៉ឺន​សម្លេង រីឯ​គណបក្ស​ភឿ​ថៃ ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក​ថាក់ស៊ីន​ទទួលបាន ៧​លាន ២០​ម៉ឺន​សម្លេង​តែប៉ុណ្ណោះ​។​ ​លោក​ថាក់ស៊ីន ឬ​មេដឹកនាំ​ថៃ​ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក​ថាក់ស៊ីន តែង​ឈ្នះ​រាល់​ការបោះឆ្នោត​លើក​មុនៗ ចាប់តាំងពី​ឆ្នាំ ២០០១​មក​។ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​លទ្ធផល​ចុងក្រោយ​នេះ អាច​បង្ហាញ​ពី​ក្តី​ប្រាថ្នា​របស់​អ្នកបោះឆ្នោត​ឲ្យ​លោក​ថាក់​ស៊ី ចាក​ចេញពី​ឆាកនយោបាយ ដែល​ធ្លាប់មាន​ប្រជាប្រិយភាព​កាលពី​អតីតកាល​។​ ​គណៈកម្មាធិការ​បោះឆ្នោត​របស់​ប្រទេស​ថៃ​បាន​និយាយថា ខ្លួន​នឹង​ប្រកាស​លទ្ធផល​បឋម​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​បាន​ផ្អាក​ការសន្យា​ជា​ផ្លូវការ​ចុងក្រោយ​របស់ខ្លួន​វិញ ដែល​ការផ្អាក​នេះ​ញ៉ាំង​ឲ្យ​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​ក្រុម​អ្នកសង្កេតការណ៍​។​ ​ក្រុម​អ្នក​រិះគន់​បាន​ច​ង្អុ​រ​បង្ហាញ​ទៅកាន់​សន្លឹកឆ្នោត​ដែល​ត្រូវ​រាប់​ថា​មាន​ភាពមិនប្រក្រតី រួមទាំង​សន្លឹកឆ្នោត​ជិត ២​លាន​សន្លឹក​គ្មាន​បានការ​។ ​ការបោះឆ្នោត​នេះ​គឺជា​លើកទីមួយ​ហើយ ចាប់តាំងពី​ពួកយោធា​បាន​កាន់អំណាច​នៅក្នុង​ការធ្វើ​រដ្ឋប្រហារ​មួយ កាលពី​ឆ្នាំ ២០១៤​។​ ​គណៈកម្មាធិការ​បោះឆ្នោត​បានដាក់​អត្រា​អ្នក​ទៅ​បោះឆ្នោត​ក្នុង​អត្រា​ប្រហែល ៦៦​ភាគរយ​នៃ​អ្នកបោះឆ្នោត​ជិត ៥២​លាន​នាក់ ដែល​អត្រា​នេះ​មាន​ចំនួន​តិចជាង​ការរំពឹងទុក​។​ ​អគ្គលេខាធិការ​ភឿ​ថៃ លោក Poomtham Wecchayachai បាន​បង្ហាញថា គណបក្ស​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។​ ​ក្រុម​អ្នក​រិះគន់​បាន​និយាយថា ច្បាប់បោះឆ្នោត​ថ្មី​ត្រូវបាន​បង្កើតឡើង ដើម្បី​ធ្វើឱ្យប៉ះពាល់​ដល់​គណបក្ស​ធំ ៗ ដូចជា​គណបក្ស​ភឿ​ថៃ ហើយ​ធ្វើ​ឲ្យ​យោធា​អាច​បន្ត​កាន់អំណាច​តទៅទៀត​៕ ​