ចិន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ចូល​ដែនទឹក​តៃវ៉ាន់ ដើម្បី​គម្រាម​តៃវ៉ាន់ និង​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
259
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​ថា កងកម្លាំង​ទ័ព​រំដោះប្រជាជន​ចិន​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ពអាកាស និង​កងទ័ពជើងទឹក​យ៉ាង​សម្បើម​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ដែលជា​ដែនទឹក​មាន​ជម្លោះ ដើម្បី​បញ្ជូន​សារ​គម្រាម​ទៅកាន់​សហរដ្ឋអាមេរិក ជាទី​ដែល​សហរដ្ឋអាមេរិក​តែងតែ​ធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​តំបន់​នេះ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​បញ្ជាការ​ជាន់ខ្ពស់​ចិន លោក Zhang Zhonghui បានប្រកាសថា កងទ័ព​រំដោះប្រជាជន​ចិន​បាន​បញ្ជូន​កងកម្លាំង​ទ័ពអាកាស និង​កងទ័ពជើងទឹក​របស់ខ្លួន​យ៉ាង​សម្បើម​រួមមាន​ទាំង​ក្រុម​នាវាចម្បាំង​រាប់សិប​គ្រឿង យន្តហោះ​ទម្លាក់​គ្រាប់បែក យន្តហោះ​ឈ្លបយកការណ៍ ធ្វើការ​ហោះហើរ​ព័ទ្ធជុំវិញ​កោះ​តៃវ៉ាន់ និង​ធ្វើការ​សាកល្បង​សមត្ថភាព​នៃ​ប្រតិបត្តិកា​រ​សមាហរណកម្ម​ពហុ​សេវាកម្ម​។ លោក​ថា សមយុទ្ធ​នេះ​សមយុទ្ធ​នេះ គឺជា​កិច្ចព្រមព្រៀង​មួយ​នៅក្នុង​ផែនការ​ប្រចាំឆ្នាំ និង​សិទ្ធ​ស្របច្បាប់​នៃ​អធិបតេយ្យភាព​រដ្ឋ​។​ ​លោក Zhang បាន​បន្ថែមថា សមយុទ្ធ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​រក្សា​នូវ​សន្តតិ​ភាព និង​ស្ថេរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​។ លោក​បន្តថា «​កងកម្លាំង​ប្រចាំការ​នៅ​បញ្ជាការ​ភូមិភាគ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​តែងតែ​រក្សា​បេសកកម្ម និង​កិច្ចការ​របស់​ពួកគេ​»​។​ ​ថ្លែង​ក្នុង​ពិធី​មួយ​ដែល​ប្រារព្ធ​រំលឹក​ខួប​លើក​ទី​៤០ នៃ​ចំណងទាក់ទង​រវាង​អាមេរិក និង​តៃវ៉ាន់ លោក James Moriarty បាន​ព្រមាន​ថា «​ការប៉ុនប៉ង​ណាមួយ ដើម្បី​ជះឥទ្ធិពល​លើ​កោះ​តៃវ៉ាន់​តាមរយៈ​ការគំរាមកំហែង ឬ​ការបង្ខិតបង្ខំ​យើង​ជឿជាក់ថា នឹង​ធ្វើឱ្យ​អស្ថិរភាព​នៅក្នុង​តំបន់​នេះ និង​គំរាមកំហែង​ដល់​ស្ថិរភាព នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​» ។​ ​ដោយឡែក ខាង​តៃវ៉ាន់​វិញ​បានដាក់​ពង្រាយ​កងទ័ព​អាកាស និង​កងទ័ពជើងទឹក ដើម្បី​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​របស់​ចិន​នេះ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា «​ការប៉ុនប៉ង​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​តាមរយៈ​ប្រតិបត្តិការ​យោធា និង​សង្គ្រាម​មតិយោបល់​សាធារណៈ មិនមាន​ផលប្រយោជន៍​ដល់​សន្តិភាព​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ប៉ះពាល់​ដល់​ស្ថេរភាព​ក្នុង​តំបន់​»​។​ ​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ចិន​ធ្វើ​សមយុទ្ធ​ខិត​ទៅរក​តៃវ៉ាន់​។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ចិន​បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ខិត​ទៅរក​តៃវ៉ាន់ ដោយមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រឿង​។ ជាមួយ​សមយុទ្ធ​នេះ អ្នកវិភាគ​ថា គឺជា​ការ​គម្រាម​ដល់​តៃវ៉ាន់​ចំពោះ​ការប្រកាស​ឯករាជ្យ​។ ចិន​បាន​គម្រាម​ផងដែរ​ថា បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ នឹងត្រូវ​ជួប​ជាមួយ​ការប្រើ​កណ្តាប់ដៃ​ដែក​របស់​ទីក្រុង​ប៉េកាំង​៕ ​