កងកម្លាំង​លោក​ហា​ហ្វ​តា​ប្រកាស​ពី​ការបើក​ការវាយប្រហារ​ជំហាន​ទី​២ ទៅលើ​រដ្ឋធានី​ទ្រី​ប៉ូ​លី

ព្រឹត្តិការណ៍ថ្មីៗ
0
220
​អគ្គបញ្ជាការ​ទ័ព​នៃ​កងកម្លាំង​ជាតិ​លី​ប៊ី លោក Marshal Khalifa Haftar បានប្រកាស​ពី​ការចាប់ផ្តើម​ឈុត​ឆាត​ប្រយុទ្ធ​ជំហាន​ទី​២ ទៅលើ​រដ្ឋធានី​ទ្រី​ប៉ូ​លី​។ នេះ​បើតាម​ប្រពន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដែល​បាន​រាយការណ៍ ដោយបាន​ស្រង់​ពី​អ្នកនាំពាក្យ​កងកម្លាំង​ជាតិ​លី​ប៊ី​។​ ​យោងតាម​អ្នកនាំពាក្យ​កងកម្លាំង​ជាតិ​លី​ប៊ី ដំណាក់កាល​ទី​២ នៃ​ការបើក​ការវាយលុក​ទៅលើ​រដ្ឋធានី​ទ្រី​ប៉ូ​លី គឺធ្វើឡើង​ដោយ​ប្រើ​កងទ័ព​ថ្មើរជើង ក្រោយពី​បាន​បិទ​បញ្ចប់​ការវាយលុក​ដំណាក់កាល​ទីមួយ​មក​។​ ​ជាការ​ឆ្លើយតប កងកម្លាំង​នៃ​រដ្ឋាភិបាល​កិច្ចព្រមព្រៀង​លី​ប៊ី ដែលមាន​អង្គការសហប្រជាជាតិ​នៅ​ពីក្រោយ​ខ្នង បាន​បញ្ជា​ដាច់​ណាត់​ដល់​កងកម្លាំង​រប​ស់​ខ្លួន​ឲ្យ​ប្រយុទ្ធ​ទប់ទល់​ដាច់ខាត​ជាមួយ​កងកម្លាំង​ជាតិ​លី​ប៊ី​។​   ​ដំណាក់កាល​នៃ​ការវាយលុក​ទៅលើ​រដ្ឋាភិបាល​កិច្ចព្រមព្រៀង​លី​ប៊ី ដែល​ធ្វើឡើង​ដោយ​កងកម្លាំង​ជាតិ​លី​ប៊ី​នៅ​ភាគ​ខាងកើត​បញ្ជា​ដោយ​លោក​ហា​ហ្វ​តា ឃើញថា កងកម្លាំង​ជាតិ​លី​ប៊ី​មានប្រៀប​លើ​សមរភូមិ​បន្តិច ជាពិសេស​ដណ្តើមបាន​ទី​ក​ហ្រុ​ង​មួយចំនួន​នៅ​ជាយក្រុង​ទ្រី​ប៉ូ​លី និង​ចុងក្រោយ​ទម្លាក់​គ្រាប់បែក និង​វាយប្រហារ​ធ្ងន់ធ្ងរ​ទៅលើ​អាកាសយានដ្ឋាន​ទ្រី​ប៉ូ​លី​ថែម​ទៀតផង​។ ប៉ុន្តែ​ដោយសារតែ​ការបញ្ជា​ពី​អគ្គបញ្ជាការ​ទ័ព​កំពូល​របស់​រដ្ឋាភិបាល​កិច្ច​ព្រៀម​ព្រៀង កងកម្លាំង​រដ្ឋាភិបាល​នេះ​បាន​បើក​ប្រតិបត្តិការ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ទប់​ទល់នឹង​ការឈ្លានពាន​របស់​កង​កម្លាំង​ជាតិ​លី​ប៊ី និង​បាន​ដណ្តើមយក​ទីក្រុង​មួយចំនួន​មកវិញ​។ កងកម្លាំង​រដ្ឋាភិបាល​កិច្ចព្រមព្រៀង​លី​ប៊ី​បាន​សម្រុក​មួយ​ជំហាន បង្ខំ​ឲ្យ​រដ្ឋាភិបាល​ជាតិ​លី​ប៊ីដ​ក​ថយ​មួយ​ជំហាន​។​ ​ការប្រយុទ្ធ​គ្នា​ដែល​កំពុង​កើតមាន​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក​ហា​ហ្វ​តា​បញ្ជា​កងកម្លាំង​វាយ​ទៅលើ​រដ្ឋធានី​ទ្រី​ប៉ូ​លី ក្នុង​គោលបំណង​ឈានទៅរក​ការចូល​កាន់​កាន់​ទីក្រុង​ធំ​មួយ​នេះ​។​ ​សង្គ្រាម​លី​ប៊ី​បាន​ផ្ទុះឡើង​ក្រោយ​ពេលដែល​កា​ដា​ហ្វី​ត្រូវ​សម្លាប់​ដោយ​កណ្តាប់ដៃ​រាស្ត្រ បន្ទាប់ពី​រាស្ត្រ​បាន​អូស ក មេដឹកនាំ​រូបនោះ​ចេញពី​ក្នុង​លូ ក្រោយ​កងកម្លាំង​ចម្រុះ​បាន​វាយ​ផ្តាច់ និង​បាន​កម្ទេច​កងកម្លាំងរ​បស់​លោក​កា​ដា​ហ្វី​។ កងកម្លាំង​កា​ដា​ហ្វី​នៅតែ​បន្ត​អូសបន្លាយ​រហូតមកទល់​ពេលនេះ នៅពេលដែល​កងកម្លាំង​បាន​ផ្គុំ​កម្លាំង​វាយបក​ទៅលើ​រដ្ឋាភិបាល​កិច្ចព្រមព្រៀង​៕ ​