រុស្ស៊ី​កំពុង​ត្រៀម​ធ្វើ​សមយុទ្ធ​មហា​សម្បើម ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន ខណៈដែល​អ្នកវិភាគ​លើកឡើងថា រុស្ស៊ី​កំពុង​ធ្វើ​សមយុទ្ធ ដើម្បី​ត្រៀមខ្លួន​សម្រាប់​សង្គ្រាមលោក​

ព្រឹត្តិការណ៍ថ្មីៗ
0
315
(​ទីក្រុង​មូ​ស្គូ​)៖ នៅ​ថ្ងៃ​ថ្ងៃ​អង្គារ​ស្អែក​នេះ រុស្ស៊ី​នឹង​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​មហា​សម្បើម​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន​របស់ខ្លួន ដោយមាន​កងទ័ព​ប្រមាណ ៣០​ម៉ឺន​នាក់ រួមទាំង​វត្តមាន​កងទ័ព​រំដោះប្រជាជន​ចិន​មក​ចូលរួម​ជាមួយ​រុស្ស៊ី ដើម្បី​ធ្វើ​ឲ្យ​សមយុទ្ធ​មហា​សម្បើម​នេះ ប្រព្រឹត្តទៅ​កាន់តែ​គគ្រឹកគគ្រេង​បន្ថែមទៀត​។​ ​ការដាក់​ពង្រាយ​ទ័ព​កងកម្លាំង​ចិន និង​ម៉ុង​ហ្គោល ដែល​ហៅថា Vostok-2018 នឹងត្រូវ​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ស៊ី​បឺ​រី​របស់​រុស្ស៊ី នៅ​ថ្ងៃទី​១១ កញ្ញា​ស្អែក​នេះ​។​ ​សមយុទ្ធ​មហា​សម្បើម​ជា​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​នេះ នឹងធ្វើ​ឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​បណ្តា​ប្រទេស​លោកខាងលិច ជាមួយ​រុស្ស៊ី​ជុំវិញ​ករណី​ចោទប្រកាន់​ពីបទ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​លោកខាងលិច និង​ជម្លោះ ដែល​កំពុងតែបន្ត​នៅ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។​ ​ស្រដៀង​នឹង​ការបង្ហាញ​កម្លាំង​មហា​សម្បើម​នេះដែរ កាលពី​ឆ្នាំ ១៩៨១ សហភាពសូវៀត​ធ្លាប់​បង្ហាញ​កម្លាំង​របស់​ខ្លួន​ម្តង​រួចមកហើយ ដោយមាន​កម្លាំង​ទ័ព​ធ្វើ​សមយុទ្ធ​ចន្លោះ​ចាប់ពី ១០ ទៅ ១៥​ម៉ឺន​នាក់ ដែល​សមយុទ្ធ​នោះ​មាន​ឈ​ញ​មោះ​ថា Zapad-81​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergei Shoigu បាន​និយាយ​នាពេលនេះ​ថា សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ​មានការ​ចូលរួម​ពី​កងកម្លាំង ៣០​ម៉ឺន​នាក់ យាន​យោធា ៣៦ ០០០​គ្រឿង យន្តហោះ​ចម្បាំង​ជាង ១​ពាន់​គ្រឿង និង​នាវាចម្បាំង​ជាង ៨០​គ្រឿង​។ លោក​រដ្ឋមន្ត្រី​បាន​និយាយថា រូបភាព​នៃ​សមយុទ្ធ​ដ៏​ធំ ដែល​ធ្វើឡើង​ក្នុងពេល​តែមួយ​នេះ គឺធ្វើឡើង​ក្នុង​លក្ខ​ណ្ឌ​ដែល​អាចមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ណាមួយ ដែល​អាច​នឹង​កើតមានឡើង​។​ ​កងទ័ព​រុស្ស៊ី​នឹងធ្វើ​ការបង្ហាញ​នូវ​គ្រឿង​សព្វាវុធ​ស៊េរី​ថ្មី​ដូចជា គ្រាប់​មី​ស៊ី​ល Iskander ដែលជា​មី​ស៊ី​លអាច​បំពាក់​ក្បាល​គ្រាប់​បាន រថក្រោះ T-80 និង T-90 យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី Su-34 និង​យន្តហោះ​ចម្បាំង Su-35​។ ទំហំ​នៃ​សមយុទ្ធ​រុស្ស៊ី​នាពេលនេះ ត្រូវបាន​គេ​មើលឃើញថា មាន​ទំហំ​ធំ​ជាង​លើក​មុន​។ កាលពី​ឆ្នាំមុន រុស្ស៊ី​មាន​កងទ័ព​ចូលរួម​ត្រឹមតែ ១២​ម៉ឹ​ន​នាក់​តែប៉ុណ្ណោះ​។​ ​សង្គ្រាមលោក​នាពេល​អនាគត​​អ្នកវិភាគ​យោធា​រុស្ស៊ី លោក Pavel Felgenhauer បាន​និយាយថា សមយុទ្ធ​របស់​រុស្ស៊ី​នាពេលនេះ គឺធ្វើឡើង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សង្គ្រាមលោក​នាពេលខាងមុខ​។​ ​លោក​និយាយថា អគ្គមេបញ្ជាការ​ទ័ព​ជឿថា វា​នឹង​កើតឡើង​ក្រោយ​ឆ្នាំ ២០២០ នៅក្នុង​រូបភាព​នៃ​ការផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​។ សត្រូវ​ដ៏​ធំ​របស់​រុស្ស៊ី គឺ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​។ យោងតាម​អ្នកវិភាគ​រូបនោះ ទោះបីជា​ចិន​បាន​បញ្ជូន​ទ័ព​របស់ខ្លួន​ត្រឹមតែ ៣ ២០០​នាក់​ក៏ពិតមែន ប៉ុន្តែ​វា​ក៏​ដើរតួ​សំខាន់​នៅក្នុង​សមយុទ្ធ​នេះដែរ​។ ​បើតាម​អ្នកវិភាគ​រូបនោះ សមយុទ្ធ​របស់​រុស្ស៊ី​នេះ មិនមែនជា​ការព្រមាន ឬ​ការផ្ញើ​សារ​នោះទេ ប៉ុន្តែ​វា​គឺជា​ការត្រៀមខ្លួន​សម្រាប់​សង្គ្រាមលោក​ទ្រង់ទ្រាយ​ធំ​ហើយ​។ យ៉ាងនេះ​ក្តី​រដ្ឋាភិបាល​រុស្ស៊ី​បាន​បដិសេធថា សមយុទ្ធ​របស់ខ្លួន​មិនបាន​បង្ការ​ព្រួយបារម្ភ​ដល់​អ្នកណា​នោះទេ​។​ ​ទំនាក់ទំនង​រវាង​រុស្ស៊ី ជាមួយ​លោកខាងលិច​មាន​ភាព​តានតឹង​កាន់តែខ្លាំង ចាប់តាំងពី​ការភ្ជាប់​តំបន់​គ្រី​មៀ​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន​កាលពី​ឆ្នាំ ២០១៤​មក​។ បន្ទាប់ពី​បាន​កាត់​យក​តំបន់​គ្រឿ​មៀ​ហើយ អង្គការ​ណា​តូ​ត្រូវបាន​គេ​មើលឃើញថា បាន​ពង្រីក​កម្លាំង​រប​ស់​ខ្លួន​កាន់តែខ្លាំង​ទៅរក​ប្រទេស​សម្ព័ន្ធមិត្ត​។ វិមាន​ក្រឹម​ឡាំង​បាន​ចោទថា អង្គការ​នេះ​កំពុងតែ​បញ្ជូន​ទ័ព​ទៅ​ប្រឈមមុខ​ដាក់ខ្លួន​។ ជាការ​ឆ្លើយតប រុស្ស៊ី​បានធ្វើ​សមយុទ្ធ​ជា​ញឹកញាប់​។ ជាក់ស្តែង​កាលពី​សប្តាហ៍​មុន រុស្ស៊ី​បានធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​យ៉ាង​ឱឡារិក ចំពេល​ដែលមាន​ភាព​តឹង​តឹង​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​សំណុំរឿង​ស៊ី​រី​។ សមយុទ្ធ​របស់​រុស្ស៊ី​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នេះ គេ​ឃើញ​មាន​នាវាចម្បាំង​ជាង ២០​គ្រឿង ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ត្រៀម​ជួយ​រដ្ឋាភិបាល​អាសាដ​៕​