ឥណ្ឌា​នេ​ស៊ី​តម្លើង​ធ្មង់​ដាក់​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​អ្នកនេសាទ​វៀតណាម​ត្រូវបាន​ចោទថា​រំលោភ​ចូល​ដែនទឹក​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
266
​យោងតាម​សារព័ត៌មាន ABC News នៅ​ថ្ងៃទី​៣០ មេសា​នេះ​បាន​ឲ្យ​ដឹងថា នាវា​ល្បាត​ឥណ្ឌា​នេ​ស៊ី​មួយគ្រឿង​ត្រូវបាន​បើក​បំ​បុក​ដោយ​នាវា​ឆ្មាំ​សមុទ្រ​វៀតណាម ខណៈដែល​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​ស្វែងរក​ការចាប់​នាវា​នេសាទ​ត្រី​ខុសច្បាប់​វៀតណាម នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​។​ ​ឥណ្ឌូនេស៊ី​បាន​ចោទប្រកាន់​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​វៀតណាម​ថា​បាន​បុក​ទូក​របស់ខ្លួន ដើម្បី​រារាំង​ទូក​ចម្បាំង​របស់ខ្លួន​មិន​ឲ្យ​ចាប់​ទូក​នេសាទ​ខុសច្បាប់​វៀតណាម ដែលជា​កូនចៅ​របស់​ពួកគេ រីឯ​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​វិញ បានប្រកាស​ពី​ការឆ្លើយតប​ទៅនឹង​ទង្វើ​នេះ​ដោយ​នឹងធ្វើ​ការបាញ់​ពន្លិច​ទូក​នេសាទ​បរទេស​ទាំងអស់​។​ ​ក្រោយ​ហេតុការណ៍​នេះ ទីក្រុង​ចា​កាតា​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​ឲ្យ​ចូល​បំភ្លឺ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បាន​ឃាត់ខ្លួន​អ្នកនេសាទ​ត្រី​វៀតណាម​។​ ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បាន​និយាយថា នាវា​ឆ្មាំ​សមុទ្រ​វៀតណាម​ចំនួន ២​គ្រឿង​បាន​ព្យាយាម​រារាំង​ទូក​កងទ័ព​មិន​ឲ្យ​ចុះ​ចាប់​នាវា​ន​សាទ​ទាំងនោះ ដោយ​មិនតែប៉ុណ្ណោះ​នាវា​ឆ្មាំ​ឆ្នេរ​វៀតណាម​ថែមទាំង​បាន​បើក​គៀ និង​បុក​ទៅលើ​នាវា​ល្បាត​ឥណ្ឌូនេស៊ី​ថែមទៀត​ផង​។​ ​យ៉ាងហោចណាស់​មាន​អ្នកនេសាទ​ត្រី​វៀតណាម ២​នាក់​បាន​លោត​ចូលទៅក្នុង​ទឹក ដើម្បី​គេចចេញ​ពី​ការចាប់ខ្លួន​។ ក្រោយមក ពួក​អ្នក​ទាំងពីរ​នោះ​ត្រូវបាន​ឆ្មាំ​សមុទ្រ​វៀតណាម​មកជួយ និង​គេចខ្លួន​បាត់ស្រមោល​។ នេះ​បើតាម​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​។​ ​យោងតាម​សេចក្តីថ្លែងការណ៍​ធ្វើឡើង​ដោយ​វរសេនីយ៍ Yudo Margono ដែលជា​មេបញ្ជាការ​ប្រចាំ​កង​នាវាចម្បាំង​ភាគ​ខាងលិច​របស់​ឥណ្ឌា​នេ​ស៊ី​បាន​ឲ្យ​ដឹងថា ទូក​នេសាទ​វៀតណាម​ត្រូវបាន​ស្ទាក់ដំណើរ​នៅក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​នៅត្រង់​ប្រជុំ​កោះ​ណា​ទូ​ណា ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ឥណ្ឌូនេស៊ី​បាន​ឃាត់ខ្លួន​អ្នកនេសាទ​វៀតណាម ១២​នាក់​ពី​ទូក​នេសាទ បន្ទាប់ពី​ទូក​នោះបាន​លិច​ក្រោយពេល​បុក​គ្នា​។​ ​លោក​ម៉ា​ហ្គោ​ណូ​បាន​និយាយថា «​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក ដើម្បី​ធ្វើតាម​និតិ​វិធី​»​។ លោក​ថា ទីតាំង​នៃ​ការចាប់ខ្លួន​នោះ​គឺ​ស្ថិតក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​។ ប៉ុន្តែ​ដែនទឹក​នៅត្រង់​នោះ ក៏​វៀតណាម​អះអាងថា ជា​កម្ម​សិទ្ធ​របស់ខ្លួន​ផងដែរ​។​ ​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនទឹក​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​មួយ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​កំពុង​អះអាង​ទាមទារ​រៀងៗ​ខ្លួន​លើ​ភាពជា​កម្ម​សិទ្ធ​។ ប៉ុន្តែ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​បច្ចុប្បន្ននេះ ត្រូវបាន​ចិន​អះអាង​លើ​ភាពជា​កម្ម​សិទ្ធ​ធំជាងគេ ដែល​យើង​អាច​និយាយបានថា គឺជា​ដែនទឹក​ដែល​ចិន​កំពុងតែ​វ៉ាងទី​ស្ទើរ​ផ្តាច់មុខ​។ ​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទីមួយ​ខាង​វិស័យ​យោធា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ធ្លាប់បាន​បាញ់​ពន្លិច​នាវា​នេសាទ​ត្រី​រាប់រយ​គ្រឿង​មកហើយ ឲ្យ​តែ​នាវា​ទាំងនោះ​ចូលមក​ដោយ​ខុសច្បាប់ ដែល​ភាគច្រើន​មកពី​វៀតណាម ហ្វីលីពីន ចិន និង​បណ្តា​ប្រទេស​ផ្សេងទៀត​ចាប់តាំងពី​ឆ្នាំ ២០១៤​មក ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រីក​ដែនទឹក​របស់ខ្លួន​។​ ​កាលពី​ឆ្នាំ ២០១៧ ឥណ្ឌូនេស៊ី​បានដាក់​ឈ្មោះ​សារជាថ្មី​ទៅលើ​ដែនទឹក​ភាគ​ខាងជើង​ថា​ជា​សមុទ្រ​ណា​ទូ​ណា ដែល​ញ៉ាំង​ឲ្យ​ទីក្រុង​ប៉េកាំង​ផ្ទុះ​កំហឹង​ជាខ្លាំង ខណៈដែល​ចិន​កំពុងតែ​ស្វែងរក​ការពង្រីក​ដែនទឹក​ក្នុង​តំបន់​នេះ​។​ ​ថ្វីត្បិតតែ​ចិន និង​ឥណ្ឌូនេស៊ី​ពុំមាន​ជម្លោះ​ជាមួយគ្នា​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ក៏ពិតមែន ប៉ុន្តែ​ទីក្រុង​ប៉េកាំង​កំពុង​ស្វែងរក​ការពង្រីក​ដែនទឹក​ចាប់ពី​កោះ​ណា​ទូ​ណា ដែលជា​តំបន់​មួយ​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​ថា ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ឥណ្ឌូនេស៊ី​។​ ​បច្ចុប្បន្ននេះ តំបន់​សមុទ្រ​ចិន​ខាងត្បូង​កំពុង​មានការ​ប្រទាញប្រទង់​គ្នា​កាន់តែខ្លាំង ខណៈដែល​បណ្តា​ប្រទេស​នៅក្បែរ​ខាង​កំពុងតែ​ពង្រីក​ឥទ្ធិពល​នៅក្នុង​តំបន់​នេះ​។ សហរដ្ឋអាមេរិក ដែលជា​មហាអំណាច​នៅលើ​ពិភពលោក​កំពុង​តាមដាន​ហេតុការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់​។ ជាមួយគ្នានេះ ប្រទេស​មហាអំណាច​មួយ​នេះ​ក៏បាន​បញ្ចេញ​ឥទ្ធិពល​របស់ខ្លួន​គ្របដណ្តប់​តំបន់​ដ៏​ធំ​មួយ​នេះ​ផងដែរ​ក្រោម​ការធ្វើ​នាវាចរណ៍​ដោយ​សេរី ដែល​បញ្ជាក់ថា តំបន់​នេះ​មិនមែនជា​កម្ម​សិទ្ធ​របស់​អ្នកណា​ទេ ប៉ុន្តែ​វា​ជា​តំបន់​អន្តរជាតិ អ្នកណា​ក៏មាន​សិទ្ធ​ធ្វើដំណើរ​ឆ្លងកាត់​បានដែ​រ​។ វត្តមាន​របស់​សហរ​ដ្ឋ​អាមេរិក​ពុំមាន​គំនិតអាក្រក់​ចង់​បាន​ផលប្រយោជន៍​ពី​តំបន់​នោះទេ ប៉ុន្តែ​ហេតុ​ត​ផល​ចម្បង​គឺ​អាមេរិក​ចង់​ឲ្យ​ចិន​រក្សា​ភាពស្ងប់ស្ងាត់ កុំ​បង្កហេតុ និង​កុំ​វ៉ាងទី​។ ទីក្រុង​ប៉េកាំង​បាន​បង្កើត​មូលដ្ឋាន​យោធា​ដ៏​សម្បើម​នៅលើ​ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល និង​កំពុង​បង្កើត​ទីក្រុង​កោះ​ថែម​ទៀតផង​។​ ​ចំណែក​វៀតណាម​វិញ ត្រូវបាន​គេ​រាយការណ៍​ថា បាន​កសាង​កោះ​ចំនួន ១០​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​វៀតណាម​មិនត្រូវ​បាន​គេ​រិះគន់​ខ្លាំង​ដូច​ចិន​នោះទេ​។ ចំណែក​ឥណ្ឌូនេស៊ី​វិញ បានប្រកាស​ពី​គម្រោង​ពង្រីក​ដែនទឹក ៤០​គីឡូម៉ែត្រ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ រីឯ​ហ្វីលីពីន​ឯណោះ​វិញ បាន​អះអាង​លើ​ភាពជា​កម្ម​សិទ្ធ​របស់ខ្លួន​កាន់តែខ្លាំង​ណាស់ដែរ តាមរយៈ​ការបង្កើត​ផ្លូវ​ហោះហើរ​នៅលើ​កោះ​ផាក​អាសា​ស្ថិតនៅ​សមុទ្រ​ហ្វីលីពីន​ខាងលិច ឬ​សមុទ្រ​ចិន​ខាងត្បូង​។ ហ្វីលីពីន​គម្រាមថា បើ​ចិន​បន្ត​បញ្ជូន​នាវាចម្បាំង​ទៅជិត​កោះ​នោះ​ខ្លួន​នឹង​បញ្ជូន​ទ័ព​ធ្វើសង្គ្រាម​ក្រោម​បេសកកម្ម​អត្តឃាត ក្រោយពី​ប្រទេស​នេះ​ប្រទះឃើញ​នាវាចម្បាំង​ចិន​ជិត ៣០០​គ្រឿង​។​ ​អ្នកវិភាគ​មើលឃើញថា តំបន់​សមុទ្រ​ចិន​ខាងត្បូង​កំពុងស្ថិត​ក្នុង​ហានិភ័យ​មួយ ដែល​អាច​បង្ក​ទៅជា​សង្គ្រាម​នាពេលខាងមុខ ខណៈដែល​បណ្តា​ប្រទេស​មួយចំនួន​ដែល​កំពុងមាន​ជម្លោះ​ដូចជា​វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី​កំពុង​យក​អាមេរិក​ជា​ខែល ដើម្បី​ការពារ​ពួកគេ​នៅក្នុង​តំបន់​នេះ​ប្រឆាំង​ទីក្រុង​ប៉េកាំង​៕ ​