ចិន​ចាប់ផ្តើម​ដំណើរការ​នាវា​ពិឃាត​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល​ថ្មី​ចំនួន ២​គ្រឿង​

ព្រឹត្តិការណ៍ថ្មីៗ
0
239
​កាសែត The Economic Times បាន​ស្រង់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ថា ចិន​បានធ្វើ​បេសកកម្ម​នាវា​ពិឃាត​ថ្មី​ចំនួន ២​គ្រឿង ដែល​សរុបទៅ​ប្រភេទ​នាវា​ពិឃាត​ទាំងនេះ ចិន​មាន​ដល់ ២០​គ្រឿង​។​ ​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ចិន​ប្រភេទ 052D ចំនួន ២​គ្រឿង​ត្រូវបាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅក្នុង​ទីក្រុង​ដា​លាន​។ នេះ​បើតាម​កាសែត រដ្ឋ​ចិន Global Times ដែល​បាន​រាយការណ៍​។​ ​បេសកកម្ម​របស់​ពួកគេ​រំឭក​ខួប​ទី​១៩ និង​ទី​២០ នៃ​ការចាប់ផ្តើម​ប្រភេទ​នាវា​ទាំងនេះ​។ នេះ​បើតាម​អ្នកវិភាគ​ចិន ដែល​បាន​និយាយថា ផែនការ​ទាំងនេះ​ត្រូវបាន​រៀបចំ​ទុក ដើម្បី​ផលិត​នាវា​ពិឃាត​ទាំងនេះ​។​ ​របាយការណ៍​និយាយថា ឥឡូវនេះ​ចិន​មាន​នាវា​ពិឃាត​ប្រភេទ 052D ចំនួន ២០​គ្រឿង​ទាំង​ក្នុង​សេវាកម្ម​ដែលមាន​ស្រាប់ និង​ទាំង​មិនទាន់​ដាក់​ទៅក្នុង​សេវាកម្ម ប៉ុន្តែ​នឹងត្រូវ​បញ្ចូល​ក្នុងពេល​ឆាប់ៗ​នេះ​។​ ​នាវាចម្បាំង​ប្រភេទ​នេះ​មាន​សមត្ថភាព​ខ្ពស់ ដែល​អាច​ប្រតិបត្តិការ​បាន​យ៉ាង​លឿន ដើម្បី​ហែរ​ហម​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​។​ ​បច្ចុប្បន្ននេះ ចិន​កំពុង​ដេក​ស្រ​មោ​ស្រមៃ​រវើរវាយ​ថា​ខ្លួន​នឹង​ក្លាយជា​មហាអំណាច​កុម្មុយនីស្ត​នៅលើ​ពិភពលោក ដោយ​ខំ​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា ខាង​ទ័ពអាកាស និង​ជាពិសេស គឺ​ទ័ពជើងទឹក​តែម្តង​។ អ្នកវិភាគ​និយាយថា ដើម្បី​ក្លាយខ្លួនជា​មហាអំណាច​យោធា​នៅលើ​លោក​បាន ប្រទេស​នោះ​ត្រូវមាន​ទ័ពជើងទឹក និង​ទ័ពអាកាស​ខ្លាំង អាច​វាយ​បាន​ក្នុងពេល​ដ៏​ខ្លី និង​រហ័ស​បំផុត​។ ប៉ុន្តែ​សមត្ថភាព​ចិន​នៅ​ស្ទើរ​ណាស់ បើ​ប្រៀប​ជាមួយ​សហរដ្ឋអាមេរិក​ខាង​ទ័ពអាកាស និង​ទ័ពជើងទឹក​។ ចិន​មាន​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​តែមួយ​ក្រុម​គត់ ខណៈដែល​ប្រៀបធៀប​ជាមួយ​សហរដ្ឋអាមេរិក​មាន​ដល់​ទៅ ១២​ក្រុម​។ ចិន​មាន​មូលដ្ឋានទ័ព​តែមួយ​កន្លែង​គឺ​នៅ​ហ្ស៊ី​បូ​ទី រីឯ​សហរដ្ឋអាមេរិក​មាន​គ្រប់កន្លែង​ទ័ព​ជុំវិញ​ចិន និង​រុស្ស៊ី ពោលគឺ​វត្តមាន​ទ័ព​អាមេរិក​អាច​ខ្ទប់​ដង្ហើម​ចិន និង​រុស្ស៊ី​បាន​យ៉ាង​ឆាប់រហ័ស បើសិន​មាន​សង្គ្រាម​។ យ៉ាងណាមិញ ចិន​នឹងមាន​ក្រុម​នាវា​ផ្ទុក​យន្តហោះ ៣​ក្រុម​នៅ​ឆ្នាំ ២០២៣​។ បើតាម​គម្រោង ចិន​នឹងមាន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ដល់​ទៅ​៦​ក្រុម​ឯណោះ​។ យ៉ាងណាក៏ដោយ ចិន​កាន់តែ​ដេញតាម​សហរដ្ឋអាមេរិក អាមេរិក​កាន់តែ​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​បន្ថែមទៀត និង​បង្កើន​វត្តមាន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ឲ្យ​ច្រើនជាង​ចិន​ស្ទើរ​ទ្វេ​រដង​។​ ​នាវាចម្បាំង​ចិន​ប្រភេទ 052D នេះ មាន​បំពង់​បាញ់​គ្រាប់​មី​ស៊ី​ល​បញ្ឈរ​ចំនួន ៦៤​គ្រាប់​៕