សហរដ្ឋអាមេរិក នឹង ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ក្នុង​ខែ​នេះ នៅ​តំបន់​ឈូង​សមុទ្រ​ព័​ក្ស ខណៈ​ភាព​តានតឹង​មានការ​កើនឡើង​

ព្រឹត្តិការណ៍ថ្មីៗ
0
539
​នៅក្នុង​ខែ​នេះ សហរដ្ឋអាមេរិក​នឹងធ្វើ​សមយុទ្ធ នៅក្នុង​តំបន់​ឈូង​សមុទ្រ​ព័​ក្ស ដើម្បី​ធានា​ដល់​សេរីភាព​នៃ​ចលនា​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​អ័​រ​មូស បន្ទាប់ពី​អ៊ីរ៉ង់​បាន​គម្រាមថា ខ្លួន​នឹង​បិ​ទ្រ​ច្រក​សមុទ្រ​អ័​រ​មូស ដែលជា​ច្រក​សមុទ្រ​ដ៏​សំខាន់ ក្នុងការ​នាំចេញ​ប្រេង​ទៅកាន់​ពិភពលោក​។​ ​មេបញ្ជាការ​ប្រចាំ​នៅ​កង​នាវា​ទី​៥ ប្រឆាំង​គ្រាប់មីន និង​លំ​ហាត់​សមយុទ្ធ​សន្តិសុខ​កងទ័ពជើងទឹក លោក Scott A. Stearney បាន​ប្រាប់​អ្នករាយការណ៍​មុននេះ​ថា សមយុទ្ធ​ដែលមាន​ការចូលរួម​ពី​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ និង​ពិភពលោក​នេះ​បង្ហាញថា សហរដ្ឋអាមេរិក និង​ដៃគូ​របស់ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ធានា​ដល់​សិទ្ធ​ក្នុង​ការធ្វើ​នាវាចរណ៍ និង​សេរីភាព​នៃ​លំហូរ​ពាណិជ្ជកម្ម ដែល​អនុ​ឡោម​ទៅតាម​ច្បាប់​អន្តរជាតិ​។ នេះ​បើតាម​សារព័ត៌មាន Bloomberg ដែល​បាន​រាយការណ៍​។​ ​យោងតាម​លោក Stearney សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​ត្រៀមខ្លួន ដើម្បី​ដោះស្រាយ​នូវ​អ្វីដែល​គំរាមកំហែង​ដល់​ផលប្រយោជន៍​ខ្លួន​។ លោក​បន្ថែមថា សកម្មភាព​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​សមុទ្រ​ឈូង​សមុទ្រ​ពែរ និង​សមុទ្រ​ក្រហម​បាន​ជំរុញឱ្យមាន​អស្ថិរភាព​។​ ​លំ​ហាត់​សមយុទ្ធ​កង​កងទ័ពជើងទឹករ​បស់​សហរដ្ឋអាមេរិក​មួយ ក្នុងចំណោម​សមយុទ្ធ​កងទ័ពជើងទឹក​អាមេរិក កំពុង​ត្រូវបាន​ធ្វើឡើង​នៅ​ហ្ស៊ី​បូ​ទី​រួចមកហើយ​។​ ​កាលពីដើម​ខែកក្កដា កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅ​ឈូង​សមុទ្រ​ពែរ​។ កាលនោះ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​បាន​និយាយថា ពួកគេ​បាន​ត្រៀមខ្លួន​សម្រាប់​បិទ​ច្រក​សមុទ្រ​ដ៏​សំខាន់​នេះ ប្រសិនបើ​ការនាំចេញ​របស់ខ្លួន​ត្រូវបាន​រាំងខ្ទប់​។​ ​កាលពី​ខែមិថុនា សហរដ្ឋអាមេរិក​បាន​ជម្រុញ​ឲ្យ​គ្រប់​ក្រុមហ៊ុន​ប្រេង​ទាំងអស់​បញ្ឈប់​ការរក​ស៊ី​ជាមួយ​អ៊ីរ៉ង់ នៅត្រឹម​ខែវិច្ឆិកា បើ​ដូច​មិន​ដូច្នោះ​ទេ នឹងត្រូវ​រង​ទណ្ឌកម្ម​ពី​សំណាក់​សហរដ្ឋអាមេរិក​។ ជា​សា​ក្ខី​កម្មី សហរដ្ឋអាមេរិក កាលពី​ខែ​មុន​បានដាក់​ទណ្ឌកម្ម​ជុំទីមួយ​រួចមកហើយ ទៅលើ​អ៊ីរ៉ង់​។ ទណ្ឌកម្ម​ជុំ​ទី​២ ដែល​បិទ​ការនាំចេញ​ប្រេង​អ៊ីរ៉ង់ នឹងត្រូវ​ចូល​ជាធរ​មាននៅ​ខែវិច្ឆិកា​ខាងមុខ​៕DNT-NEWS