ពូ​ទីន​បញ្ជា​ឲ្យ​មានការ​បង្កើត​កម្លាំង​អវកាស ដើម្បី​ប្រឆាំង​សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
290
​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃទី​១៤ ឧសភា​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​បញ្ជា​ឲ្យ​មានការ​បង្កើត​កងកម្លាំង​អវកាស​ឡើង ដើម្បី​ប្រឆាំង​ទៅនឹង​អាវុធ​ល្បឿន​លឿន​ជាង​សម្លេង​របស់​គូសត្រូវ​។ នេះ​គឺ​ការចម្លង​តាម​សហរដ្ឋអាមេរិក​សុទ្ធសាធ ដែល​រុស្ស៊ី​សម្រេច​បង្កើត​កងកម្លាំង​នេះ​ឡើង​។ ការបង្កើត​កម្លាំង​អវកាស​នេះ សហរដ្ឋអាមេរិក​គឺជា​អ្នក​ចាប់ផ្តើម​បង្កើត​មុន​រុស្ស៊ី ដោយមាន​កម្លាំង​ប្រមាណ​ជាង ១​ម៉ឺន​នាក់​។​ ​ចាប់តាំងពី​ការបង្កើត​កងកម្លាំង​អវកាស​សហរដ្ឋអាមេរិក​មក គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​រុស្ស៊ី​អស់​ឥទ្ធិពល​ហើយ ដែល​ធ្វើ​ឲ្យ​លោកពូ​ទីន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​ខ្លាច​ឥទ្ធិពល​យោធា​សហរដ្ឋអាមេរិក​។ កាលពីពេល​ថ្មីៗ​នេះ រុស្ស៊ី​បាន​សម្តែង​ក្តី​ទុក្ខ​កង្វល់​អំពី​គ្រាប់​មី​ស៊ី​ល​សហរដ្ឋអាមេរិក បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល ហើយ​អាមេរិក​បាញ់​បញ្ជូន​សាគ​ម្រាម​ទៅ​ប្រទេស​នេះ​វិញ​។​ ​លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​ណែនាំ​យ៉ាង​ជាក់លាក់​ថា ប្រព័ន្ធ​ការពារ​បែបនេះ ត្រូវបាន​បង្កើត និង​អនុម័ត មុន​ពេលដែល​ប្រទេស​មួយទៀត​នឹង​បំពាក់អាវុធ​ល្បឿន​លឿន​ជាង​សម្លេង​។ លោក​បាន​បន្ថែមថា សារៈសំខាន់​នៃ​ត្រូវ​កងកម្លាំង​អវកាស​នឹងត្រូវ​បង្កើន​នាពេល​អនាគត​។​ ​ការបង្កើត​កងកម្លាំង​អវកាស​រុស្ស៊ី​នេះ​ឡើង បញ្ជាក់​យ៉ាងច្បាស់​ថា រុស្ស៊ី​ពិតជា​មានការ​ភ័យខ្លាច​ពី​ការ​សម្រុក​ធ្វើ​មី​ស៊ី​លពី​សំណាក់​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​ប្រកាសថា ខ្លួន​នឹង​បង្កើន​ការផលិត​មី​ស៊ី​ល​អន្តរ​ទ្វិ​ប និង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​មិន​ឲ្យ​ចាញ់​រុស្ស៊ី​ឡើយ ត្បិត​អាមេរិក​ជា​អ្នកមាន​ជាង​រុស្ស៊ី​។​   ​លោកពូ​ទីន​ក៏បាន​ចង្អុលបង្ហាញ​អំពី​សមិទ្ធផល​ថ្មី​បំផុត​នៃ​កងកម្លាំង​អាកាស​រុស្ស៊ី ដូចជា​ការបញ្ចប់​ការធ្វើ​តេស្ត​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស S-350E "Vityaz" ចុងក្រោយ​បំផុត​ដោយ​សង្កត់ធ្ងន់​លើ​ប្រសិទ្ធភាព​របស់ខ្លួន​ប្រឆាំងនឹង​មី​ស៊ី​លបាញ់​ចំ​គោលដៅ និង​សមត្ថភាព​មី​ស៊ី​ល​ដែល​ត្រូវបាន​ពង្រឹង​។ លោកពូ​ទីន​ក៏បាន​កត់សម្គាល់​ផងដែរ​ថា​ប្រព័ន្ធ​អាវុធ​ដ៏​ទំនើប​មាន​ចំនួន ៨២% នៃ​គ្រឿង​សព្វាវុធ​ទាំងអស់ នៅក្នុង​កងកម្លាំង​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​។​ ​ការប្រណាំង​ប្រជែង​អាវុធ​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​នេះ លេចឡើង​បន្ទាប់ពី​លោក​ត្រាំ​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី ដោយ​សហរដ្ឋអាមេរិក​ចោទថា រុស្ស៊ី​បាន​រំលោភ​លើ​សន្ធិសញ្ញា​នោះ ដោយសារតែ​រុស្ស៊ី​លួច​ផលិត​មី​ស៊ី​ល​ហួសការ​កំណត់​៕