សង្គ្រាម​នឹង​ផ្តើមចេញពី​តំបន់​សមុទ្រ​ចិន​ខាងត្បូង នាពេលខាងមុខ​

ព្រឹត្តិការណ៍ថ្មីៗ
0
260
​កាសែត Asia Times បាន​សរសេរ​នៅ​ថ្ងៃទី​២៣ ឧសភា​នេះ​ថា សមរភូមិ​ជម្លោះ​ជា​លើក​ទី​ពីរ​កំពុង​ឡើងក​ម្តៅ​ខ្លាំង​នៅត្រង់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​រឿងនេះ​នឹងធ្វើ​ឲ្យ​បណ្តា​ប្រទេស​តូចៗ​ក្នុង​តំបន់​ត្រូវ​រក​ខ្នងបង្អែក​ខាង​ភូមិសាស្ត្រ​នយោបាយ​។​ ​នៅ​សប្តាហ៍​នេះ នាវាចម្បាំង​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល​សហរដ្ឋអាមេរិក​មួយ​គ្រឿង ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal ដែល​តំបន់​នេះ​ត្រូវបាន​កាន់កាប់​ដោយ​ចិន​ចាប់តាំងពី​ឆ្នាំ ២០១២​មក ប៉ុន្តែ​តំបន់​នេះ​ក៏មាន​ការទាមទារ​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វីលីពីន​ផងដែរ ដោយ​អះអាងថា គឺជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។​ ​ការដាក់​ពង្រាយ​នេះ គឺជា​ប្រតិបត្តិការ​នៃ​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​ជា​លើក​ទី​ពីរ ទៅកាន់​តែ​កៀក​ទៅនឹង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​នៅក្នុង​ខែ​នេះ ដើម្បី​ប្រជែង​ទៅនឹង​ការកាន់កាប់​ហួសហេតុ​ពី​សំណាក់​ទីក្រុង​ប៉េកាំង​។​ ​វត្តមាន​នាវាចម្បាំង​អាមេរិក​នេះ​ក៏​លេចឡើង​បន្ទាប់ពី​កងកម្លាំង​ឆ្មាំ​សមុទ្រ​អាមេរិក ហ្វីលីពីន​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កាលពី​ដើមខែ​នេះ​នៅ​ជិត​តំបន់​ទឹក​រាក់​បូ​រ៉ូ​ស្យូ​ល​នោះ ដែល​សមយុទ្ធ​រវាង​ប្រទេស​ទាំងពីរ គឺជា​សមយុទ្ធ​សង្គ្រោះ និង​ស្រាវជ្រាវ​ជា​លើកដំបូង​នៅក្បែរ​តំប​នើ​នោះ​។​ ​ជាមួយនឹង​សមយុទ្ធ​អ្នក​ទាំងពីរ​នេះ ក្រុម​នាវា​ឆ្មាំ​សមុទ្រ​ចិន​បាន​ឃ្លាំមើល​សកម្មភាព​ពួកគេ​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ទីតាំង​សមយុទ្ធ​នោះ​។ ជាមួយគ្នានេះ ទីក្រុង​ប៉េកាំង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សមយុទ្ធ​នេះ ដោយ​ថា សមយុទ្ធ​នេះ​គឺធ្វើឡើង ក្នុង​គោលបំណង​ក្រសោប​យក​កោះដាច់​ស្រយាល​មកវិញ​។ មនុស្ស​មួយចំនួន​មើលឃើញថា សមយុទ្ធ​អាមេរិក និង​ហ្វីលីពីន​នេះ គឺជា​សញ្ញា​មួយ​នៃ​ការ​ដើរតួ​ដ៏​ធំ​របស់​កងកម្លាំង​ឆ្មាំ​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​នេះ​។​   ​វត្តមាន​សហរដ្ឋអាមេរិក​លេច​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ សហរដ្ឋអាមេរិក​បាន​ប្រកាស​ដល់​ក្រុមហ៊ុន​ហ្គូ​ហ្ក​ល​មិន​ឲ្យ​សហការ​ជាមួយ​ក្រុមហ៊ុន​ហួ​វ៉េ ដើម្បី​បិទ​ប្រព័ន្ធ​ហ្គូ​ហ្ក​លពី​ក្រុមហ៊ុន​នេះ​។ មាន​ក្រុមហ៊ុន​មួយចំនួន​ប្តេជ្ញា​ដើរ​តាម​ការហាម​ប្រាម​របស់​លោក​ត្រាំ​។​ ​នៅ​ឆ្នាំនេះ ចិន​បាន​បង្កើន​ការដាក់​ពង្រាយ​កងកម្លាំង​យោធា និង​កងកម្លាំង​ប៉ា​រ៉ា​ទ្វេ​រដង​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​បង្ក​ជា​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា នឹងមាន​ការប៉ះទង្គិច​គ្នា​ជាមួយ​បណ្តា​ប្រទេស ដែល​អះអាង​ទាំងនោះ ដែល​សុទ្ធតែជា​សម្ព័ន្ធមិត្ត​អាមេរិក​។​ ​ជាការ​ឆ្លើយតប រដ្ឋបាល​លោក​ត្រាំ​បានប្រកាសថា ខ្លួន​នឹង​បង្ហាញ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធ​មហិច្ឆតា​ដែនសមុទ្រ​របស់​ចិន នៅក្នុង​កិច្ចសន្ទនា Shangri-La នាពេលខាងមុខ ដែល​នឹង​ធ្វើឡើង​ពីថ្ងៃ​ទី ៣១​ឧសភា ដល់​ថ្ងៃទី ២​ខែមិថុនា នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Patrick Shanahan គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នោះ​ក្នុង​សន្និសីទ​។​ ​វា​ជា​លើកដំបូង​ហើយ ដែល​សហរដ្ឋអាមេរិក ជប៉ុន​ឥណ្ឌា និង​ហ្វីលីពីន​បានធ្វើ​សមយុទ្ធ​រួមគ្នា​នៅលើ​ផ្លូវទឹក​ឆ្ពោះទៅកាន់​សិង្ហ​បុរី​សម្រាប់​ដំណាក់​កាលពី​ពីរ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាសា​ន រួមទាំង​សមយុទ្ធ​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​ផងដែរ​។​ ​នៅក្នុង​លំ​ហាត់​សមយុទ្ធ​មានការ​ចូលរួម​ពី​ក្រុង​នាវាចម្បាំង​មកពី​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និង​ហ្វីលីពីន​ដោយមាន​នាវាចម្បាំង USS William P Lawrence នាវា​ជប៉ុន JS Izumo និង JS Marasame នាវា​ឥណ្ឌា INS Kolkata និង Shakti និង​នាវាចម្បាំង​ហ្វីលីពីន BRP Andres Bonifacio​។​ ​សហរដ្ឋអាមេរិក និង​ហ្វីលីពីន​ត្រូវបាន​គេ​រំពឹងថា នឹង​សើរើ​មើល​ឡើងវិញ​នូវ​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក បន្ទាប់ពី​ចិន​បាន​រឹបអូស​យក​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ស្កា​បូ​រ៉ូ​ស្យូ​ល ក្រោយ​មាន​ភាព​តានតឹង​នឹង​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​ក្នុង​ឆ្នាំ ២០១២​។​ ​មកទល់​ពេល​បច្ចុប្បន្ននេះ ខណៈដែល​ចិន​កំពុងតែ​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​នេះ ហ្វីលីពីន​ចង់​ឲ្យ​មាន​ការធានា​កាន់តែខ្លាំង​ពី​សំណាក់​សហរដ្ឋអាមេរិក​។​កាលពី​ថ្ងៃទី​១ ឧសភា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana បាន​ប្រាប់​អ្នករាយការណ៍ លោក​មាន​ភាព​ហ្មត់​ចង់​ណាស់​ក្នុងការ​ការប៉ាន់ប្រមាណ​អំពី​អត្ថប្រយោជន៍​នាពេល​អ​នាគ​ត់នៃ​សម្ព័ន្ធមិត្ត​អាមេរិក​របស់​ប្រទេស​នេះ​។​ ​មន្ដ្រី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ប្រាប់​សារព័ត៌មាន USNI News ក្នុងអំឡុងពេល​សន្និសីទ​មួយ​ថា​គោលបំណង​របស់​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក គឺ​ដើម្បី​ធានាថា ប្រទេស​ចិន​នឹងមិន​ដាក់ពង្រាយ​ប្រព័ន្ធ​យោធា​បន្ថែមទៀត​ទេ ហើយ​ដក​ប្រព័ន្ធ​យោធា ដែល​ខ្លួន​បានដាក់​ពង្រាយ​ទៅកាន់​ប្រជុំ​កោះ​សិប្ប​និមិត្ត ដែល​ត្រូវបាន​បង្កើត​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ​អ្នកវិភាគ​មើលឃើញថា ស្ថានការណ៍​ដ៏​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន ដោយមាន​ទាំង​ការចូលរួម​ពី​បណ្តា​ប្រទេស​មួយចំនួន ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក អាច​នឹង​ផ្ទុះ​សង្គ្រាម​នៅក្នុង​តំបន់ ខណៈដែល​បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក​កំពុង​បង្កើន​ការ​ល្បាត​លើ​ដែនទឹក​អន្តរជាតិ ដើម្បី​កុំ​ឲ្យ​ចិន​កាន់តែ​វាតទី​កាន់តែខ្លាំង​៕