អាមេរិក​កំពុង​លើកទ័ព​បន្ថែមទៀត ទៅកាន់​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ក្នុងពេល​បន្តិចទៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
286
(​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​)៖ យោងតាម​សារព័ត៌មាន USA News Today នៅ​ថ្ងៃទី​២៧ ឧសភា​នេះ​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូ ណ​ល​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នឹង​បង្កើន​គ្រឿង​សព្វាវុធ​បន្ថែមទៀត​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស ដើម្បី​ប្រឆាំង​ទៅនឹង​អ្វីដែល​សហរដ្ឋអាមេរិក​ហៅថា ជាការ​គម្រាម​ដ៏​ពិតប្រាកដ​ពី​សំណាក់​អ៊ីរ៉ង់​។​ ​លោក​ត្រាំ​បាន​និយាយថា លោក​គ្រោង​នឹង​បញ្ជូន​ទ័ព ១ ៥០០​នាក់​បន្ថែមទៀត​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ មន្ត្រី​សហរដ្ឋអាមេរិក​មួយរូប​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា កងកម្លាំង​ប្រមាណ ៣ ០០០​នាក់​កំពុង​ស្ថិតក្រោម​ការពិចារណា​បញ្ជូន​បន្ថែមទៀត​។​ ​ថ្លែង​ទៅកាន់​អ្នករាយការណ៍​ព័ត៌មាន ខណៈដែល​លោក​ចាក​ចេញពី​សេត​វិមាន ដើម្បី​ធ្វើដំណើរ​ទស្សនកិច្ច​ចុង​សប្តាហ៍​ទៅកាន់​ជប៉ុន លោក​ប្រធានាធិបតី​សហ​ត្រាំ​បាន​ពិពណ៌នា​កងទ័ព​ថា បាន​បំពេញ​កាតព្វកិច្ច​ការពា​រ​ជាតិ​បាន​យ៉ាង​ល្អ​។ មន្ត្រី​សហរដ្ឋអាមេរិក​មួយរូប​បាន​និយាយថា កងទ័ព​ភាគច្រើន​នឹងត្រូវ​ប្រមូលយក​ព័ត៌មាន​សម្ងាត់ និង​តម្លើង​យាន​បាញ់​មី​ស៊ី​ល​។​   ​លោក Patrick M. Shanahan រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​បាន​ឯកភាព​លើ​ការដាក់​ពង្រាយ​គ្រឿង​សព្វាវុធ និង​កងទ័ព​បន្ថែមទៀត​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​ការពារ​សុវត្ថិភាព​កងកម្លាំង​សហរដ្ឋអាមេរិក ក្រែង​មានការ​គម្រាមកំហែង​ណាមួយ​ធ្វើឡើង​ពី​សំណាក់​កងកម្លាំង​អ៊ីរ៉ង់ រួមទាំង​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម និង​កងកម្លាំង​តំណាង​អ៊ីរ៉ង់​។​ ​លោក​បន្តថា «​ការដាក់​ពង្រាយ​នេះ នឹង​រួមបញ្ចូល​ទាំង​បុគ្គលិក​យោធា​អាមេរិក​ប្រហែល ១ ៥០០​នាក់​និង​មាន​កង​វរ​សេនា​កាំជ្រួច​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត ដើម្បី​ការពារ​ប្រឆាំងនឹង​ការគំរាមកំហែង​ដោយ​មី​ស៊ី​ល ក៏ដូចជា​ក្រុម​អ្នកស៊ើប​ការណ៍ ក្រុមអ្នកតាមដាន យន្តហោះ​ឈ្លបយកការណ៍​សម្ងាត់ និង​ក្រុម​យន្តហោះ​ចម្បាំង​មួយក្រុម​ធំ​។​ ​ទង្វើ​នេះ​បាន​លេចឡើង ចំ​ពេលដែល​រដ្ឋបាល​លោក​ត្រាំ​បាន​ស្វែងរក​ការដាក់​សម្ពាធ​ទៅលើ​របប​អ៊ីរ៉ង់​កាន់តែខ្លាំង​។​ ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ពិចារណ៍​បន្ថែម​កម្លាំង​ប្រមាណ ៥ ពាន់​នាក់​បន្ថែមទៀត​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ នេះ​បើតាម​មន្ត្រី​សហរដ្ឋអាមេរិក​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ចំនួន​ទ័ព​ដែល​គ្រោង​នឹង​បញ្ជូន​ធ្លាក់​មក​នៅត្រឹម ៣​ពាន់​នាក់ ហើយ​ការសម្រេចចិត្ត​ចុងក្រោយ​ធ្លាក់​មក​នៅត្រឹម ១ ៥០០​នាក់​ដែល​បានសម្រេច​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​។ កងទ័ព ១ ៥០០​នាក់​ទាំងនេះ​មាន​ឯកទេស​ខាង​ការការពារ​ខ្លួន​ខ្លាំងណាស់ រួមមាន​ទាំង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល និង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ចម្បាំង​ផងដែរ​។​ ​មកទល់​ពេល​បច្ចុប្បន្ននេះ កងទ័ព​សហរដ្ឋអាមេរិក​ជាច្រើន​ពាន់​នាក់​ត្រូវ​បានដាក់​បញ្ឈរជើង​រួចជាស្រេច​នៅត្រង់​ឈូង​សមុទ្រ​ពែ​ក្ស ដោយមាន​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln ដោយមាន​ការ​ហែរ​ហម​អមដំណើរ​ពី​ក្រុម​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ប្រព័ន្ធ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត និង​នាវាចម្បាំង​ខ្នាត​យក្ស USS Arlington ដែល​ផ្ទុក​រថក្រោះ​បើក​លើទឹក និង​ក្រុម​ឧស​ទ្ធ​ម្ភា​គ​ចក្រ​ឆ្មា​ពិឃាត​ជាច្រើន​គ្រឿង​។​ ​វត្តមាន​នេះ គឺ​ដើម្បី​ត្រៀម​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់ ខណៈដែល​មានការ​ព្រមាន​ថា អ៊ីរ៉ង់​កំពុង​ត្រៀម​បើក​ការវាយប្រហារ​មកលើ​ស​ហ​រដ្ឋ​អាមេរិក និង​កំពុង​ត្រៀម​បង្កហេតុ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​តំបន់​៕