យិន ម៉ា​ណា ក្រោយ​ជាប់ពន្ធនាគារ​ត្រឹមតែ​២​ខែ​រួចមក ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​!

ព្រឹត្តិការណ៍ថ្មីៗ
0
271
​នៅ​ទីបំផុត យិន ម៉ា​ណា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រោយ​ជាប់ពន្ធនាគារ​ត្រឹមតែ​២​ខែ ពីបទ «​បើកបរ​ដោយ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​អ្នក​ដៃ​ទ​ស្លាប់​»​។ ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កញ្ញា យិន ម៉ា​ណា ត្រូវបាន​ដោះលែង​នៅ​រសៀល ម៉ោង​៥៖០០​នាទី ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​។ ​សូមបញ្ជាក់ថា​ជនរងគ្រោះ​ឈ្មោះ ឌុំ រី​ដា ភេទ​ស្រី វ័យ​២២​ឆ្នាំ គឺជា​និស្សិត​អាហារូបករណ៍​ឆ្នាំ​ទី​៤ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន និង​ធ្លាប់ជា​សិស្ស​ពូកែ​អក្សរសាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​។ ជនរងគ្រោះ​មាន​ទីលំនៅ​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​។​ ​បើតាម​ម្ដាយ​ជនរងគ្រោះ​រៀបរាប់ថា កាលពី​ថ្ងៃទី​២៦ ខែមីនា ជនបង្ក​ឈ្មោះ យិន ម៉ា​ណា បាន​បើករថយន្ត ម៉ាក Rang Rover ផ្លាកលេខ​ភ្នំពេញ 2AF-7777 យ៉ាង​លឿន ទៅបុក​ម៉ូតូ​កូនស្រី​របស់ខ្លួន​ទាំង​កម្រោល​បណ្ដាលឱ្យ​ប៉ើង​ផ្ទប់​នឹង​របង​ផ្ទះ​នៅក្បែរនោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ស្ថិតនៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។ បន្ទាប់ពី​កើតហេតុ​ជនបង្ក​មិនបាន​ចុះ​មើល ឬ​ជួយសង្គ្រោះ​ជនរងគ្រោះ​ទេ ប៉ុន្តែ​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់ស្រមោល​តែម្ដង​។ ​គួរ​រម្លឹក​ដែរ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​អ្នកបើករថយន្ត​ទៅបុក​និស្សិត​ស្រី​ម្នាក់​បណ្ដាល​ឱ្យស្លាប់​កាលពី​ថ្ងៃទី​២៦ ខែមីនា ពីបទ​បើកបរ​ដោយ​ធ្វេស​ប្រហែល​បណ្ដាលឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ១​ឆ្នាំ ប៉ុន្តែ​ទោស​នេះ ត្រូវបាន​អនុវត្តន៍​ត្រឹមតែ ២​ខែ​ប៉ុណ្ណោះ​។ សាលក្រម​នោះ ត្រូវបាន​ប្រកាស​ដោយ​លោក អ៊ុក សុវណ្ណារិទ្ធ ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ និង​មាន​អ្នកស្រី ស៊ឺ វណ្ណ​នី ជា​តំណាង​អយ្យការ​។​