មន្ត្រី​គយ ប្តឹង​អ្នកការ​សែត​១០​នាក់​ទាមទារ​សំណង​១០​ម៉ឺន​ដុល្លារ

ព្រឹត្តិការណ៍ថ្មីៗ
0
355
​កាលពីពេល​ថ្មីៗ​នេះ ប្រធានការិយាល័យ​គយ​នៅ​ច្រក​ព្រែក​ចាក ខេត្តកំពត​ម្នាក់​បានដាក់​ពាក្យបណ្តឹង​ប្តឹង​អ្នកកាសែត​ជិត ១០ នាក់ ទៅ​តុលាការ​ពីបទ​ជេរប្រមាថ និង​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅក្នុង​ការបំពេញ​មុខ​ងារ​របស់ខ្លួន បន្ទាប់ពី​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​ទំនាស់​ពាក្យសម្តី​រវាង​មន្ត្រី​គយ​រូបនេះ និង​ក្រុមអ្នកកាសែត​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ​បើតាម​ពាក្យបណ្តឹង​នេះ បាន​ចោទប្រកាន់​ទៅលើ​អ្នកយកព័ត៌មាន​ទាំងនោះ ពីបទ​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​, បទ​ប៉ះពាល់​ដល់ សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ​។ មន្ត្រី​គយ​រូបនេះ បានទាមទារ​សំណង​ពី​ក្រុម​អ្នកយកព័ត៌មាន​ទាំងនោះ​ចំនួន ១០​ម៉ឺន​ដុល្លារ​។ ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ក្រុម​អ្នកសារព័ត៌មាន​ខាងលើ បាន​ចូលមក​លួច​ថត​ជា​វីដេអូ ពាសពេញ​បរិវេណ​ទីតាំង​ត្រួតពិនិត្យ​ទំនិញ ដែន​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ព្រែក​ចាក ដោយបាន​ថត និង​ចូល​ឆែកឆេរ​ទំនិញ ដែល​ស្តុក​ទុក​នៅក្នុង​ទីលាន​ត្រួតពិនិត្យ​ទំនិញ ដែន​សមត្ថកិច្ច​គយ ។​ ​គួរ​បញ្ជាក់ដែរថា ករណី​ប្តឹងផ្តល់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ព្រំប្រទល់​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ខេត្តកំពត រវាង​មន្ដ្រី​គយ និង​អ្នកសារព័ត៌មាន Online មួយក្រុម ដែល​បាន​ចុះ​យក​ព័ត៌មាន​ពាក់ព័ន្ធ​ការដឹក​ទំនិញ​ឆ្លងកាត់​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ខេត្តកំពត​។​