លោក​ត្រាំ​បាន​សរសើរ​កូរ៉េខាងជើង​ថា​នឹងមាន​សក្កដានុពល​កាន់​តែ​ខ្លាំង ប្រសិន​សិន​បើ​ប្រទេស​នេះ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
225
​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ ណ​ល​ត្រាំ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​មុន​ជំនួប​កំពូល​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន​នៅក្នុង​ទីក្រុង​ហាណូយ​ថា ទីក្រុង​ព្យុងយ៉ាង​មានឱកាស​ល្អ​ជាងគេ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ លោក​បាន​និយាយថា ប្រសិនបើ​ប្រទេស​នេះ​រក្សាបាន​នូវ​ការសន្យា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កាលពី​ឆ្នាំមុន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ប្រទេស​នេះ​អាចមាន​សេដ្ឋកិច្ច​ប្រៀប​ជាមួយ​វៀតណាម​បាន​។​ ​លោក​បាន​និយាយថា «​ប្រទេស​វៀតណាម​កំពុង​រីកចម្រើន​ដូច​កន្លែង​មួយចំនួន​នៅលើ​ភពផែនដី​នេះ​។ កូរ៉េខាងជើង​នឹង​ដូចគ្នា​ទៅនឹង​ប្រទេស​នេះ ប្រសិនបើ​ប្រទេស​នេះ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​កាន់តែ​ឆាប់​។ សក្កដានុពល​គឺ​ល្អ​មែនទែន ល្អ​ជាង​ប្រទេស​ដទៃ​ក្នុង​ប្រវត្តិសាស្ត្រ​»​។​ ​មេដឹកនាំ​កូរ៉េខាងជើង​បាន​ទៅដល់​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​អង្គារ ដោយ​ការ​ជិះ​រថភ្លើង ដែល​បាន​ទៅដល់​ស្ថានីយ៍​នៅជាប់​ព្រំដែន​ចិន​។ លោក​គីម​បាន​បន្តដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ហាណូយ ក្រោយ​ពេលទៅដល់​ស្ថានីយ៍​។ បើតាម​ផែនការ លោក​ត្រាំ​និង​លោក​ជុង​អ៊ុន​នឹង​ជួបប្រជុំគ្នា​នៅ​ល្ងាច​ថ្ងៃ​ពុធ ក្រោយ​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​។​ ​បន្ទាប់ពី​ការចរចា​លក្ខណៈ​ឯកជន​ហើយ មេដឹកនាំ​ទាំងពីរ​នឹងចូលរួម​នៅក្នុង​ការទទួល​ទាន​អាហារ​ពេល​ល្ងាច ដែល​ប្រើពេល​អស់​មួយ​ម៉ោង​កន្លះ​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មេដឹកនាំ​ទាំងពី​ត្រូវបាន​គេ​រំពឹងថា នឹង​ពិភាក្សាគ្នា​អំពី​ជំហាន​ជាក់លាក់​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​ ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ត្រូវបាន​គេ​មើលឃើញថា កំពុង​បោះជំហាន​ទៅរក​ភាពល្អប្រសើរ​ចាប់តាំងពី​ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំងពី ប៉ុន្តែ​យ៉ាងណាក៏ដោយ ក៏​ក្រុមតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​មួយចំនួន​បាន​និយាយថា កូរ៉េខាងជើង​ល្អ​បានតែ​នៅមុខ​លោក​ត្រាំ ដោយសារតែ​ប្រទេស​នេះ​កំពុងតែបន្ត​ផលិត​នុយក្លេអ៊ែរ និង​កំពុង​លាក់​មូលដ្ឋាន​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​ចំនួន ១៦​កន្លែង​ឯណោះ​៕ ​