មន្ត្រី​ប៉ុន្មាន​នាក់​ដែលថា​ត្រូវ​គីម​ជុង​អ៊ុន​បាញ់ចោល​ថ្ងៃមុន​នៅរស់​ទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
266
​យោងតាម​សារព័ត៌មាន CNN នៅ​ថ្ងៃទី​៤ មិថុនា​នេះ​បាន​ឲ្យ​ដឹងថា មន្ត្រីការទូត​កូរ៉េខាងជើង​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវគេ​បាញ់ចោល គឺ​នៅរស់​ទេ ប៉ុន្តែ​កំពុងស្ថិត​ក្រោម​ការឃុំ​ឃាំង​របស់​រដ្ឋ​។ នេះ​បើតាម​ប្រភព​ជាច្រើន ដែល​បានដឹង​ពី​ស្ថានការណ៍​នេះ​។​ ​ប្រភពព័ត៌មាន​បាន​និយាយថា បេសកជន​ពិសេស​របស់​កូរ៉េខាងជើង​ប្រចាំ​សហរដ្ឋអាមេរិក គឺ​លោក Kim Hyok Chol កំពុង​ត្រូវបាន​គេ​ស៊ើបអង្កេត​ចំពោះ​តួនាទី​របស់លោក នៅក្នុង​ជំនួប​កំពូល​ហាណូយ ដែល​បានទទួល​បរាជ័យ រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូ ណ​ល​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន កាលពី​ខែកុម្ភៈ​។​ ​តាមពិត កិច្ចចរចា​ដែល​ទទួល​បរាជ័យ​នោះ គឺ​មកពី​ជុង​អ៊ុន​ទាំងស្រុង​។ ជុង​អ៊ុន​ចេញ​ក្រឡា​មក ចង់​ឲ្យ​លោក​ត្រាំ​ដក​ទណ្ឌកម្ម​ទាំងអស់​ជាមុនសិន ទើប​ខ្លួន​យល់ព្រម​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​។ ធ្វើបែបនេះ​លោក​ត្រាំ​ម្តេច​នឹង​ព្រម​។ គ្រាន់តែ​ឮ​បែបនេះ លោក​ត្រាំ​បាន​ដើរ​ចេញពី​កិច្ចប្រជុំ​នោះ​ដោយ​ឥត​ស្រណោះ ដែល​ធ្វើ​ឲ្យ​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នោះ​នៅជាប់​គាំង​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។​ ​ប្រភពព័ត៌មាន​បាន​និយាយថា សូម្បីតែ​អ្នកបកប្រែ​របស់លោក​ជុង​អ៊ុន​នៅ​ទីក្រុង​ហាណូយ គឺ​លោក​Sin Hye Yong ក៏ត្រូវ​បាន​គេ​ឃុំឃាំង និង​ស្ថិតក្រោម​ការស៊ើបអង្កេត​ផងដែរ​។​ ​កាសែត​កូរ៉េខាងត្បូង Chosun Ilbo បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា លោក Kim Yong Chol មន្ត្រីជាន់ខ្ពស់​បំផុត​ម្នាក់​របស់​កូរ៉េខាងជើង ដែល​បាន​អង្គុយ​ចរចា​ជាមួយ​លោក​ត្រាំ​កាលពី​ជាង​មួយ​ឆ្នាំមុន ត្រូវបាន​សម្លេះ​ចោល​ដោយ​ការ​បាញ់ចោល ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​សម្រាប់​ការបរាជ័យ​នៃ​កិច្ចចរចា​។​ ​ប្រភព​មួយ​បាន​និយាយថា ជោគវាសនា​របស់លោក Kim Hyok Chol ដែលជា​បេសកជន​ពិសេស​មិនត្រូវ​បានកំណត់​ទេ ប៉ុន្តែ​គាត់​នៅតែ​អាច​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​។​ ​ប្រភពព័ត៌មាន​បាន​និយាយថា មន្ត្រី​កូរ៉េខាងជើង លោក Kim Song Hye ដែលជា​មន្ត្រី​កូរ៉េខាងជើង​ក្នុង​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​ត្រូវបាន​ឃុំឃាំង និង​ស្ថិតក្រោម​ការស៊ើបអង្កេត​ផងដែរ​។ ​គីម ជុង​អ៊ុន​ត្រូវបាន​គេ​ចាត់ទុកថា ជា​កំពូល​មេដឹកនាំ​ផ្តា​ក់​ការ​ម្នាក់ ដែល​ចូលចិត្ត​ប្រើ​អំពើ​ព្រៃផ្សៃ​អាក្រក់​ជួរជាតិ​។​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក ចាង សុង​ថេ​ក ដែល​ត្រូវជា​ប្តី​របស់​ម្តាយមីង​បង្កើត ត្រូវ​លោក​គីម ជុង​អ៊ុន​បញ្ជា​ឲ្យ​តុលាការយោធា​កាត់ទោស​បាញ់ចោល ដោយសារតែ​ហ៊ាន​រិះគន់​ពី​ប្រព័ន្ធគ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​មកលើ​លោក​គីម ជុង​អ៊ុន​។ ក្រោយមក នាយអគ្គសេនាធិការ​ក​ង​ទ័ព​ម្នាក់​ក៏ត្រូវ​បាន​គីម ជុង​អ៊ុន​បាញ់ចោល​ផងដែរ ដោយសារតែ​រូបគេ​បាន​ដេកលក់​ក្នុង​អង្គប្រជុំ​។ រឿង​ដ៏​សាហាវ​នេះ នៅមាន​ទៀត គឺ​មេបញ្ជាការ​កងពល​មួយរូប ដែល​បាន​ផឹកស្រា​នៅក្នុង​បម្រាម ដែល​បាន​ដាក់ចេញ​នៅ​ទូទាំងប្រទេស ដែល​ហាម​មិន​ឲ្យ​កម្មវិធី​ផឹកស៊ី​ក្នុង​ពិធី​រំលឹក​ខួប​មរណភាព​របស់លោក​គីម ជុងអ៊ីល ដែល​ត្រូវជា​ឱ​ពុក​របស់លោក​គីម ជុង​អ៊ុន ក៏ត្រូវ​លោក​គីម ជុង​អ៊ុន​បញ្ជា​យកទៅ​បាញ់ចោល​ផងដែរ​។ ចំពោះ​ការសម្លាប់​មេបញ្ជាការ​កងពល​រូបនោះ គឺ​ព្រៃផ្សៃ​អស្ចារ្យ គឺ​ពិ​ជ​ឃាត​យក​មេបញ្ជាការ​រូបនោះ​ទៅ​ចង​ផ្អោប​នឹង​បង្គោល​ដែល​បោះ​នៅលើ​កណ្តាល​វាលស្រែ រួចហើយ​ឲ្យ​ពិ​ជ​ឃាត​ប្រើ​កាំភ្លើងត្បាល់ ដើម្បី​សម្លាប់​មេបញ្ជាការ​រូបនោះ​។ មាន​គេ​និយាយថា ក្រុម​អ្នកបាញ់​កាំភ្លើងត្បាល់​ម្នាក់ៗ​បែកញើស​ប៉ុនៗ​គ្រាប់ពោត​ព្រោះ​ខ្លាច​គ្រាប់​កាំភ្លើងត្បាល់​ហោះ​មិន​ចំ​គោលដៅ​អាច​ត្រូវគេ​ចោទថា មានបំណង​បាញ់​មិន​ឲ្យ​ចំ​គោលដៅ​ដែល​ត្រូវកម្ទេច​៕​