បុរស​សង្ស័យ​លួច​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់ដេក​របស់​តារ​សម្តែង​ស្រី​កូរ៉េ Shin Sae-kyeong និង Yoon Bo-mi​ប្រឈម​នឹង​ការជាប់​ទោស​២​ឆ្នាំ​

សិល្បៈកម្សាន្ត
0
841
​ក្រុម​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ចង់​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​សម្រាប់​បុរស​ម្នាក់ ដែល​បាន​លួច​បំពាក់​កាមេរ៉ា​ចារកម្ម​នៅក្នុង​បន្ទប់​ដែល​តារា​សម្តែង​ស្រី​កូរ៉េ Shin Sae-kyeong និង​តារាចម្រៀង​ស្រី Yoon Bo-mi របស់​ផលិតកម្ម K-pop ស្នាក់នៅ​រួមគ្នា កាលពី​ខែកញ្ញា ឆ្នាំ​កន្លងទៅ ក្នុងប្រទេស​បារាំង​។​ ​អំឡុង​សវនាការ​កាលពី​ថ្ងៃ​ចន្ទ​មុននេះ នៅឯ​តុលាការ​ស្រុក​ក្រុង​សេ​អ៊ូ​ល ក្រុម​រដ្ឋអាជ្ញា បានស្នើ​សុំ​ឲ្យ​កាត់ទោស​បុរស​ម្នាក់ ដែល​បាន​បំពាន​លើ​ច្បាប់​ពិសេស ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​។ ពួកគេ​បានទាមទារ​ឲ្យ​តុលាការ​បញ្ចេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់គាត់ នឹងដាក់​កំហិត​ការងារ​របស់គាត់​ផងដែរ​។​ ​ក្រុម​រដ្ឋអាជ្ញា បាន​និយាយថា ការធ្វើ​ចារកម្ម បាន​ក្លាយជា​បញ្ហា​សង្គម​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​ជនរងគ្រោះ ត្រូវតែមាន​អារម្មណ៍​ភ័យខ្លាច ពិសេស​ពេលដែល​ពួកគេ​គឺជា​តារា​ល្បី​នោះ​។​ ​បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ ដែលមាន​នាមត្រកូល Kim គឺជា​កម្មករ​មកពី​ក្រុមហ៊ុន​ខាងក្រៅ ដែល​បាន​ចូលរួម​កម្មវិធី​ទូរទស្សន៍ "Pocha Beyond Borders" ក្នុងនាម​ជា​បុគ្គលិក​។ កម្មវិធី​នេះ មានការ​សម្តែង​ដោយ​នាង Shin និង​នាង Yoon ជា​ជន​ល្បី​កូរ៉េខាងត្បូង ធ្វើដំណើរ​ទៅកាន់​ប្រទេស​បារាំង ដើម្បី​បង្ហាញ​មុខម្ហូប​តាម​ចិញ្ចើមផ្លូវ​របស់​កូរ៉េខាងត្បូង​។​ ​លោក Kim ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​បន្លំ​កាមេរ៉ា​ជា​ឆ្នាំង​សាក​ទូរស័ព្ទ ហើយ​លួច​ដាក់​វា​នៅក្នុង​បន្ទប់ដេក​របស់​អ្នក​ទាំង​២ ប៉ុន្តែ​ត្រូវបាន​នាង Shin​ប្រទះឃើញ​នៅ​រយៈពេល​១​ម៉ោង​ក្រោយមក​។​ ​លោក Kim​ស្ម័គ្រចិត្ត​សារភាព​ទោស​ប្រាប់​ដល់​ក្រុមនគរបាល ក្រោយ​វិលត្រឡប់​មកកាន់​កូរ៉េខាងត្បូង​វិញ​។ លោក​បាន​អះអាងថា លោក​បានធ្វើ​ខុស ព្រោះតែ​ចង់ដឹង​ចង់​ឮ​ពី​រឿង​របស់គេ​។ ចំណែកឯ​សវនាការ​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែកក្កដា ខាងមុខនេះ​៕​