ហ្វីលីពីន​គាំទ្រ​ទង្វើ​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ការសាងសង់​មូលដ្ឋានទ័ព​ដោយ​ខុសច្បាប់​របស់​ចិន​

ព្រឹត្តិការណ៍ថ្មីៗ
0
260
(​ទីក្រុង​ម៉ានីល​)៖ គេហទំព័រ Rappler ដែលមាន​មូលដ្ឋាន​នៅ​ហ្វីលីពីន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥ មិថុនា​នេះ​ថា ហ្វីលីពីន​គាំទ្រ​សកម្មភាព​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ឬ​សមុទ្រ​ហ្វីលីពីន​ខាងលិច ដែល​នឹង​រក្សា​ស្ថេរភាព​នៅក្នុង​តំបន់ ចំពេល​ដែល​ចិន​កំពុង​បន្ត​សាងសង់​មូលដ្ឋាន​យោធា​នៅក្នុង​តំបន់​។ នេះ​បើតាម​អ្នកនាំពាក្យ​លោក​ប្រធានាធិបតី​ឌូ​ទើ​តេ ដែល​បាន​និយាយ​កាលពី​ថ្ងៃទី ៤ មិថុនា​។​ ​អ្នកនាំពាក្យ​លោក Salvador Panelo ត្រូវបាន​សួរ​អំពី​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​សហរដ្ឋអាមេរិក ផា​ទ្រី​ក ស្យា​ណា​ហាន ដែលថា សហរដ្ឋអាមេរិក​នឹងមិន​នៅ​ស្ងៀម​ចំពោះ​ទង្វើ​របស់​ចិន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទៀត​នោះទេ​។​ ​អ្នកនាំពាក្យ​រូបនោះ​បាន​និយាយថា «​ហ្វីលីពីន​ចង់បាន​ស្ថេរភាព​នៅក្នុង​ផ្នែក​មួយ​នៃ​ពិភពលោក​នេះ​។ ជំហរ​ហ្វីលីពីន​គឺថា គ្រប់​ប្រទេស​ទាំងអស់​មាន​សិទ្ធិ​ប្រើប្រាស់​ដែនទឹក និង​ដែនអាកាស​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន ហើយ​យើង​ចង់បាន​សន្តិភាព​និង​ស្ងប់ស្ងាត់​នៅក្នុង​តំបន់​នោះ​។ ដូច្នេះ​អ្វីដែល​នឹង​ផ្តល់នូវ​បរិយាកាស​បែបនេះ យើង​គឺ​សម្រាប់​វា​»​។​ ​លោក​បាន​បន្ថែមថា «​ប្រសិនបើ​វត្តមាន​របស់​អាមេរិក​នឹងធ្វើ​ឱ្យបាន​ដូច្នេះ វា​ជា​ការល្អ​សម្រាប់​យើង ដែលជា​អ្នក​ទាមទារ​ទាំងអស់គ្នា​»​។​ ​ក្រៅពី​ប្រទេស​ហ្វីលីពីន​និង​ចិន អ្នក​ទាមទារ​ឯទៀត​ទៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ប្រ៊ុយណេ ឥណ្ឌូណេស៊ី​ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​។​ ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ហ្វីលីពីន បានរួម​ដៃ​ជាមួយ​សហរដ្ឋអាមេរិក​ធ្វើ​សមយុទ្ធ​កងកម្លាំង​ឆ្មាំ​សមុទ្រ ដើម្បី​បង្ហាញ​កម្លាំង​ដល់ទី​ក្រុង​ប៉េកាំង​។ ក្រៅពីនេះ ហ្វីលីពីន​ក៏បាន​ចូលរួម​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ជប៉ុន និង​ឥណ្ឌា​ផងដែរ ខណៈដែល​ទីក្រុង​ប៉េកាំង​កំពុង​បង្កើន​ការ​វ៉ាងទី​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ កាលពី​ប៉ុន្មាន​ខែ​មុន លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ម៉ា​យ ផ​ម់​ភី​អូ​បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ចូល​អន្តរាគមន៍​ជួយ​ហ្វីលីពីន បើ​ហ្វីលីពីន​រង​ការវាយប្រហារ​ណាមួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕​