បុរស​ជនជាតិ​បារាំង​ម្នាក់​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​កដោយ​ជោគជ័យ​តាម​ធុង​បារ៉ែល​អស់​រយៈពេល​ជាង​៤​ខែ​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​លោក Jean-Jacques Savin គឺជា​បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​បានសម្រេច​ម​ហិ​ច្ឆិ​តា​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​របស់លោក​តាម​ធុង​បារ៉ែល​។​ អតីតយុទ្ធជន​វ័យ​៧១​ឆ្នាំ​រូបនេះ បានចេញ​ដំណើរ​ពី​កោះ​កា​ណា​រី (Canary Islands) នៅ​ឆ្នេរ​អាហ្វ្រិក​ភាគ​ខាងលិច កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ តាម​ធុង​បារ៉ែល​ពណ៌​ទឹកក្រូច​កែច្នៃ​ដែលមាន​ទទឹង ២,១៤ ម៉ែត្រ និង​បណ្ដោយ ៣,០៥ ម៉ែត្រ ហើយ​នៅ​ទីបញ្ចប់ លោក​បានធ្វើ​ដំណើរ​មក​ដល់​កោះ St. Eustatius របស់​ហូ​ឡង់ ស្ថិតក្នុង​តំបន់​កា​រ៉ា​អ៊ី​ប អាមេរិក​កណ្តាល ក្រោយពេល​ធ្វើដំណើរ​ត្រាច់ចរ​គ្មាន​ទិសដៅ​ក្នុង​សមុទ្រ​អស់​រយៈពេល​ជាង​៤​ខែ​។​ ​ដោយ​ធុង​បារ៉ែល​មួយ​នេះ បំពាក់​ដោយ​កូន​គ្រែ ចង្ក្រាន​បាយ ចន្លោះ​ស្តុក​ឥ​វ៉ាន់ និង​ចន្លោះ​មើល​ទេសភាព​នៅ​ខាង​បាត​សម្រាប់​ការមើល​មច្ឆា ធុង​បារ៉ែល​របស់លោក គ្មាន​ម៉ាស៊ីន គ្មាន​ច្រវាអុំ​នោះទេ ពោលគឺ​ពឹង​ផ្អែកលើ​ខ្យល់ជំនោរ​រុញច្រាន​វា​ទាំងស្រុង​។​ ​លោក Savin បាន​សង្ឃឹមថា នឹង​អាច​មកដល់​គោលដៅ​របស់លោក​នៅ​ខែមីនា ប៉ុន្តែ​ចុងក្រោយ​លោក​ត្រូវការ​ចំណាយពេល​យូរ​ជាង​នេះ​ជា​១​ខែ​ទៀត ទើប​អាច​ទៅដល់​គោលដៅ ដោយ​ឆ្លងកាត់​ផ្ទៃសមុទ្រ​ចម្ងាយ​២.៩៣០​ម៉ៃ​ល៍ ដែល​ស្មើនឹង​ជាង​៤៧០០​គ​.​ម​។​ ​នៅពេល​គាត់​មកដល់​គោលដៅ គាត់​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា “​អ្វីៗ​បាន​ដល់ទី​បញ្ចប់​ហើយ​… ទីបំផុត​ខ្ញុំ​បានបញ្ចប់​ដំណើរ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់​មួយ​នេះ​”៕