លោក​ត្រាំ និង​លោក​គីម ចាប់ផ្តើម​ល្អូក​ល្អឺ​ន​នឹង​គ្នា​វិញ​ក្រោយ​ឆ្លើយឆ្លង​ពាក្យសម្តី​តាម​សារលិខិត​

ព្រឹត្តិការណ៍ថ្មីៗ
0
283
​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ទទួលបាន​សារលិខិត​ផ្ទាល់ខ្លួន​មួយច្បាប់ ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ជាហេតុ​ធ្វើ​ឲ្យ​មេដឹកនាំ​ទាំង​២ ចាប់ផ្តើម​ល្អូក​ល្អឺ​ន​ត្រូវរ៉ូវ​គ្នា​វិញ ក្រោយ​ជាប់គាំង​ទៅក្នុង​កិច្ចព្រមព្រៀង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។​ ​ទីភ្នាក់ងា​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា លោក​គីម បានចាត់ទុក​សារលិខិត​មួយច្បាប់​នោះ​ថា​ល្អប្រសើរ​ខ្លាំងណាស់ ហើយ​លោក​បាន​និយាយថា លោក​នឹង​ពិចារណា​លើ​ខ្លឹមសារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ​។​ ​លោក​គីម បាន​ស្ងើចសរសើរ​ផងដែរ​ពី​ទឹកចិត្ត​ដ៏​វិសេសវិសាល​របស់លោក​ត្រាំ ។ ទោះបីជា​យ៉ាងណាក៏ដោយ រឿងរ៉ាវ​លំអិត​នៃ​ខ្លឹមសារ​ក្នុង​សារលិខិត​មួយច្បាប់​នេះ មិនត្រូវ​បានបង្ហាញ​នោះទេ​។​ ​សេត​វិមាន​បាន​អះអាង​ពី​អ​ត្តិ​ភាព​នៃ​សារលិខិត​មួយច្បាប់​នេះ តាម​អ៊ី​ម៉ែ​ល​ផ្ញើ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​ ​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី សា​រ៉ា ស៊ែ​ន​ដឺ បាន​និយាយថា សារលិខិត​មួយច្បាប់ ត្រូវបាន​ផ្ញើជូន​ដោយ​លោក​ត្រាំ ហើយ​ការ​ឆ្លើយឆ្លង​គ្នា​រវាង​មេដឹកនាំ​ទាំង​២ នៅតែ​បន្ត​កើតឡើង​។​ ​កាលពី​ដើមខែ​នេះ លោក​ត្រាំ បាន​និយាយថា សារលិខិត​ដ៏​មាន​អត្ថន័យ​មួយច្បាប់ ត្រូវបាន​ផ្ញើមក​កាន់​លោក ដោយ​មេដឹកនាំ​កូរ៉េខាងជើង​។​ ​ប៉ុន្តែ គេ​ក៏​មិនបាន​បញ្ចេញ​នោះទេ​ពី​ពេលវេលា ឬ​វិធី​ណា​ដែល​សារលិខិត​របស់លោក​ត្រាំ ត្រូវបាន​ផ្ញើជូន​លោក​គីម​។​ ​សូមបញ្ជាក់ថា កិច្ចប្រជុំ​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង បាន​ជាប់គាំង​នៅ​កិច្ចប្រជុំ​កំពូល​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម រវាង​លោក​គីម និង​លោក​ត្រាំ កាលពី​ខែ​កុ​ម្ភះ​៕ ​