ហុងកុង​តវ៉ា​ចំពោះ​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ដល់​ចិន ស្របពេល​មាន​ក្តីកង្វល់​លើ​ប្រព័ន្ធយុត្តិធម៌​ទីក្រុង​ប៉េកាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
293
​ក្រុមបាតុករ​រាប់ម៉ឺន​នាក់ ដែល​ភាគច្រើន​គឺជា​និស្សិត និង​ក្រុមនគរបាល នៅក្នុង​ទីក្រុង​ហុងកុង បាន​ជាប់ផុង​ទៅក្នុង​ភាពទាល់ច្រក ពេលដែល​កំហឹង​បាន​កើនឡើង​ចំពោះ​សេចក្តីព្រាងច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ដល់​ចិនដីគោក​។​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុមបាតុករ​ដោយ​ពួកគេ​នាំគ្នា​ពាក់​ម៉ាស់ ទទួល​ឆ័​ត្រ និង​ពាក់មួក​សុវត្ថិភាព​នោះ បាន​បិទផ្លូវ​សំខាន់ៗ​ជុំ​វ​ញ​អគារ​រដ្ឋាភិបាល​។​ ​ក្រុមនគរបាល​បង្ក្រាប​កុប្បកម្ម បាន​ឆ្លើយតប​វិញ​ជាមួយនឹង​ការបាញ់ទឹក​ម្រេច​មកលើ​ក្រុមបាតុករ ដើម្បី​បំបែក​ហ្វូងមនុស្ស ហើយ​ពួកគេ​បាន​និយាយថា ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រើប្រាស់​កម្លាំង​។​ ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​បច្ចុប្បន្ន បាន​ពន្យា​ពេល​ការអាន​លើក​ទី​២​លើ​សេចក្តីព្រាងច្បាប់​នេះ​។​ ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង បានចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយនា​ថ្ងៃ​ពុធ​នេះ ដោយ​អះអាងថា ជំនួប​ដែល​នឹង​គ្រោង​ធ្វើឡើង​នៅវេលា​ម៉ោង​១១​ព្រឹក​នេះ នឹងត្រូវ​លើក​ពេល ហើយ​ពួកគេ​នឹង​ជូនដំណឹង​នៅពេល​ក្រោយ​។​ ​ទោះបីជា​មានការ​ជំទាស់​ជា​សកល​យ៉ាងណាក្តី រដ្ឋបាល​ទីក្រុង​ហុងកុង នៅតែ​និយាយ​យ៉ាង​ទ​ទួ​ច​ថា ពួកគេ​នឹង​បន្ត​ជំរុញ​ការធ្វើ​បត្យាប័ន​មួយ​នេះ​។​ ​សារព័ត៌មាន​ហុងកុង បាន​រាយការណ៍​ថា ការបោះឆ្នោត​ផ្តាច់ព្រ័ត្រ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែមិថុនា ខាងមុខនេះ ក្នុង​នោះគេ​រំពឹងថា ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​នឹង​អនុម័ត​លើ​ពង្រាងច្បាប់​មួយ​នេះ​។​​នៅក្នុង​ស្ថាន​ភាពស្រដៀងគ្នា​នឹង​ចលនា​ឆ័​ត្រ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​នោះ ក្រុមបាតុករ​រាប់ម៉ឺន​នាក់​ដែល​សុទ្ធិ​តែ​ក្មេងៗ​នោះ បាន​ដើរ​ដង្ហែរ​តាមផ្លូវ និង​ព្យាយាម​បិទផ្លូវ​ចូលទៅ​កាន់​អគារ​រដ្ឋាភិបាល មុនពេល​កិច្ចពិភាក្សា​តាម​ការកំណត់​ពី​សេចក្តីព្រាងច្បាប់​នេះ​។​ ​ក្រុម​អ្នក​រិះគន់ លើ​ការធ្វើ​វិសោធនកម្ម​លើ​សេចក្តីព្រាងច្បាប់​ចំពោះ​ច្បាប់​ធ្វើ​បត្យាប័ន​នេះ បានលើកឡើង​ពី​ការធ្វើ​ទារុណកម្ម ការឃុំខ្លួន​ដោយ​បំពាន និង​បង្ខំ​ឲ្យ​សារភាព​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ចិន​។​ ​រដ្ឋបាល​ហុងកុង បាន​សន្យាថា​នឹង​ការពារ​ស្របច្បាប់​សិទ្ធិមនុស្ស និង​វិធានការ​ផ្សេងទៀត ដើម្បី​បន្ធូ​បន្ថយ​ក្តីកង្វល់​ទាំងអស់នេះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ វារឹតតែ​នាំ​ឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាង​មុន​មិន​ធ្លាប់​ដែលមាន​នៅក្នុង​ដែនដី​មួយ​នេះ ចាប់តាំងពី​វា​ត្រូវបាន​ប្រគល់ជូន​ប្រទេស​ចិន​វិញ ដោយ​អាណានិគម​ន៍​អង់គ្លេស កាលពី​ឆ្នាំ​១៩៩៧​។​ ​ក្រុមនគរបាល បាន​និយាយថា ពួកគេ​កំពុងតែ​ស៊ើបអង្កេត​ផងដែរ​លើ​ការគំរាមកំហែង​ដល់​អាយុជីវិត ប្រឆាំងនឹង​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង គឺ​លោក ការី ឡា​ម និង​សមាជិក​ផ្សេងទៀត​នៃ​ក្រសួងយុត្តិធម៌ ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​នេះ​៕