កូរ៉េខាងត្បូង​គ្រោង​បញ្ជូន​ស្រូវ​អង្ក​៥​ម៉ឺន​តោន​ទៅ​ជួយសង្គ្រោះ​ពលរដ្ឋ​១០​លាន​នាក់​ដែល​កំពុង​ជួប​គ្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​នៅ​កូរ៉េខាងជើង​

ព្រឹត្តិការណ៍ថ្មីៗ
0
335
​កូរ៉េខាងត្បូង គ្រោង​បញ្ជូន​ស្រូវ​អង្ក​៥​ម៉ឺន​តោន​ទៅកាន់​កូរ៉េខាងជើង ដែល​កំពុង​ញាំញី​ដោយ​គ្រោះរាំងស្ងួត និង​ក្រោយពេល​ទទួលដំណឹង​ថា ពលរដ្ឋ​ជិត​១០​លាន​នាក់​នៅក្នុង​រដ្ឋ​ឯក​កោ​មួយ​នេះ កំពុង​ជួប​គ្រោះ​ទុរ្ភិក្ស ដែល​នេះ​គឺជា​ការបរិច្ចាក​ស្បៀងអាហារ​លើកដំបូង​រប​ស់​ពួកគេ​ទៅកាន់​កូរ៉េខាងជើង ក្នុង​រយៈពេល​ជិត​១​ទសវត្សរ៍​។​ ​គួរ​ឲ្យ​ដឹងថា គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ គួបផ្សំ​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច បានធ្វើ​ឲ្យ​មាន​កង្វះខាត​ស្បៀងអាហារ​ដ៏​រ៉ាំរ៉ៃ​នៅ​កូរ៉េខាងជើង​។​ ​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង បាន​និយាយថា ស្រូវ​អង្ក​ទាំងនេះ នឹងត្រូវ​ចែកចាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ តាម​ដែល​អាចធ្វើ​ទៅបាន​។​ ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ នឹង​ទទួលខុសត្រូវ​រាល់​ការត្រួតពិនិត្យ​ការបរិច្ចាក​ស្បៀងអាហារ​ទាំងនេះ​។​ ​លោក​គីម យ៉ុ​ន​ឆុ​ល គឺជា​រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង បាន​និយាយថា រដ្ឋាភិបាល​របស់លោក​មិនអាច​ថា​មិន​អើពើ​ចំពោះ​ស្ថានភាព​ដ៏​លំបាក​នៅក្នុង​ចំណោម​ប្រជាជន​កូរ៉េខាងជើង​បាន​នោះទេ​។​   ​ការបរិច្ចាក​ស្បៀងអាហារ​ចុងក្រោយ​គេ​របស់​កូរ៉េខាងត្បូង​ទៅកាន់​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០១០ ពេលដែល​ពួកគេ​បញ្ជូន​ស្រូវ​អង្ក​៥​ពាន់​តោន​ឆ្លងកាត់​ព្រំដែន ពោលគឺ​ស្មើនឹង​១​ភាគ​១០​ប៉ុណ្ណោះ នៃ​ការបរិច្ចាក​តាម​ការគ្រោង​ទុក​នាពេល​បច្ចុប្បន្ន​។​ ​ស្របពេល​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​រវាង​ប្រទេស​បងប្អូន​ទាំង​២ ទីក្រុង​សេ​អ៊ូ​ល​កាលពីពេល​ថ្មីៗ​នេះ បាន​បរិច្ចាក​ថវិកា​៨​លាន​ដុល្លារ​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​អង្គការសហប្រជាជាតិ ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​ថ្នាំពេទ្យ និង​អាហារូបត្ថម្ភ ទៅកាន់​ស្ត្រី និង​កុមារ នៅក្នុង​ប្រទេស​កូរ៉េខាងជើង​។​ ​កាលពី​ខែ​មុន របាយការណ៍​មួយ​ដោយ​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​កូរ៉េខាងជើង​ជិត​១០​លាន​នាក់ កំពុង​ត្រូវការ​ជំនួយ​ស្បៀងអាហារ​បន្ទាន់ ដោយសារតែ​ពួកគេ​ជួប​គ្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​។​ ​របាយការណ៍​អង្គការសហប្រជាជាតិ បាន​រកឃើញ​ផងដែរ​ថា ពលរដ្ឋ​កូរ៉េខាងជើង​រស់រាន​ទៅបាន​ដោយសារ​ការទទួល​ទាន​អាហារ​៣០០​ក្រាម​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ គិត​មកទល់នឹង​ពេលនេះ ក្នុងឆ្នាំនេះ​។​ ​ភាព​ក្រក្សត់​នៃ​ស្បៀងអាហារ​ទាំងនេះ គឺ​បង្កឡើង​ដោយសារតែ​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​កើតមាន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង នា​រយៈពេល​៣៧​ឆ្នាំ​កន្លងមកនេះ ដែល​ធ្វើ​ឲ្យ​ការប្រមូល​ផល​ធ្លាក់ចុះ និង​ការខូចខាត​ផលដំណាំ​នៅ​ទូទាំងប្រទេស​។​ ​របាយការណ៍​របស់​អង្គការសហប្រជាជាតិ បានបង្ហាញ​ទៀតថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ទិន្នផល​ដំណាំ​កូរ៉េខាងជើង បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ឆ្នាំ​២០០៨​មក​៕