ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក សុខចិត្ត​លក់​យន្តហោះ​ដែល​ខ្លួនឯង​ជិះ​ដើម្បី​យកលុយ​ជួយ​សហគមន៍​ក្រីក្រ និង​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​

ព្រឹត្តិការណ៍ថ្មីៗ
0
234
​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador​បាន​សន្យាថា នឹង​ប្រើប្រាស់​ប្រាក់ចំណេញ​ទាំង​អស់ពី​ការលក់​យន្តហោះ​ប្រធានាធិបតី ដើម្បី​ផ្តល់​មូលនិធិ​ដល់​សហគមន៍​ក្រីក្រ និង​កិច្ចខិតខំ ក្នុងការ​ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​។​ ​ដំណើរ​វិវត្តន៍​ចុងក្រោយ​នេះ បាន​កើតមានឡើង ក្រោយ​ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​បញ្ចៀស​ផុតពី​ការដំឡើង​ពន្ធ​សហរដ្ឋអាមេរិក ជាការ​ដោះដូរ​ឲ្យ​ម៉ិ​ក​ស៊ិ​ក ធ្វើ​អ្វី​បន្ថែមទៀត ក្នុងការ​បញ្ឈប់​ការធ្វើ​អន្តោប្រវេសន៍​មកពី​អាមេរិក​កណ្តាល ចូលទៅ​កាន់​ទឹកដី​សហរដ្ឋអាមេរិក​។​ ​អំឡុង​យុទ្ធនាការ​របស់លោក មេដឹកនាំ​ឆ្វេងនិយម​រូបនេះ បាន​សន្យា​លក់​យន្តហោះ​មួយគ្រឿង​នេះ ហើយ​និង​ប្រើប្រាស់​លុយ​ទាំងអស់ ដើម្បី​ជួយ​ដល់​សហគមន៍​ក្រីក្រ​។​ ​លោក​បាន​និយាយថា យន្តហោះ Boeing 787 Dreamliner នេះ មានតម្លៃ​ប្រហែលជា​១៥០​លាន​ដុល្លារ​ដែរ​។​ ​គួររំឭកថា អំឡុង​យុទ្ធនាការ​នៃ​ការស្វែងរក​សំឡេងឆ្នោត​របស់លោក​កាលពី​ឆ្នាំ​២០១៨ លោក Lopez Obrador បាន​សន្យាថា នឹង​លក់​យន្តហោះ​ប្រធានាធិបតី ដែល​កាលពី​ដំបូង​ឡើយ គេ​ទិញ​វា​ក្នុងតម្លៃ​២១៨​លាន​ដុល្លារ​។​ ​លោក​បាន​និយាយប្រាប់​ក្រុម​អ្នកគាំទ្រ​ថា លោក​នឹង​ជិះ​យន្តហោះ​ឯកជន​ជំនួស​វិញ ហើយ​លោក​ធ្វើតាម​ពាក្យសន្យា​មួយ​នេះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោក​ឡើងកាន់តំណែង​។​ ​យន្តហោះ​មួយគ្រឿង​នេះ បានដាក់​លក់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​វា​កំពុងតែ​ចត​ចោល​នៅក្នុង​ឃ្លាំង​យន្តហោះ ស្ថិតនៅក្នុង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក​។ ​បច្ចុប្បន្ន ប្រទេស​ម៉ិ​ក​ស៊ិ​ក កំពុង​ស្វះស្វែង​លក់​យន្តហោះ​៦០​គ្រឿង និង​ឧទ្ធម្ភាគចក្រ​៧០​គ្រឿង​បន្ថែមទៀត​ផងដែរ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។​ ​អំឡុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ លោក Lopez Obrador ត្រូវបាន​អ្នកសារព័ត៌មាន​ចោទសួរ​ដល់​កិច្ចព្រមព្រៀង​របស់លោក​ជាមួយ​សហរដ្ឋអាមេរិក ដែល​រួមទាំង​ការដាក់​ពង្រាយ​កងកម្លាំង​ការពារជាតិ​ម៉ិ​ក​ស៊ិ​ក ទៅកាន់​តំបន់​ព្រំដែន​ភាគខាងត្បូង​ជាប់​នឹង​ប្រទេស​ក្វា​តេ​ម៉ា​ឡា​។​ ​លោក Lopez Obrador បាន​និយាយប្រាប់​សន្និសីទកាសែទ​ថា បើ​និយាយ​ពី​ការចំណាយ​លើ​គម្រោងការ​មួយ​នេះ ចាំ​លោក​ប្រាប់ថា ចាំ​យើង​មាន​លុយ​សិន​។​ ​លោក​បន្តថា វា​នឹង​លេចចេញ​ជា​រូបរាង​ឡើង ពេលដែល​យើង​បាន​លុយ​ពី​ការលក់​យន្តហោះ​ដ៏​ប្រណីត​របស់​ប្រធានាធិបតី​។​ ​សូមបញ្ជាក់ថា យន្តហោះ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​គេ​ទិញ​កាលពី​ឆ្នាំ​២០១៦ ហើយ​ត្រូវបាន​គេ​ដាក់ឈ្មោះ "José María Morelos y Pavón" ៕ ​