ការរីក​រាល​ដ៏​អាក្រក់​បំផុត​នៃ​ជំងឺ​អេ​បូ​ឡា​បានសម្លាប់​មនុស្ស​១.៤០០​នាក់​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​

ព្រឹត្តិការណ៍ថ្មីៗ
0
262
  ​ប្រធាន​អង្គការ​សប្បុរសធម៌​ស្រាវជ្រាវ​សុខាភិបាល បានចាត់ទុក​ការរីក​រាល​ចុងក្រោយ​នៃ​ជំងឺ​អេ​បូ​ឡា នៅ​ភាគ​កណ្តាល​អាហ្វ្រិក​ថា “​ពិតជា​គួរ​ឲ្យ​ខ្លាច​បំផុត​”​។​ ​គួរ​ឲ្យ​ដឹងថា មនុស្ស​ជិត​១.៤០០​នាក់​បាន​ស្លាប់​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​ ​លោក​វេជ្ជបណ្ឌិត Jeremy Farrar គឺជា​ប្រធាន​អង្គការ Wellcome Trust បាន​និយាយថា នេះ​គឺជា​ការរីក​រាល​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​ការរីក​រាលដាល​ឆ្នាំ​២០១៣-១៦ ហើយ​វា​មិនបាន​បង្ហាញ​សញ្ញា​ណាមួយ​នៃ​ការបញ្ឈប់​នោះទេ​។​   ​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ផងដែរ​នៅក្នុង​ប្រទេសជិតខាង​អ៊ុយ​ហ្គ​ង់​ដា គឺជា​ករណី​ជំងឺ​អេ​បូ​ឡា​លើកដំបូង​គេ​មាននៅ​ក្នុង​ប្រទេសមួយ​នេះ​។​ ​បច្ចុប្បន្ន​រដ្ឋាភិបាល​អ៊ុយ​ហ្គ​ង់​ដា កំពុង​រាយការណ៍​ពី​ករណី​សង្ស័យ​៧​ផ្សេងទៀត​នៃ​វីរុស​មួយ​នេះ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​វេជ្ជបណ្ឌិត Farrar បាន​និយាយថា ការរីក​រាលដាល​នេះ គឺជា​សោកនាដកម្ម ថ្វីត្បិតតែ​វា​មិនជា​ការភ្ញាក់ផ្អើល​ខ្លាំង​ក៏ដោយ​។ លោក​បានប្រកាស​អាសន្ន​ថា ករណី​ឆ្លង​វីរុស​ច្រើន​ទៀត នឹង​រំពឹង​កើតមានឡើង ហើយ​ការឆ្លើយតប​ថ្នាក់ជាតិ និង​អន្តរជាតិ ត្រូវការ​ជា​ចាំបាច់​ក្នុង​ការពារ​អាយុជីវិត​មនុស្ស​។​ ​លោក Jeremy Farrar បន្តថា កុង​ហ្គោ មិនមែនជា​ប្រទេស​តែមួយគត់ ដែល​ប្រឈម​នឹង​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​អេ​បូ​ឡា​នោះទេ​។​ ​ការរីក​រាលដាល​នេះដែរ គឺជា​ការរីក​រាលដាល់​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ជំងឺ​អេ​បូ​ឡា ក្នុងនោះ​ករណី​ថ្មី​នៃ​ការឆ្លង​វីរុស បាន​កើតមានឡើង​កាលពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​   ​កាលពី​លើក​មុន ការរីក​រាលដាល​បាន​បន្ត​អូស​បន្លាយពេល​ជាង​៨​ខែ ក្រោយ​ផ្ទុះ​ជំងឺ​មួយ​នេះ ដែល​វា​បាន​រីក​រាលដាល​ខ្លាំង​នៅ​អាហ្វ្រិក​ខាងលិច ចន្លោះ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៦ ដោយបាន​សម្លាប់​មនុស្ស​១១.៣១០​នាក់​។​ ​ដោយឡែក កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​នេះ ត្រូវបាន​រាំងស្ទះ​ដោយសារតែ​អំពើហិង្សា​របស់​ក្រុម​ជីវពល និង​ការពន្យា​ពេល​ផ្តល់ជំនួយ​សុខាភិបាល​បរទេស​។​ ​មន្ទីរពេទ្យ​ជិត​២០០​កន្លែង រង​ការវាយប្រហារ​ក្នុងឆ្នាំនេះ នៅក្នុង​ប្រទេស​កុង​ហ្គោ ជាហេតុ​បង្ខំ​ឲ្យ​ក្រុមមន្ត្រី​សុខាភិបាល ពន្យា​ពេល​ការព្យាបាល និង​ការចាក់​វ៉ាក់សាំង​ការពារ​។​ ​នៅក្នុង​ខែ​កុ​ម្ភះ ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន បាន​ផ្អាក​សកម្មភាព​ព្យាបាល​របស់​ពួកគេ នៅក្នុង​ទីក្រុង Butembo និង​ទីក្រុង Katwa ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ ជា​កន្លែង​ដែលមាន​ការរីក​រាល​ខ្លាំង​តែម្តង​នៃ​វីរុស​អេ​បូ​ឡា​។​ ​តើ​អ្វី​ទៅជា​គឺ​ជំងឺ​អេ​បូ​ឡា​? -​អេ​បូ​ឡា គឺជា​វីរុស​មួយ​ប្រភេទ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​គ្រុនក្តៅ​ភ្លាមៗ ចុះខ្សោយ​កម្លាំង ឈឺចាប់​ពេញ​សាច់ដុំ និង​ឈឺបំពង់ក​ -​ពេល​កើត​ជំងឺ​នេះ នឹង​នាំ​ឲ្យ​ក្អួតចង្អោរ រាគ​រួស និង​ចេញឈាម​តាម​ស្បែក និង​ក្នុង​ខ្លួន​ -​មនុស្ស​នឹង​ឆ្លង​ជំងឺ​មួយ​នេះ ពេលដែល​ពួកគេ​ប៉ះ​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ តាមរយៈ​ស្បែក មាត់ ច្រមុះ ហើយ​អ្នកជំងឺ​នឹងត្រូវ​ស្លាប់ ដោយសារ​ការ​ខះ​ជាតិ​ទឹក​និង​ការបាត់បង់​សរីរាង្គ​ជាច្រើន​ទៀត​៕ ​