ការស្រាវជ្រាវ​ថ្មី​៖ ផែនដី​អាច​នឹង​ងាយ​រងគ្រោះថ្នាក់​ខ្លាំង​ដោយសារ​ពន្លឺ​មហាអស្ចារ្យ​របស់​ព្រះអាទិត្យ​

ព្រឹត្តិការណ៍ថ្មីៗ
0
279
  ​នៅពេលនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ មានជំនឿថា ព្រះអាទិត្យ នឹង​អាចបង្កើត​ពន្លឺ​រំខាន​ដ៏​មហាអស្ចារ្យ​មួយ​ប្រភេទ​នាពេល​អនាគត​។​ ​ការស្រាវជ្រាវ​កាលពីមុន បាន​លើកឡើងថា ការផ្ទុះ​ចេញ​នូវ​ថាមពល​ពន្លឺ​ដ៏​គ្រោះថ្នាក់​ទាំងនេះ ត្រូវបាន​កំណត់​ត្រឹម​តារា​សកម្ម​ជាងគេ និង​តារា​អាយុកាល​តិចជាងគេ ប៉ុន្តែ​បច្ចុប្បន្ន យោងតាម​ការសិក្សា​ថ្មី បាន​ឲ្យ​ដឹងថា ថ្វីត្បិតតែ​ព្រះអាទិត្យ កាន់តែ​មាន​វ័យ​ចំណាស់ ហើយ​និង​មាន​ស្ថិរភាព​ជាង​មុន​យ៉ាងណាក្តី ក៏​វា​អាច​នឹង​បង្កើត​ពន្លឺ​ដ៏​មហា​គ្រោះថ្នាក់​មួយ​ដល់​ផែនដី ដែរ​។​ ​បើសិនជា​ពន្លឺ​ស្ថិតនៅក្នុង​ចំណោម​ពន្លឺ​មហាអស្ចារ្យ​ទាំងនេះ ត្រូវចំ​ផែនដី នោះ​វា​នឹងធ្វើ​ឲ្យ​មាន​វិនាសកម្ម​សកល​មួយ ដោយ​វា​នឹង​បំផ្លិចបំផ្លាញ​ផ្កាយរណប ក៏ដូចជា​ឧបករណ៍​អេឡិចត្រូនិក ប្រព័ន្ធ​ខ្សែកាប និង​ប្រព័ន្ធ​ទូរគមនាគមន៍​ជាដើម​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការព្យាករណ៍​ពី​ពេលវេលា​ពិតប្រាកដ​នៃ​ការកើតឡើង​របស់​ពន្លឺ​មហាអស្ចារ្យ​របស់​ព្រះអាទិត្យ មិនទាន់​ដឹង​ច្បាស់​នោះទេ​។ វា​អាច​នឹង​កើតមានឡើង​នៅក្នុង​រយៈពេល​រាប់ពាន់​ឆ្នាំ​ទៀត ឬ​វា​អាច​នឹង​កើតឡើង​នៅ​សប្តាហ៍​ក្រោយ​ក៏​ថា​បាន ដោយសារ​ភាពមិនប្រាកដ​ប្រជា​របស់​វា​។​   ​លោក Yuta Notsu គឺជា​អ្នកវិទ្យាសាស្ត្រ​ដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​និយាយថា ការសិក្សា​របស់​ពួកយើង បាន​បង្ហាញថា ពន្លឺ​ដ៏​មហាអស្ចារ្យ​របស់​ព្រះអាទិត្យ គឺជា​ព្រឹ​ត្ត​ការណ៍​ដ៏​កម្រ​មួយ ប៉ុន្តែ​មាននូវ​លទ្ធភាព​មួយចំនួន​ដែល​យើង​អាច​នឹង​ជួប​ព្រឹ​ត្ត​ការណ៍​បែបនេះ នៅក្នុង​រយៈពេល​១០០​ឆ្នាំ​ទៀត ឬក៏​យូរ​ជាង​នេះ​។​ ​លោក​បន្តថា បើសិនជា​ពន្លឺ​ដ៏​មហាអស្ចារ្យ​បានកើត​ឡើង​កាលពី​រយៈពេល​១​ពាន់​ឆ្នាំមុន នោះ​ក៏​ប្រហែលជា​មិនមែនជា​បញ្ហា​ធំ​នោះដែរ ពីព្រោះថា អ្នក​រាល់គ្នា អាច​ត្រឹម​មើលឃើញ​នូវ​ពន្លឺ​ដ៏​ធំ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន វា​នឹង​ក្លាយជា​បញ្ហា​ធំ ដោយសារតែ​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ពួកយើង​៕​