ប្រជាពលរដ្ឋ​ជាង​៤​លាន​នាក់​កំពុង​គ្មាន​ទឹក​ប្រើប្រាស់​នៅ​ទីក្រុង​ធំ​បំផុត​ទី​៦​របស់​ប្រទេស​ឥណ្ឌា​

ព្រឹត្តិការណ៍ថ្មីៗ
0
268
​បាត​អាង​ស្តុក​ទឹក Chembarambakkam បាន​បែក​ក្រហែង ស្ងួត​រីង​អស់​ទៅហើយ​។ នៅ​ចម្ងាយ​ប្រហែល​២៥​គ​.​ម​ពី​អាង​ស្តុក​ទឹក​នេះ គឺជា​ទីក្រុង​ឆេន​ណៃ ដែលជា​ទីក្រុង​ធំ​បំផុត​ទី​៦​របស់​ប្រទេស​ឥណ្ឌា ជា​កន្លែង​ដែល​មនុស្សរ​៤.៦​លាន​នាក់ អស់​ទឹក​ប្រើប្រាស់​។​ ​លោក Jayaram Venkatesan គឺជា​សកម្មជន​មួយរូប​នៅក្នុង​ទីក្រុង​ឆេន​ណៃ បាន​និយាយថា អាង​ស្តុក​ទឹក Chembarambakkam និង​អាង​ស្តុក​ទឹក​៣​កន្លែង​ផ្សេងទៀត ដែល​ផ្គត់ផ្គង់​ទឹក​ដល់ទី​ក្រុង​ឆេន​ណៃ ស្ទើ​តែ​រីង​អស់​ទៅហើយ ជាហេតុ​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​កំពុង​ជួប​កង្វះខាត​ទឹក​ប្រើប្រាស់​។​ ​ដោយសារតែ​គ្មាន​ទឹកភ្លៀង​គ្រប់គ្រាន់ គួបផ្សំ​ជាមួយនឹង​កម្រិត​ទឹក​ក្រោម​ដី​ទាប​ផង​នោះ រដ្ឋាភិបាល​រដ្ឋ​តា​មិ​ល ណា​ឌូ កំពុងតែ​ជួប​ការលំបាក​ខ្លាំង​ក្នុងការ​ផ្គត់ផ្គង់​ទឹក​ដល់​អ្នកស្រុក​។​ ​ដោយសារ​អាង​ស្តុក​ទឹក​រីង ទឹក​ត្រូវបាន​ដឹក​ចូលទៅ​ក្រុង​ឆេន​ណៃ​ដោយផ្ទាល់​ដោយ​រថយន្ត​។ ជា​រៀងរាល់ថ្ងៃ ក្រុម​អ្នកស្រុក​រាប់ម៉ឺន​រាប់សែន​នាក់ គ្មាន​ជម្រើស​នោះទេ ក្រៅពី​ឈរ​តម្រង់​ជួរ​រាប់​ម៉ោង ក្រោម​សីតុណ្ហភាព​រដូវក្តៅ ដើម្បី​រង់ចាំ​ត្រងទឹក​បំពេញ​ធុង​របស់​ពួកគេ​។​ ​លោក Suresh Subburaman គឺជា​អ្នកស្រុក​រស់នៅក្នុង​ទីក្រុង​ឆេន​ណៃ និង​ជា​ម្ចាស់​សណ្ឋាគារ Nivis Kitchen កំពុង​ជួប​ការលំបាក​ខ្លាំងណាស់ ក្នុងការ​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់លោក​រស់រាន​ទៅបាន​។​ ​លោក Subburaman បាន​និយាយថា យើង​បើក​របរ​រកស៊ី ហើយ​ទោះបីជា​យ៉ាងណាក៏ដោយ យើង​នៅតែ​ប្រឹង​បើក​វា​។ ប៉ុន្តែ​យើង​បើកមុខ​របរ​ក្នុងស្ថានភាព​មួយ ដែល​មិន​ខាត ហើយក៏​មិន​ចំណេញ​ដែរ​។ នេះ​គឺជា​មុខ​ជំនួញ​របស់​ពួកយើង​។ យើង​គ្មាន​ជម្រើស​ផ្សេងទៀត​នោះទេ​។ យើង​ត្រូវតែ​បន្ត​មុខ​ជំនួញ​មួយ​នេះ​តទៅទៀត បើ​ទោះ​ជួប​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ក៏ដោយ​។​ ​សូមបញ្ជាក់ថា គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​ឥណ្ឌា គឺជា​បញ្ហា​ប្រចាំឆ្នាំ ប៉ុន្តែ​កង្វះខាត​ទឹក​ប្រើប្រាស់​ក្នុងឆ្នាំនេះ បាន​គាប់​ជួន​នឹង​រលក​កម្តៅ​សម្លាប់​មនុស្ស​ទូទាំងប្រទេស ផងដែរ​៕​