លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រើ​វិធានការ​ក្តៅ​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
220
​កាលពីពេល​ថ្មីៗ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា សំណង់​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​នៅ​ខេត្ត​ព្រះសីហនុ គឺ​មិន​អនុញ្ញាត​ឱ្យចូល​ស្នាក់នៅ មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម និង​មិន​ត​ទឹក​និង​ត​ភ្លើង​ជូន​ឡើយ ក្នុងករណី​មិន​សហការ​ជាមួយ​ក្រុមការងារ​។ ​ថ្លែង​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ប្រមាណ​១៦៥​ក្រុមហ៊ុន ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់ បង្កើន​ការវិនិយោគ​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​ដែលមាន​ភារកិច្ច​ជួយ​គាំទ្រ​ដល់​ពួកគាត់ គោរព​ច្បាប់​ក្នុងការ​សាងសង់ និង​លើកកម្ពស់​គុណភាព​សំណង់ ដើម្បី​នាំមក​នូវ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​សេដ្ឋកិច្ចជាតិ ។ លោក​ជា សុផារ៉ា ក៏បាន​បញ្ជាក់ថា «​សំណង់​គ្មាន​ច្បាប់ មិន​អនុញ្ញាត​ឱ្យចូល​ស្នាក់នៅ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម មិន​ត​ទឹក និង​ត​ភ្លើង​ជូន​ឡើយ​ក្នុងករណី​មិន​សហការ​ជាមួយ​ក្រុមការងារ​» ។​ ​គួរ​បញ្ជាក់ដែរថា កិច្ចប្រជុំ​ស្តីពី​បញ្ហា​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​បានធ្វើ​ឡើង ដោយមាន​ការចូលរួម​ពី​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ព្រះសីហនុ និង​លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ម៉ៅការ​សំណង់ ប្រមាណ ១៦៥ ក្រុមហ៊ុន នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ ក្នុង​គោលបំណង​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​នៃ​សំណង់​ទាំងអស់​ដែល​បាននិងកំពុង​សាងសង់​នៅលើ​ទឹកដី​ក្រុងព្រះសីហនុ​៕