អ៊ីរ៉ង់​ថា​អាមេរិក​វិកល​ចា​រឹត​ក្រោយពេល​លោក​ត្រាំ​គំរាម​ក​ម្ទេ​ក​ពួកគេ​ឲ្យ​ក្លាយជា​ផេះ​បើ​ហ៊ាន​ប៉ះពាល់​ពលរដ្ឋ​របស់ខ្លួន

ព្រឹត្តិការណ៍ថ្មីៗ
0
254
​អ៊ីរ៉ង់ បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ថា​អាមេរិក “​វិកល​ចា​រឹត​”​ក្រោយពេល​លោក ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​គំរាម​កាលពី​ថ្ងៃ​អង្គា​រថា​នឹង​កម្ទេច​អ៊ីរ៉ង់​ចោល បើសិនជា​ពួកគេ​ហ៊ាន​វាយប្រហារ​ណាមួយ​មកលើ​ពលរដ្ឋ​អាមេរិក នៅក្នុង​សង្គ្រាមពាក្យសម្តី​ថ្មី​ជាមួយ​ទីក្រុង​តេ​អេ​រ៉ង់​។​ ​ប៉ុន្តែ​ក្រោយមក​លោក​ត្រាំ បាន​បើកទ្វារ​សម្រាប់​ការ​កិច្ចពិភាក្សា​វិញ ដោយ​លោក​បាន​និយាយថា អ៊ីរ៉ង់​គួរតែ​និយាយ​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​សន្តិវិធី ដើម្បី​បញ្ឈប់​ភាព​តានតឹង និង​ដើម្បី​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​អាមេរិក​ចេញ​។​ ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ លោក​ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែមទៀត មកលើ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក​អា​យ៉ា​តូ​ឡា អា​លី ខា​មេ​ណេ ហើយ​និង​មេបញ្ជាការ​ជាន់ខ្ពស់​៨​នាក់​ទៀត ក្នុងនោះ​ទណ្ឌកម្ម​មកលើ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក​ចា​វ៉ាដ ហ្សា​រី​ហ្វ គ្រោង​នឹងធ្វើ​ឡើង​នៅពេល​ក្រោយ​ក្នុង​សប្តាហ៍​នេះ​។​   ​អ៊ីរ៉ង់ បាន​បាញ់​ទម្លាក់​ដ្រូ​ន​ឈ្លប​ការណ៍​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន ហើយ​លោក​ត្រាំ បាន​និយាយថា លោក​បានប្រកាស​ផ្អាក​ការវាយប្រហារ​តាម​ច្រក​អាកាស​សងសឹក​ក្នុង​រយៈពេល​តែ​១០​នាទី​ប៉ុណ្ណោះ​មុនពេល​តាម​ការគ្រោងទុក ដោយ​លោក​លើកឡើងថា មនុស្ស​ជាច្រើន អាច​នឹងត្រូវ​សម្លាប់ បើសិនជា​អាមេរិក​បើក​ការវាយប្រហារ​ហើយ​នោះ​។ វា​នឹង​ក្លាយជា​លើកដំបូង​ផងដែរ ដែល​សហរដ្ឋអាមេរិក​វាយប្រហារ​មកលើ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ក្នុង​រយៈពេល​៤​ទសវត្សរ៍​។​ ​នៅក្នុង​សង្គ្រាមពាក្យសម្តី​ស្រដៀង​គ្នា​ដូចដែល​លោក​ធ្លាប់ប្រើ​គំរាម​កូរ៉េខាងជើង​នេះ លោក​ត្រាំ បាន​សរសេរ​តាម Twitter​ថា “​រាល់​ការវាយប្រហារ​ណាមួយ​ម​កលើ​ពលរដ្ឋ​អាមេរិក នឹងត្រូវ​តបស្នង​ទៅវិញ​នឹង​កម្លាំង​មហាអស្ចារ្យ​។ តំបន់​ខ្លួន​នឹងត្រូវ​កម្ទេច​ខ្ទេច​តែម្តង​”​។​ ​នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​អង្គារ​នោះដែរ ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រូ​ហា​នី បាន​និយាយថា ទណ្ឌកម្ម​ថ្មី​មកលើ​មេដឹកនាំ​កំពូល​ខា​មេ​ណេ គ្មាន​ផលប្រយោជន៍​អ្វី​នោះទេ ដោយហេតុថា បុព្វ​ជិត​កំពូល​រួប​នេះ គ្មាន​ទ្រព្យសម្បត្តិ​នៅ​បរទេស​នោះទេ​។​ ​លោក​រូ​ហា​នី ដែល​បានឈ្នះ​ឆ្នោត​២​លើក​ដោយសារ​ការសន្យា​ឲ្យ​អ៊ីរ៉ង់​បើកទូលាយ​ចំពោះ​ពិភពលោក​នោះ បាន​និយាយថា ទង្វើរ​របស់​សេត​វិមាន​ពិតជា “​វិកល​ចា​រឹត​ខ្លាំងណាស់​”៕