ទីបំផុត ! ការព្យាករណ៍​របស់ CEO ក្រុមហ៊ុន Huawei ពិតជា​ឆុត​មែន សហរដ្ឋអាមេរិក​ចាប់ផ្តើម​ប្តូរ​ឥរិយាបថ​ហើយ

ព្រឹត្តិការណ៍ថ្មីៗ
0
291
​កាលពីពេល​ថ្មីៗ​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​អះអាងថា ក្រុមហ៊ុន​អាមេរិក​នានា​នឹង​ទទួល​ការអនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ឡើងវិញ ដែល​នេះ​មានន័យថា Huawei នឹង​អាច​ត្រូវ​ដក​ពី​បញ្ជីខ្មៅ​នៃ​បម្រាម​ពាណិជ្ជកម្ម​ក្នុងពេល​ឆាប់ៗ​។ នេះ​បើតាម​ការចេញផ្សាយ​ពី​សារព័ត៌មាន​អាមេរិក Bloomberg នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​។​ ​លោក ត្រាំ បាន​ថ្លែង​ច្បាស់ៗ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​អូ​សា​កា​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​និយាយ​ហើយ វា​គឺ​គ្មាន​បញ្ហា​ទេ​! វា​ធ្វើ​ឲ្យ​យើង​អាច​បន្ត​លក់​ផលិតផល​របស់​យើង​... ពួកគេ​គឺជា​ក្រុមហ៊ុន​របស់​អាមេរិក ដែល​បាន​ផលិត​ផលិតផល​ទាំងនេះ (​បរិក្ខា​បំពាក់​ឲ្យ Huawei)​។ វា​ពិតជា​ស្មុគស្មាញ​ណាស់​ចំពោះ​រឿងនេះ​។ ខ្ញុំ​យល់ព្រម​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​លក់​ផលិតផល​នោះ នោះ​ទើប​ក្រុមហ៊ុន​អាមេរិក​អាច​បន្តដំណើរ​ទៅមុខទៀត​បាន​...»​។​ ​ជុំវិញ​បញ្ហា​នេះដែរ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ BBC បាន​ឲ្យ​ដឹងថា លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ទៀតថា បញ្ហា Huawei នៅតែ​ជា​ផ្នែក​មួយ​នៃ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង ប៉ុន្តែ​ខណៈពេល​នេះ លោក នឹង​ចេញ​បញ្ជា​ឲ្យ​បន្ត​ការធ្វើ​អាជីវកម្ម​ឡើងវិញ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​និង​ក្រុមហ៊ុន​ចិន​។ ​កិច្ចប្រជុំ G20 ហាក់​ផ្តល់​លទ្ធផល​ល្អ​ច្រើន​រវាង​ប្រទេស​មហា​អំ​ណា​ទាំងពីរ ខណៈដែល​អាមេរិក​ពន្យា​ពេល​ការដំឡើង​ពន្ធ​បន្ថែម​លើ​ផលិត​ចិន ចំណែក​ចិន​បាន​ជួយ​ទិញ​ផលិតផល​កសិកម្ម​ពី​អាមេរិក​មួយ​ភាគ​ធំ ទោះបីជា​ការសម្របសម្រួល​នេះ​មិនបាន​ជួយ​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​មែន ប៉ុន្តែ​វា​បាន​ជួយ​កាត់បន្ថយ​សម្ភា​ធ​ខ្លះ​ដែល​ក្រុមហ៊ុន​ទាំងនោះ បាន​ខ្លះៗ​ដែរ​។​ ​គួ​រម្លឹក​ដែរ​ថា ក្រុមហ៊ុន Huawei បន្ទាប់ពី​សហរដ្ឋអាមេរិក ប្រកាស​ឲ្យ​ក្រុមហ៊ុន​ផ្ដាច់ទំនាក់ទំនង​រកស៊ី​ជាមួយ Huawei ពិសេស គឺ​បញ្ឈប់​ការផ្គត់ផ្គង់​ប្រព័ន្ធ​ប្រតិបត្តិការ Android សម្រាប់​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លេ​ត Huawei រួចមក ខាង​ក្រុមហ៊ុន Huawei ក៏បាន​ចេញមុខ​ប្រកាស​ដែរ​ថា ខ្លួន​បាន​ក៏បាន​ត្រៀម​គម្រោង​បន្ទាប់​របស់ខ្លួន​រួច​មុន​ជាស្រេច​ហើយ ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ផ្ទាល់ខ្លួន ដែលមាន​ឈ្មោះថា Hongmeng OS ។ មិនតែប៉ុណ្ណោះ CEO របស់​ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់បាន​លើកឡើង​ដែរ​ថា អ្នក​ដែល​ត្រូវ​ខាតបង់​មិនមែន​ចិន​ឡើយ តែ​ជា​សហរដ្ឋអាមេរិក ៕ ​