អាកាសធាតុ​ប្រទេស​មួយចំនួនធំ​នៅ​ទ្វីបអឺរ៉ុប កំពុង​កើតឡើង​កំដៅ​ឥតឈប់ឈរ !

ព្រឹត្តិការណ៍ថ្មីៗ
0
374
​រយ​:​ពេល​ថ្មីៗ​នេះ ប្រទេស​មួយចំនួនធំ​នៅ​ទ្វីបអឺរ៉ុប កំពុង​រង​គ្របដណ្តប់ ដោយ​រលក​កំដៅ ក្តៅ​ខ្លាំង បក់​មកពី​វាល​ខ្សាច់​សាហា​រ៉ា នៅ​ទ្វីបអាហ្វ្រិក​។ តាំង​ពីថ្ងៃ​ព្រហស្បតិ៍ រហូតដល់​ថ្ងៃ​សៅរ៍​ស្អែក មិន​ថា នៅ​បារាំង អេ​ស្ប៉ា​ញ អ៊ីតាលី ក្រិ​ក អាល្លឺម៉ង់ ប៉ូឡូញ ឬ​នៅ​ប្រទេស​ស្វ៊ី​ស សំបូរ​ភ្នំ​ទឹកកក សីតុណ្ហភាព​ក្តៅ​ខ្លាំង កើន​ឡើងដល់​កម្រិត​កំពូល ក្នុង​រង្វង់​ជាង ៤០​អង្សា​។​ ​សារព័ត៌មាន​BBC នៅ​ថ្ងៃទី​01 ខែកក្កដា បាន​ផ្សាយ​ថា តំបន់​ជាច្រើន​នៅក្នុង​ទ្វីបអឺរ៉ុប​កំពុងតែ​ទទួលរង​នូវ​រលក​កម្តៅ​ប្រចាំឆ្នាំ ដែល​បាន និង​កំពុង បង្ក​ទៅ​គ្រោះមហន្តរាយ​ផងដែរ ខណៈ​នៅ​អេ​ស្ប៉ា​ញ​មាន​សេចក្តីរាយការណ៍​ថា មនុស្ស​០២​នាក់​ហើយ​បាន​បាត់​បង់ជីវិត ហើយ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​វិញ សីតុណ្ហភាព​បាន​កើនឡើង​ខ្ពស់​ដល់​ជាង ៤៥​អង្សា​សេ​ជា​លើកដំបូង​បំផុត ជាហេតុ​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ក្នុង​ទីក្រុង​មាន​ភាព លំបាក ។​ ​ជាមួយគ្នា​នោះដែរ រលក​កម្តៅ​បាន​វាយប្រហារ​ខ្លាំង​បំផុត​នៅក្នុង​តំបន់​មួយ​ឈ្មោះ វី​ល​វី​យី (Villevieille) នៃ​សង្កាត់​ហ្គា​ដ (Gard) ទីក្រុង​ប៉ារីស ដោយ​កម្តៅ​នៅ​ទីនោះ​គឺ​លោត​ដល់ ៤៥.១​អង្សា​សេ​ឯណោះ ខណៈ​កម្រិត​កម្តៅ​កន្លងមក ដែល​តំបន់​នេះ​ធ្លាប់​កើនឡើង​ខ្ពស់បំផុត​នោះ​គឺ​តែ ៤៤.១​អង្សា​សេ​ប៉ុណ្ណោះ កាលពី​កំឡុង​ខែសីហា ឆ្នាំ​២០០៣ ។ បើតាម​ការព្យាករណ៍​កន្លងមក ប្រទេស​បារាំង អេ​ស្ប៉ា​ញ និង​អ៊ីតាលី តែងតែ​ទទួលរង​រលក​កម្តៅ​ខ្លាំង​ជាង​ប្រទេស​ផ្សេងៗ​ទៀត នៅ​ទ្វីបអឺរ៉ុប​ជា​រៀងរាល់ឆ្នាំ ។​ ​គួរ​បញ្ជាក់ដែរថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​អ៊ីតាលី​បានឱ្យដឹងថា នៅក្នុង​ទីក្រុង Milan មាន​បុរស​វ័យ ៧២​ឆ្នាំ ម្នាក់​ត្រូវបាន​ស្លាប់ ដោយសារ​រលក​កម្ដៅ​នេះ​។ ចំណែក​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​វិញ មាន​បុរស ២​នាក់ បាន​ស្លាប់​ដោយសារ​មូលហេតុ​ទាក់ទង​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង​នេះ​។ ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ដដែល​នេះ ក៏មាន​ភ្លើង​ឆេះ​ព្រៃ​មួយ​បាន​ឆេះ​ព្រៃ​អស់​ប្រមាណ ៦,០០០​ហិកតា នៅឯ​តំបន់ Catalonia ភាគ​ខាងជើង​របស់​ប្រទេស​ផងដែរ​៕ ​