លោក ពូ​ទីន សោកស្តាយ​យ៉ាងខ្លាំង​បន្ទាប់ពី​ឆេះ​នាវាមុជទឹក បានធ្វើ​ឲ្យ​មេបញ្ជាការ​ទ័ព​ឆ្នើម​ជាច្រើន​ស្លាប់បាត់​បង់ជីវិត​

ព្រឹត្តិការណ៍ថ្មីៗ
0
321
​តាម​ការបញ្ជាក់​ពី​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា សមាជិក​ក្រុម​នា​វឹក​នៅក្នុង​នាវាមុជទឹក​ទាំង​១៤​នាក់ របស់​រុស្ស៊ី​បាន​ស្លាប់​ទាំងអស់ ដោយសារតែ គ្រោះថ្នាក់​ផ្ទុះ​ឆេះ​នៅ​ខាងក្នុង​នាវាមុជទឹក​សម្រាប់​ស្រាវជ្រាវ​នៅ​សមុទ្រ​ទឹក​ជ្រៅ បណ្តាល​ឲ្យ​នា​វឹក​ថប់ដង្ហើម​ស្លាប់ ។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី បាន​ដកស្រង់​ប្រសាសន៍​របស់​មន្ត្រី​ក្រសួងការពារជាតិ បានបញ្ជាក់​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​ថា អគ្គិភ័យ​បានកើត​ឡើងទៅ​លើ​នាវាមុជទឹក​របស់​រុស្ស៊ី​មួយគ្រឿង នៅក្រោម​ទឹកសមុទ្រ បណ្តាល​ឲ្យ​ស្លាប់​សមាជិក​នាវិក​សរុប​១៤​នាក់ ។​ ​យ៉ាងណាក្តី កាសែត Novaya Gazeta បានលើកឡើង​ប្រភព​នានា​ដែល​បាន​និយាយថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅលើ​នាវាមុជទឹក​ខ្នាតតូច​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ AS-12 ដែលមាន​សមត្ថភាព​ចូលទៅ​បាតសមុទ្រ​ជ្រៅ​បំផុត​ហើយ​អាជ្ញាធរ​វិទ្យុសកម្ម​រប​ស់​ប្រទេស​ន័​រ​វែ​សបាន​បង្ហាញថា ប្រទេស​រុស្ស៊ី​បាន​ជូនដំណឹង​ដល់​ខ្លួន​ថា​មានការ​ផ្ទុះ​ឧស្ម័ន​មួយ​នៅក្នុង​នាវា​នេះ​ប៉ុន្តែ​ការអះអាង​នេះ​ត្រូវបាន​បដិសេធ​យ៉ាង​ឆាប់រហ័ស​ដោយ​ទីក្រុង​មូ​ស្គូ​។​ ​ជុំវិញ​បញ្ហា​នេះដែរ លោក ពូ​ទីន បាន​និយាយថា មាន​មេបញ្ជាការ​ថ្នាក់ទីមួយ​ចំនួន ០៧​រូប និង​មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្សី​ពីររូប បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នេះ ក្នុងចំណោម​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​ទាំងអស់ ១៤​នាក់​។ លោក ពូ​ទីន ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា «​វា​ជាការ​ខាតបង់​យ៉ាង​ធំធេង​សម្រាប់​រុស្សី​»​។​ ​លោក​ប្រធានាធិបតី ពូ​ទីន បាន​សម្តែង​អារម្មណ៍​សោកស្តាយ និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​នាយទាហាន​ជើង​ទឹក ដែល​បាន​បាត់បង់​ជីវិត​ទាំងអស់ ក្នុង​គ្រោះ​អគ្គីភ័យ​ក្នុង​នាវាមុជទឹក​យោធា សម្រាប់​ស្រាវជ្រាវ​ក្រោម​សមុទ្រ​នោះ​។ លោក​បាន​ណែនាំ​ឲ្យ​ក្រសួងការពារជាតិ ឲ្យ​ផ្តល់ជំនួយ និង​ការគាំទ្រ​ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ ដោយ​ស្នើ​សុំឱ្យ​រដ្ឋមន្ត្រី​ការពារជាតិ ទៅ​មើល​កន្លែងកើតហេតុ​ដោយផ្ទាល់ ហើយ​ពិនិត្យមើល​កំណត់ហេតុ​អំពី​មូលហេតុ ដែល​បាន​បង្ក​ទៅជា​សោកនាដកម្ម​នេះ​។​