ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ស្ម័គ្រចិត្ត ប្រគល់​វត្ថុ​មានតម្លៃ​មក​ឲ្យ​កម្ពុជា

ព្រឹត្តិការណ៍ថ្មីៗ
0
233
​កាលពីពេល​ថ្មីៗ​នេះ មាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រំភើប​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដោយមាន​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នា​ក់បាន​ស្ម័គ្រចិត្ត​យល់ព្រម​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ៨៥​មុខ​/​បំណែក ជូន​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​វិញ​។​ បើ​យោងតាម ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជូនដំណឹង​ថា នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួង​នឹង​រៀបចំ​ពិធី​ទទួល​អំណោយ​វត្ថ​បុរាណ​ខ្មែរ​ចំនួន​៨៥​មុខ​/​បំណែក ពី​លោកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​វ៉ា Fumiko Takakuwa ជនជាតិ​ជប៉ុន ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ខ័​ន្ធ​ស្វាមី​របស់លោក​ស្រី​។​ ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​បានឱ្យដឹងថា វត្ថុ​បុរាណ​ទាំងនេះ ជា​បដិមា​ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿង​លំអ ត្រា​មាន​លំអរូប​សត្វ​ធ្វើ​ពី​សំរិទ្ធ បំណែក​តុបតែង ខ្សែក​ធ្វើ​ពី​មាស កុលាលភាជន៍ និង​អកកំបោរ​ធ្វើ​ពី​ស្ពាន់ ដែលមាន​អាយុកាល​ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ សម័យមុន​អង្គរ សម័យអង្គរ និង​សម័យ​ក្រោយ​អង្គរ​។ អំណោយ​វត្ថុ​បុរាណ​ទាំង​៨៥​មុខ​នេះ ត្រូវបាន​នាំ យកមក​តាមរយៈ​លោក ម៉ាសា​ម៉ូតូ ហូ​ស៊ី​ណូ និង​ភរិយា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​។​ ​ជាមួយគ្នា​នោះដែរ ក្រសួង​វប្បធម៌​បាន​បញ្ជាក់ថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​សម្ដែង​ការ​កោត​ស​សើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​វ៉ា មានចិត្ត​សប្បុរស​ប្រគល់​វត្ថុ​បុរាណ​ទាំងនេះ ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ថ្លែងអំណរគុណ​ចំពោះ​លោក ម៉ាសា​ម៉ូតូ ហ្វូ​ស៊ី​ណូ និង​ភរិយា ដែល​បា​សម្របសម្រួល និង​ដឹកនាំ​វត្ថុ​បុរាណ​នេះ​មក​៕ ​