តារា​ប្រុស​កូរ៉េ Kang Ji Hwan​ត្រូវបាន​ចាប់ខ្លួន​ពីបទ​បំពាន​ផ្លូវភេទ​លើ​បុគ្គលិក​របស់ខ្លួន​

សិល្បៈកម្សាន្ត
0
489
​លោក Kang Ji Hwan​គឺជា​តារា​សម្តែង​ដ៏​ល្បី​ម្នាក់​របស់​កូរ៉េខាងត្បូង ត្រូវបាន​ចាប់ខ្លួន​ពីបទ​បំពាន​ផ្លូវភេទ​។ ក្រុមនគរបាល បាន​ចាប់ខ្លួន​តារា​សម្តែង​ម្នាក់នេះ នៅឯ​ផ្ទះ​របស់លោក ស្ថិតនៅក្នុង​ទីក្រុង Gwangju កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់​ម៉ោង​ក្នុងស្រុក កាលពី​ថ្ងៃទី​៩ ខែកក្កដា កន្លងទៅ​។​ ​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក Kang Ji Hwan បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ជាមួយ​បុគ្គលិក​ស្រី​២​នាក់ មកពី​ទីភ្នាក់ងារ​របស់លោក ដើម្បី​ផឹកស៊ី​បន្ត​នៅផ្ទះ បន្ទាប់ពី​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​របស់​ក្រុមហ៊ុន​។ ក្រោយមក​នៅ​យប់នោះ លោក​បាន​ចូលទៅក្នុង​បន្ទប់ ជា​កន្លែង​ដែល​ស្ត្រី​ទាំង​២​នាក់​នោះ​កំពុង​ដេក រួចហើយ​បានធ្វើ​សកម្មភាព​បំពាន​ផ្លូវភេទ​មកលើ​ស្ត្រី​១ និង​បានធ្វើ​ទង្វើរ​មិ​សមរម្យ​ផងដែរ​មកលើ​ស្ត្រី​ទី​២​។​ ​នៅ​យប់​នោះដែរ វេលា​ម៉ោង​៩ និង​៤១​នាទី ស្ត្រី​ទី​១ បាន​ផ្ញើ​សារ​ដល់​មិត្ត​ភ័ក្ត្រ​ម្នា​ក់នៅ​ក្រុង​សេ​អ៊ូ​ល និង​បាន​និយាយ​ប្រាប់ថា នាង​បាន​ផឹកស៊ី​នៅផ្ទះ​របស់​តារា​សម្តែង Kang Ji Hwan ហើយ​ឥឡូវ​បាន​ជាប់​ខ្លួន​នៅ​ទីនោះ និង​សុំ​ឲ្យ​មិត្ត​របស់​នាង រាយការណ៍​ប្រាប់​ក្រុមនគរបាល​។ ​ពេលដែល​ក្រុមនគរបាល ធ្វើដំណើរ​មកដល់​ផ្ទះ​លោក Kang Ji Hwan ស្ត្រី​ទី​១ បាន​និយាយថា នាង​កំពុងតែ​ដេក ពេលដែល​លោក Kang Ji Hwan បំពាន​ផ្លូវភេទ​មកលើ​រូបនាង ជាហេតុ​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​តារា​ប្រុស​ម្នាក់នេះ​តែម្តង​។​ ​នៅ​ប៉ុស្តិ៍នគរបាល លោក Kang Ji Hwan បាន​និយាយថា លោក​ចាំ​ថា លោក​បាន​ផឹកស្រា​ច្រើន ប៉ុន្តែ​លោក​មិន​ចាំ​អ្វីៗ​ទៀត​នោះទេ ក្រោយពី​នោះ​។ ពេលដែល​លោក​បើកភ្នែក លោក​ស្ថិតនៅក្នុង​បន្ទប់​ដែល​ស្ត្រី​ទី​១ កំពុងតែ​ដេក​។​ ​ក្រោយពី​ការសាកសួរ​មួយ​ជុំ​រួច លោក Kang Ji Hwan ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​នៅឡើយ ជាហេតុ​ធ្វើ​ឲ្យ​ក្រុមនគរបាល​ពន្យា​ពេល​សួរចម្លើយ ហើយ​ក្រុមនគរបាល នឹង​ចាប់ផ្តើម​សួរចម្លើយ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​។​ ​សូមបញ្ជាក់ថា បច្ចុប្បន្ន លោក Kang Ji Hwan កំពុង​សម្តែង​នៅក្នុង​រឿង “Joseon Survival” របស់​ទូរទស្សន៍ TV Chosun ៕