បញ្ជាការ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​៤​រូប ត្រូវ​ព្រនង់​ទណ្ឌកម្ម​អាមេរិក​រឿង​សម្លាប់​រង្គាល​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​

ព្រឹត្តិការណ៍ថ្មីៗ
0
302
​នៅពេលនេះ សហរដ្ឋអាមេរិក​ទ្រាំ លែង​បាន​ទៀតហើយ និង​ទង្វើរ​ជិះសេះ​លែងដៃ​របស់​ក្រុម​មេដឹកនាំ​យោធា​សហភាព​មី​យ៉ាន់ មកលើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដោយ​ពួកគេ​បានដាក់​ទណ្ឌកម្ម​មក​មេ​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​កំពូលៗ​ចំនួន​៤​រូប​។ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ សហរដ្ឋអាមេរិក បានប្រកាស​ទណ្ឌកម្ម​ម​កលើ​មេបញ្ជាការ​កងទ័ព​សហ​ភាព​មី​យ៉ាន់​ម៉ា លោក​មីន ឱ​ង លាំង និង​មេដឹកនាំ​យោធា​៣​នាក់​ផ្សេងទៀត ដែល​ទទួលខុសត្រូវ​កា​រ​សម្លាប់​ក្រៅ​សំណាញ់​ច្បាប់​មកលើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដោយ​ហាមប្រាម​ពួកគេ​ពី​ការជាន់​ទឹកដី​សហរដ្ឋ​អាមេរិក​។​ ​ទណ្ឌកម្ម​នេះដែរ ដែល​ធ្វើ​មកលើ​មេបញ្ជាការរង​របស់លោក​មីន ឱ​ង លាំង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ សូ វីន និង​មេបញ្ជាការ​ជាន់ខ្ពស់​២​នាក់​ផ្សេងទៀត ទៀត គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ថា​ន់ អូ និង​លោក​ឧ​ត្ត​ម​សេនីយ៍ ឱ​ង ឱ​ង​ហើយ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​នោះ គឺជា​វិធានការ​ខ្លាំងក្លា​បំផុត​ដែល​សហរដ្ឋអាមេរិក​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​ការសម្លាប់​រង្គាល​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅ​សហភាព​មី​យ៉ាន់​ម៉ា​។ ​លោក​ម៉ៃ ផ​ម​ផ្យូ គឺជា​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា យើង​នៅតែមាន​ការព្រួយបារម្ភ​ថា រដ្ឋាភិបាល​សហភាព​មី​យ៉ាន់​ម៉ា នឹង​គ្មាន​វិធានការ​ទទួលខុសត្រូវ​ចំពោះ​ការបំពាន​សិទ្ធិមនុស្ស និង​រំពាន​រាងកាយ​នោះទេ ហើយ​នៅតែមាន​សេចក្តីរាយការណ៍​ថា យោធា​មី​យ៉ាន់​ម៉ា កំពុងតែ​បំពាន​សិទ្ធិមនុស្ស និង​បំពាន​រាងកាយ​ពេញ​ផ្ទៃ​ប្រទេស​។ ​ ​លោក​ផ​ម​ផ្យូ បាន​និយាយ​ពី​ការទម្លាយ​ព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ ដែល​ដំបូង​ឡើយ​ត្រូវបាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ខែឧសភា​ថា លោក​មីន ឱ​ង លាំង បញ្ជា​ឲ្យ​ដោះលែង​ទាហាន​ដែល​ត្រូវបាន​កាត់ទោស​ពី​បិទ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ នៅក្នុង​ភូមិ​អ៊ី​ន ឌី​ន អំឡុង​ការ​បោសសំអាត​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា កាលពី​ឆ្នាំ​២០១៧ ដែល​វា​គឺជា​គំរូ​ដ៏​អាក្រក់​មួយ និង​កង្វះខាត​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ទទួលខុសត្រូវ​របស់​យោធា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ពួកគេ​។​ ​លោក​ផ​ម​ផ្យូ បាន​បន្តទៀតថា អគ្គមេបញ្ជាការ​រូបនេះ បាន​ដោះលែង​ឧក្រិដ្ឋជន​ទាំងអស់នេះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់គុក​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ខណៈដែល​ក្រុមអ្នកកាសែត​ដែល​និយាយប្រាប់​ពិភពលោក​ពី​ការសម្លាប់​នៅក្នុង​ភូមិ​អ៊ី​ន ឌី​ន បែរជា​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​ជាង​៥០០​ថ្ងៃ​ទៅវិញ​។​ ​សូមបញ្ជាក់ថា ការសម្លាប់​រង្គាល​នៅក្នុង​ភូមិ​អ៊ី​ន ឌី​ន ត្រូវបាន​លាតត្រដាង​ការពិត​ដោយ​អ្នកកាសែត​២​រូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ គឺ លោក​វ៉ា ឡូ​ន និង​លោក ច ស៊ូ អ៊ូ ។ អ្នកកាសែត​ទាំង​២​នាក់​នេះ ត្រូវបាន​ដោះលែង​វិញ ដោយ​ការលើកលែងទោស កាលពី​ថ្ងៃទី​៦ ខែឧសភា កន្លងទៅ​៕