មនុស្សម្នា​នាំគ្នា​ស្លន់ស្លោ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​ក្រោម​បាត​ស​មុ​ត្រ​កម្រិត​៦.១​រ៉ិ​ច​ទ័​រ​អង្រួន​ភាគខាងត្បូង​កោះ​បាលី

ព្រឹត្តិការណ៍ថ្មីៗ
0
297
​គ្រោះ​រញ្ជួយ​ដី​ក្រោម​បាតសមុទ្រ​កម្រិត​៦.១​រ៉ិ​ច​ទ័​រ បាន​អង្រួន​តំបន់​ភាគខាងត្បូង​កោះ​បាលី ជាហេតុ​ធ្វើ​ឲ្យ​មនុស្សម្នា​នាំគ្នា​ស្លន់ស្លោ​យ៉ាងខ្លាំង ទាំង​អ្នកស្រុក និង​ភ្ញៀវទេសចរ ប្រញាប់ប្រញាល់​រត់ចេញ​ពី​អគារ​។​ ​ទីភ្នាក់ងារ​តាមដាន​ការរញ្ជួយ​ដី​អឺរ៉ុប ឬ​ហៅ​កាត់​ថា EMSC​បាន​រាយការណ៍​ថា គ្រោះ​រញ្ជួយ​ដី​ក្រោម​បាតសមុទ្រ​ក្នុង​កម្រិត​៦.១​រ៉ិ​ច​ទ័​រ បាន​អង្រួន​តំបន់​ភាគខាងត្បូង​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​អង្គារ​នេះ ។​ ​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​ភ្លាមៗ​នោះទេ ពី​ផល​ខូចខាត ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​របួស បង្កឡើង​ដោយសារតែ​ការរញ្ជួយ​ដី​មួយ​នេះ ហើយក៏​មិនមាន​ការចេញ​សេចក្តី​ប្រកាសអាសន្ន​ពី​រលក​យក្ស​ស៊ូណាមិ​ដោយ​មន្ទីរ​ប្រកាសអាសន្ន​រលក​យក្ស​ស៊ូណាមិ​ប៉ាស៊ីហ្វិក ដែលមាន​មូលដ្ឋាន​នៅ​កោះ​ហា​វ៉ៃ​នោះដែរ​។​ ​ទីភ្នាក់ងារ​ដដែល​បាន​រាយការណ៍​ទៀតថា កំ​ណុំ​នៃ​ការរញ្ជួយ​ដី​នេះ​ស្ថិតនៅ​ចម្ងាយ​១០២​គ​.​ម​ភាគ​និរតី​នៃ​រដ្ឋធានី​ដេ​ន​ប៉ា​សា កោះ​បាលី ហើយ​និង​ស្ថិតនៅក្នុង​ជម្រៅ​ដី​១០០​គ​.​ម​។​ ​ដោយឡែក មន្ទីរ​វាស់​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក បាន​កត់ត្រា​ការរញ្ជួយ​ដី​កម្រិត​ដំបូង​៥.៧​រ៉ិ​ច​ទ័​រ​។​ ​ពលរដ្ឋ​មួយរូប បាន​និយាយថា មនុស្សម្នា​នៅក្នុង​ទីក្រុង​ដេ​ន​ប៉ា​សា បាន​រត់​ចេញពីផ្ទះ​រប​ស់​ពួកគេ ទាំង​សម្លៀកបំពាក់​ដេក​យប់ ក្រោយ​ការរញ្ជួយ​ដី​នេះ​កើតឡើង​។​ ​អ្នកលេង Twitter​ម្នាក់ បាន​និយាយ​ផងដែរ​ថា ការរញ្ជួយ​ដី​លើក​នេះ មាន​កម្លាំង​ល្មម​ធ្វើ​ឲ្យ​លោក​ទប់ខ្លួន​មិនជា​ប់ និង​ប្រឹង​ដើម្បី​រស់រាន​ពី​ការរញ្ជួយ​ដី​នេះ​។​ ​ខណៈនោះ​ដែរ ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បាន​ចែកចាយ​រូបភាព​ជាច្រើន នៃ​ការខូចខាត​នៅឯ​ព្រះវិហារ Lokanatha ស្ថិតនៅក្នុង​ទីក្រុង​ដេ​ន​ប៉ា​សា ឃើញ​ឥដ្ឋ​ស៊ីម៉ង់ត៍ រាយប៉ាយ​នៅលើ​ដី​៕ ​