គ្រាប់បែក​មិនទាន់​ផ្ទុះ​១០​គ្រាប់​អំឡុង​សង្គ្រាមលោកលើកទី​២​កប់​បាត់​ខ្លួន​នៅក្រោម​ទីក្រុង​បុរាណ Pompeii

ព្រឹត្តិការណ៍ថ្មីៗ
0
329
​សក្ខីកម្ម​អ្នកជំនាញ និង​ផែនទី​ទម្លាក់​គ្រាប់បែក​ចាស់ៗ​សល់​ពី​សង្គ្រាមលោកលើកទី​២ បាន​បញ្ជាក់ថា នៅមាន​គ្រាប់បែក​មិនទាន់​ផ្ទុះ​ច្រើន​ទៀត នៅក្នុង​ដី​ក្រោម​ទីក្រុង​បុរាណ Pompeii របស់​ប្រទេស​អ៊ីតាលី​។​ ​សង្គ្រាមលោកលើកទី​២ បាន​បញ្ចប់ទៅ​កាលពី​រយៈពេល​ជិត​៧៥​ឆ្នាំមុន ប៉ុន្តែ​ពិភពលោក​នៅតែមាន​កាក​សំណល់​ពី​ការ​បង្ហូរឈាម​គ្នា​នេះ​។ នៅ​អឺរ៉ុប គ្រាប់បែក​មិនទាន់​ផ្ទុះ​ជាច្រើន នៅ​គ្របដណ្តប់​លើ​កោះ​របស់​ពួកគេ គ្រាប់បែក​ខ្លះ​ស្ថិតនៅក្រោម​ដី​ក្នុង​ទីវាល ក្នុង​ទីក្រុង និង​នៅតាម​សំណង់​អគារ​បុរាណ​។​ ​នៅក្នុង​របកគំហើញ​ចុងក្រោយ​គេ​នៃ​គ្រាប់បែក​មិនទាន់​ផ្ទុះ​នៅ​អឺរ៉ុប បាន​រកឃើញថា​មាន​គ្រាប់បែក​មិនទាន់​ផ្ទុះ​ចំនួន​១០​គ្រាប់​ស្ថិតនៅក្រោម​សំណង់​អគារ​ទីក្រុង​បុរាណ Pompeii​។​ ​កាសែត​អ៊ីតាលី Il Fatto Quotidiano​ធ្លាប់បាន​រាយការណ៍​រួចមកហើយ​ថា កងកម្លាំង​សម្ព័ន្ធមិត្ត បាន​ទម្លាក់​គ្រាប់បែក​១៦៥​គ្រាប់​មកលើ​ទីក្រុង​បុរាណ Pompeii អំឡុង​ការ​វាយឆ្មក់​តាម​អាកាស​៩​លើក​ផ្សេងៗ​គ្នា ក្នុង​សង្គ្រាមលោកលើកទី​២ ដែល​ការទម្លាក់​គ្រាប់បែក​ទាំងអស់នោះ បាន​ធ្វើឡើង​នៅក្នុង​ខែសីហា ឆ្នាំ​១៩៤៣​។​ ​ចាប់តាំងពី​ពេលនោះ​មក គ្រាប់បែក​៩៦​គ្រាប់ ត្រូវបាន​រកឃើញ និង​បាន​កម្ទេចចោល ខណៈដែល​គ្រាប់បែក​ផ្សេងទៀត កប់​បាត់​ក្រោម​ទីតាំង​តំបន់​បុរាណវិទ្យា ដែល​មិនទាន់​ត្រូវបាន​គេ​ធ្វើ​កំណាយ​ប្រវត្តិសាស្ត្រ​។​ ​ទីក្រុង​បុរាណ Pompeii គ្របដណ្តប់​លើ​ផ្ទៃដី​ជិត​៦៩​ហិច​តា ហើយ​២​ភាគ​៣​នៃ​តំបន់​នោះ ត្រូវបានធ្វើ​កំណាយ​ប្រវត្តិសាស្ត្រ​រួចហើយ​។ គ្រាប់បែក​ដែល​បាន​ផ្ទុះ​មួយចំនួន​នៅ​កន្លែង​ដែល​មិនទាន់​ធ្វើ​កំណាយ ត្រូវបាន​បំផ្ទុះ​រួច​អស់​ដែរ ឬក៏​ត្រូវបាន​ដោះចេញ ប៉ុន្តែ​សម្រាប់​គ្រាប់បែក​១០​គ្រាប់​មិនទាន់​ផ្ទុះ​ផ្សេងទៀត ក្រុម​បុរាណ​វិទូ​នៅពេលនេះ ចាប់ផ្តើម​ទាល់គំនិត​ហើយ ដោយ​ពួកគេ​មិនដឹងថា​វា​នៅ​ទីកន្លែង​ណា​ឲ្យ​ពិតប្រាកដ​នោះទេ​៕​