សត្វ​តោ និង​ខ្លា​ត្រូវបាន​គេ​បង្កាត់​ពូជ​នៅក្នុង​កសិដ្ឋាន​ដើម្បី​ធ្វើជា​ថ្នាំបុរាណ​ចិន​

ព្រឹត្តិការណ៍ថ្មីៗ
0
405
​នៅ​អាហ្វ្រិក​ខាងត្បូង មាននូវ​ទីតាំង​២៤៤​កន្លែង​ដែល​រក្សា​បង្ខាំង​ទុក​សត្វ​តោ​ចន្លោះ​ពី​៦​ពាន់​ទៅ​៨​ពាន់​ក្បាល និង​សត្វ​ខ្លា​២៨០​ក្បាល ហើយ​និង​ការដឹកជញ្ជូន​ឆ្អឹង​៧០​តោន​ចេញទៅ​កាន់​ចិន ក្នុង​ចន្លោះ​ឆ្នាំ​២០០៧ និង​២០១៦​។​ ​ការស៊ើបអង្កេត​ជាច្រើន​បាន​មើលឃើញ​ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​តោ និង​ខ្លា ជា​កន្លែង​ដែល​ពួកគេ​ដាក់​សត្វ​ទាំងអស់នេះ​នៅក្នុង​ទ្រុង ហើយ​និង​បង្កាត់​ពូជ​ដើម្បី​សម្លាប់​វា​យកមក​ធ្វើ​ថ្នាំបុរាណ​ចិន​។​ ​យោងតាម​របាយការណ៍​មួយ​ចេញ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ការពារ​សត្វ​ពិភពលោក បាន​ឲ្យ​ដឹងថា តម្រូវការ​ថ្នាំបុរាណ​បែប​ប្រពៃណី​ប្រើប្រាស់​រាងកាយ​សត្វ​ទាំងអស់នេះ នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បានធ្វើ​ឲ្យ​កសិដ្ឋាន​ទាំងអស់ កាន់​តែមាន​ចំនួន​ច្រើនឡើង ដែល​ភាគច្រើន​ត្រូវបាន​គេ​រកឃើញ​មាននៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ចិន​។​ ​របាយការណ៍​មួយ​នេះ ដែល​នឹងត្រូវ​បង្ហាញ​នៅក្នុង​សន្និបាត​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ពពួក​សត្វព្រៃ​រងគ្រោះថ្នាក់​(CITES)​នា​ខែសីហា​ខាងមុខនេះ បាន​ផ្តល់នូវ​រូបភាព​ជាច្រើន​ពាក់ព័ន្ធ​នឹង​ទង្វើរ​ដ៏​អាក្រក់​បំផុត មកលើ​សត្វ​តោ និង​ខ្លា នៅក្នុង​កសិដ្ឋាន​បង្កាត់​ពូជ​។​ ​របាយការណ៍​បានសរសេរថា ទីតាំង​បង្កាត់​ពូជ​នៅក្នុង​ប្រទេស​ចិន ប្រៀបបាន​នឹង​រោងចក្រ​កសិដ្ឋាន​ទៅហើយ ជា​កន្លែង​ដែល​សត្វ​ខ្លា ត្រូវបាន​គេ​ញាត់​ចូលទៅក្នុង​ទ្រុង​បេតុង​ដ៏​តូចចង្អៀត​។ នៅក្នុង​កសិដ្ឋាន​ខ្លះ ក្រុម​អ្នក​បង្កាត់​ពូជ បានដាក់​តោ​ចូលទៅក្នុង​ទ្រុង​របស់​វា ហើយ​និង​ផ្តល់​ចំណី​តិចតួច ដើម្បី​បង្គ្រប់កិច្ច​ឲ្យ​តែ​ពួកវា​អាច​រស់រាន​បាន​។​ ​ស្ថានភាព​ដ៏​គួរ​រន្ធត់​ទាំងនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខមាលភាព​របស់​សត្វ​តោ និង​សត្វ​ខ្លា​ទាំងអស់នេះ ហើយ​របាយការណ៍​បាន​រកឃើញ​ភស្តុតាង​បញ្ជាក់​ពី​ទង្វើរ​យ៉ាង​ឃោ​ឃៅ​មកលើ​ពួកវា​។​ ​ក្រុម​អ្នកស៊ើប​អង្កេត​មកពី​អង្គការក្រៅរដ្ឋាភិបាល បាន​រកឃើញថា ភាគច្រើន​នៃ​សត្វ​ទាំងនេះ​ដែល​ត្រូវបាន​គេ​រក្សាទុក​នៅក្នុង​កសិដ្ឋាន គឺ​ពួកវា​រស់នៅ​មិនមែន​តាមបែប​ធម្មជាតិ​នោះទេ ហើយ​ពេលខ្លះ​ពួកវា​ខាំ​ជើង ឬ​កន្ទុយ​ខ្លួនឯង ដោយសារតែ​ការស្រេកឃ្លាន​ថែម​ទៀតផង​។​ ​អ្វីដែល​អង្គការ​មួយ​នេះ រកឃើញ​គឺ​អ្នកប្រើប្រាស់​ថ្នាំបុរាណ​ចិន នៅតែមាន​ជំនឿ​លើ​អត្ថប្រយោជន៍​នៃ​ការព្យាបាល​ដោយ​ប្រើប្រាស់​បំណែក​រាងកាយ​របស់​ស​ត្វ​តោ និង​សត្វ​ខ្លា ពិសេស​គឺ​ឆ្អឹង​របស់​ពួកវា​តែម្តង បើទោះបីជា​គ្មាន​ការបញ្ជាក់​ភស្តុតាង​ពី​វិទ្យាសាស្ត្រ​ក៏ដោយ​។ តម្រូវការ​ទាមទារ​ស​ម្រា​ប់​ថ្នាំបុរាណ​ទាំងអស់នេះ​នៅតែ​ខ្ពស់​ដដែល​៕